ការលក់តាមអនឡាញនិងពាណិជ្ជកម្មអេឡិចត្រូនិចក្នុងប្រទេសកម្ពុជាទំនងជាខ្លាំងថានឹងកើនឡើងដោយសារការរាតត្បាតជំងឺកូវីដ-១៩ និងកំណើនជាលំដាប់នៃបណ្តាញទំនាក់ទំនងសង្គម។
យោងតាមក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងលក់ការផ្សាយពាណិជ្ជកម្មរបស់ Facebook ក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ការរាតត្បាតជំងឺកូវីដ-១៩ បានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងងាកមករកវិស័យអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ហើយបើយោងតាមលោក ហែម សុបញ្ញា ដែលជាប្រធានគ្រប់គ្រងដៃគូអតិថិជនមកពីក្រុមហ៊ុន Httpool ការកើនឡើងនេះគឺជានិន្នាការមួយដែលនៅតែបន្តកើតមាន។
ដោយបច្ចុប្បន្នមនុស្សកាន់តែច្រើនប្រើប្រាស់សេវាឌីជីថល ដូចជាការទិញទំនិញតាមអនឡាញ ការទូទាត់ឌីជីថល និងការដឹកជញ្ជូនទំនិញដល់គេហដ្ឋាន អាជីវកម្មអនឡាញកាន់តែបង្កឱ្យមានភាពងាយស្រួលថែមទៀតសម្រាប់អតិថិជន។
របាយការណ៍ Datareportal បានបង្ហាញថា មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ៨,៨៦លាននាក់នៅកម្ពុជា និងមានគណនីបណ្តាញទំនាក់ទំនងសង្គមចំនួន ១២លានគណនី (អ្នកប្រើប្រាស់មួយចំនួនមានគណនីលើសពីមួយ)។ យោងតាមរបាយការណ៍នេះ ក្រុមហ៊ុន Httpool បានឱ្យដឹងថា អ្នកប្រើប្រាស់ជាច្រើនគឺជាអតិថិជនដ៏មានសក្ដានុពលសម្រាប់អាជីវកម្មអាឡិចត្រូនិច។ លើសពីនេះទៀត អ្នកប្រើប្រាស់ជាច្រើនក៏អាចក្លាយជាអតិថិជនដ៏មានសក្ដានុពលផងដែរសម្រាប់ឧបករណ៍ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពរបស់ក្រុមហ៊ុន Facebook ដែលអាចឱ្យក្រុមហ៊ុនអាជីវកម្មកម្ពុជាធ្វើអាជីវកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
ទោះជាយ៉ាងណា នៅពេលប្រើប្រាស់ Facebook ដើម្បីពង្រីកអាជីវកម្មរបស់អ្នក ក្រុមហ៊ុន Httpool ផ្តល់ដំបូន្មានថា មានកត្តាគន្លឹះមួយចំនួនដែលគួរពិចារណា មុនពេលចូលរួមក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មឌីជីថល។ ខាងក្រោមនេះគឺជាចំណុចគន្លឹះមួយចំនួនដែលក្រុមហ៊ុន Httpool ផ្តល់ដំបូន្មានឱ្យអ្នកប្រើប្រាស់ Facebook ពិចារណាមុនពេលចាប់ផ្តើមលក់ទំនិញតាមអនឡាញ ឬយុទ្ធនាការឌីជីថល។
ចាប់ផ្តើមជាមួយនឹងការផ្សាយពាណិជ្ជកម្មឌីជីថល៖ ក្រុមហ៊ុន Facebook ផ្តល់ឧបករណ៍ផ្សាយពាណិជ្ជកម្មដ៏សម្បូរបែប ដើម្បីបំពេញតាមតម្រូវការរបស់អ្នកផ្សាយពាណិជ្ជកម្មទាំងអស់។ សម្រាប់ម៉ាកយីហោថ្មីចំពោះការផ្សាយពាណិជ្ជកម្មឌីជីថល ក្រុមហ៊ុន Facebook ផ្តល់ឧបករណ៍តូចៗដែលអាចឱ្យពួកគេបង្កើត គ្រប់គ្រង និងតាមដានភាពជោគជ័យនៃការផ្សាយពាណិជ្ជកម្មរបស់ពួកគេដោយផ្ទាល់ពីទំព័រហ្វេសប៊ុក (Facebook Page)។ កម្មវិធី Ads Manager នឹងអាចឱ្យអ្នកផ្សាយពាណិជ្ជកម្មបង្កើត គ្រប់គ្រង និងចូលទៅកាន់កម្មវិធីផ្សាយពាណិជ្ជកម្មស៊ីជម្រៅបានសម្រាប់ម៉ាកយីហោណាដែលស្វែងរកជម្រើសផ្សាយពាណិជ្ជកម្មថែមទៀត។
បង្កើនវត្តមានអាជីវកម្មអនឡាញ និងពង្រីកវិសាលភាព៖ យោងតាម Datareportal ចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមក្នុងប្រទេសកម្ពុជាកំពុងកើនឡើង ដោយតួលេខចុងក្រោយបំផុតបង្ហាញថា ៧៣% នៃប្រជាជនសរុបប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។ យោងតាមក្រុមហ៊ុន Httpool នេះគឺជាកត្តាគន្លឹះមួយនៅក្នុងការទទួលយកពាណិជ្ជកម្មឌីជីថលដ៏ទូលំទូលាយ។ ដូច្នេះ វត្តមានអនឡាញដែលកំពុងកើនឡើងមានសារៈសំខាន់ដើម្បីធានាបាននូវនិរន្តរភាពអាជីវកម្ម។ ការផ្សាយពាណិជ្ជកម្មតាម Facebook អាចជាជំហានបន្ទាប់មួយ ដើម្បីផ្សព្វផ្សាយទៅដល់ក្រុមអាជីវកម្មគោលដៅកាន់តែច្រើនឡើង។ ហើយដើម្បីធ្វើដូច្នេះបាន ក្រុមហ៊ុនអាជីវកម្មចាំបាច់ត្រូវបង្កើត Facebook Page មួយសម្រាប់អាជីវកម្មរបស់ពួកគេ។ Facebook Page អាចបន្ថែមភាពទុកចិត្តបានទៅដល់ការផ្សាយពាណិជ្ជកម្ម និងផ្តល់ជាទីតាំងមួយសម្រាប់មនុស្សស្វែងយល់បន្ថែមទៀតអំពីអាជីវកម្ម។
បន្ស៊ីការផ្សាយពាណិជ្ជកម្មជាមួយគោលដៅអាជីវកម្ម៖ មុនពេលអនុវត្តយុទ្ធនាការផ្សាយពាណិជ្ជកម្មដំបូងឡើយ ក្រុមហ៊ុនអាជីវកម្មគួរបន្ស៊ីគោលបំណងនៃការផ្សាយពាណិជ្ជកម្មជាមួយនឹងគោលដៅអាជីវកម្មដែលពួកគេចង់សម្រេចបាន។ ដូច្នេះ ប្រសិនបើអ្នកជំនួញចង់ជំរុញឱ្យមានអ្នកចូលមើលការបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ពួកគេគួរពិចារណាលើការជំរុញ (Boosting) ការបង្ហោះរបស់ពួកគេ ឬប្រសិនបើពួកគេចង់ឱ្យអតិថិជនកាន់តែច្រើនចូលមើលគេហទំព័ររបស់ខ្លួន ពួកគេអាចសាកល្បងការផ្សាយពាណិជ្ជកម្មគេហទំព័រតាមរយៈបណ្តាញទំនាក់ទំនងសង្គម។ ការបន្ស៊ីការផ្សាយពាណិជ្ជកម្មរបស់ពួកគេបានត្រឹមត្រូវជាមួយនឹងគោលដៅអាជីវកម្ម អាចជួយឱ្យពួកគេបាននៅក្នុងការសម្រេចបានផលចំណេញពីការវិនិយោគកាន់តែច្រើន។
ស្វែងរកអតិថិជនថ្មី៖ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ វិស័យពាណិជ្ជកម្មអេឡិចត្រូនិចកម្ពុជាបានមើលឃើញកំណើនយ៉ាងខ្លាំង។ ដោយពិចារណាទៅលើការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមក្នុងប្រទេស មានអតិថិជនថ្មីដ៏មានសក្ដានុពលយ៉ាងច្រើនសម្រាប់រាល់អាជីវកម្មទាំងអស់។ ដើម្បីចាប់យកអតិថិជនថ្មី ក្រុមហ៊ុនអាជីវកម្មអាចប្រើប្រាស់ឧបករណ៍នានាដូចជា Lookalike Audiences ជាដើម។ Lookalike Audiences អាចត្រូវបានបង្កើតឡើងដោយផ្អែកលើអ្នកគាំទ្រ ឬ Facebook Page ឬពី Custom Audience ដែលត្រូវបានបង្កើតឡើងតាមរយៈការទាញចូល (Upload) បញ្ជីអតិថិជន។ Lookalike Audience ដំណើរការតាមរយៈការកំណត់គុណភាពមនុស្សប្រហាក់ប្រហែលគ្នាក្នុងអតិថិជនគោលដៅ (ឧ. អ្នកដែលចុចចូលចិត្ត (Like) Facebook Page) ហើយក្រោយមកស្វែងរកអ្នកដែលប្រហាក់ប្រហែលនឹង (ឬ “ដូច”) ពួកគេ។ អ្នកជំនួញម្នាក់អាចកំណត់ទិសដៅការផ្សាយពាណិជ្ជកម្មឆ្ពោះទៅ Lookalike Audiences ទាំងនេះបាន ដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់ពួកគេ ស្វែងរកអតិថិជនថ្មី និងធ្វើឱ្យអាជីវកម្មរីកលូតលាស់។
ស្វែងយល់បន្ថែមទៀតពីអតិថិជន៖ ការស្វែងយល់ពីអតិថិជន និងតម្រូវការរបស់ពួកគេជានិច្ចកាលអាចជួយដល់អាជីវកម្មឱ្យរីកលូតលាស់បន្ថែមទៀតបាន។ នៅពេលក្រុមហ៊ុនអាជីវកម្មផ្សាយពាណិជ្ជកម្មនៅលើ Facebook ក្រុមហ៊ុនអាជីវកម្មនោះអាចចូលទៅមើលការផ្សាយពាណិជ្ជកម្មរបស់ពួកគេបានតាមរយៈ ad centre tab ឬ Ads manager របស់ទំព័រហ្វេសប៊ុករបស់ពួកគេ។ ម្ចាស់អាជីវកម្មនឹងអាចមើលឃើញការធ្វើបច្ចុប្បន្នថា តើការផ្សាយពាណិជ្ជកម្មនោះដំណើរការយ៉ាងដូម្តេច។ ឧទាហរណ៍ ម្ចាស់អាជីវកម្ម អាចមើលឃើញថា តើអ្នកមើលឆ្លើយតបយ៉ាងដូចម្តេចទៅកាន់ការផ្សាយពាណិជ្ជកម្មនោះ ទីកន្លែងរបស់អ្នកមើល ប្រជាសាស្រ្តអាយុរបស់ពួកគេ និងផ្សេងៗទៀត។ ម្ចាស់អាជីវកម្មក៏នឹងមើលឃើញទិន្នន័យពាក់ព័ន្ធនឹងគោលដៅនៃកាផ្យាយពាណិជ្ជកម្មរបស់ពួកគេផងដែរ។ ឧទាហរណ៍ ប្រសិនបើពួកគេជំរុញ (Boost) ការបង្ហោះរបស់ពួកគេ ពួកគេអាចតាមដានចំនួនអ្នកចូលមើលការបង្ហោះរបស់ពួកគេ ដែលអ្នកទាំងនោះបានមើលការផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ នៅពេលដែលពួកគេចាប់ផ្តើមតាមដានការផ្សាយពាណិជ្ជកម្មរបស់ខ្លួន ពួកគេអាចទាញយកអត្ថប្រយោជន៍ពីទិន្នន័យទាំងនោះដើម្បីធ្វើសេចក្តីសម្រេចចិត្តអាជីវកម្មប្រកបដោយការយល់ដឹងច្បាស់លាស់ ដូចជាប្រភេទមនុស្សដែលពួកគេចង់ផ្តោតទិសដៅលើ និងរបៀបផ្តោតទិសដៅជាដើម។
យោងតាមក្រុមហ៊ុន Httpool បច្ចេកវិទ្យាថ្មីៗ ឥរិយាបថថ្មីៗក្នុងការទិញទំនិញ និងអតិថិជនថ្មីកំពុងចូលក្នុងទីផ្សាររៀងរាល់ថ្ងៃ។ ការផ្លាស់ប្តូរនេះកំពុងបើកចំហរឱ្យមានឱកាសធំៗសម្រាប់អាជីវកម្មទំនិញប្រើប្រាស់ដែលអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅកាន់វិធីធ្វើទីផ្សារថ្មីៗ៕