រមៀតក៏ដូចជាម្សៅរមៀត ត្រូវបានគេស្គាល់ថា ជាឱសថធម្មជាតិដែលផ្តល់ប្រយោជន៍ជាច្រើនសម្រាប់សុខភាពនិងសម្រស់ស្រ្តី។ វាជួយបានទាំងសម្រាប់អ្នកចង់ស្រកទម្ងន់ និងអ្នកចង់បានស្បែកស្អាតបែបធម្មជាតិ។
តែយ៉ាងណាសម្រាប់មនុស្សទាំង ៥ ប្រភេទខាងក្រោម Knongsrok មិនណែនាំឲ្យទទួលទានរមៀតនោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ទៅវិញមកកាន់រាងកាយ៖
៥) ស្ត្រីមានផ្ទៃពោះត្រូវបំបៅដោះកូន
រមៀតត្រូវបានគេចាត់ទុកជាថ្នាំបង្កើនភាពសុាំដ៏អស្ចារ្យ តែយ៉ាងណា វាមិនជាសុវត្ថិភាពនោះទេសម្រាប់ស្រ្តីដែលត្រូវបំបៅដោះកូន ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ស្បូន និងរំញោចឲ្យមានបម្រែបម្រួលអ័រម៉ុន។
៤) មនុស្សដែលមានភាពស្លេកស្លាំង
ភាពស្លេកស្លាំង បណ្តាលមកពីកង្វះជាតិដែក ដែលកើតឡើងនៅពេលរាងកាយមិនអាចបង្កើតកោសិកាឈាមក្រហមគ្រប់គ្រាន់ ឬរាងកាយបាត់បង់កោសិកាឈាមក្រហមច្រើនពេក។ ដូច្នេះការទទួលទានរមៀត វាធ្វើឲ្យមានកំហាប់ខ្ពស់ ដែលរារាំងការស្រូបយកជាតិដែក នាំឲ្យស្ថានភាពស្លេកស្លាំងនេះកាន់តែធ្ងន់ធ្ងរលើសដើម។
៣) អ្នកជំងឺទឹកនោមផ្អែម
អ្នកមានជំងឺទឹកនោមផ្អែម គួរតែយកចិត្តទុកដាក់ឲ្យមែនទែន ពាក់ព័ន្ធនឹងរបបអាហាររបស់ពួកគេ។ ពួកគេត្រូវមានការគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អ កុំឲ្យខ្ពស់ឬទាបពេក។ ដោយសារតែសារធាតុ Curcumin នៅក្នុងរមៀត ត្រូវបានគេដឹងថាអាចបន្ថយកម្រិតជាតិស្ករក្នុងឈាមឲ្យទាប ដូច្នេះអ្នកកើតជំងឺទឹកនោមផ្អែម មិនគួរទទួលទានវាឡើយ។
២) អ្នកជំងឺរលាកក្រពះ
ថ្វីដ្បិតតែរមៀតមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាក្រពះ ប៉ុន្តែសម្រាប់អ្នកមានជំងឺរលាកក្រពះ ដែលឆ្លងកាត់ការប្រើប្រាស់ថ្នាំជាប្រចាំ នៅពេលប្រតិកម្មជាមួយសារធាតុក្នុងរមៀត វានឹងបង្កើនជាតិអាស៊ីដខ្ពស់ នាំឲ្យចាល់ក្នុងក្រពះ ក្លាយជាផលប៉ះពាល់មិនល្អដល់រាងកាយ។
១) អ្នកកើតគ្រួសក្នុងតម្រងនោម
គ្រួសក្នុងតម្រងនោមវាកើតឡើងដោយសាររ៉ែ និងអំបិលលើសក្នុងរាងកាយ។ រមៀតក៏មានសារធាតុម្យ៉ាងហៅថា Oxalates ដែលវាភ្ជាប់ជាមួយកាល់ស្យូម ហើយបង្កឲ្យកើតមានគ្រួសក្នុងតម្រងនោម។ ដូច្នេះអ្នកកំពុងមានគ្រួសក្នុងតម្រងនោមស្រាប់ផង យកល្អត្រូវជៀសវាងមិនគួរទទួលទានវាទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក