មនុស្សស្រីភាគច្រើន ចូលចិត្តងរងក់ រករឿង ជួនកាលគ្មានមូលហេតុច្បាស់លាស់ទេ សូម្បីតែរឿងតូចតាច បន្តិចបន្តួច ក៏អាចឱ្យនាងអន់ចិត្ត គិតច្រើនបានដែរ ប៉ុន្តែមិនដែលនិយាយប្រាប់ដៃគូឱ្យបានច្បាស់នោះឡើយ បែរជាសុខចិត្តឱ្យដៃគូគិត រកមូលហេតុថានាងខឹងរឿងអី? អន់ចិត្តរឿងអី? ឬគិតថា ដៃគូ ឬគូស្នេហ៍របស់អ្នកជាគ្រូទាយមែនទេ?
មនុស្សស្រី ចូលចិត្តអន់ចិត្ត គិតច្រើន ព្រោះតែស្រឡាញ់គេខ្លាំង ខ្លាចបាត់បង់ ក៏បែរជាធ្វើខ្លួនគួរឱ្យធុញទ្រាន់ ចូលចិត្តរករឿងឈ្លោះ ដើម្បីសាកចិត្តដៃគូ ថាគេទ្រាំនឹងខ្លួនបានអត់? ចង់ដឹងថា គេតាមលួងលោម តាមទ្រខ្លួនឯងឬក៏អត់? ប៉ុន្តែអ្នកត្រូវដឹងថា ទម្លាប់អស់ទាំងនេះ គឺអាចនឹងធ្វើឱ្យគូស្នេហ៍របស់អ្នកកាន់តែមានអារម្មណ៍ធុញទ្រាន់ ហត់នឿយទៅវិញទេ?
លើសពីនេះ ចរិតបែបហ្នឹង មុននឹងអ្នកចង់បញ្ចេញទៅកាន់ដៃគូ អ្នកក៏គួរតែឈ្វេងយល់ពីចរិតរបស់គូស្នេហ៍ផង ថាគេចូលចិត្តបែបហ្នឹងឬក៏អត់? ថាគេមានអាកប្បកិរយា អត្តចរិតបែបណាខ្លះ? មនុស្សប្រុសខ្លះ គេមិនចូលចិត្តសុំាញុំាច្រើនទេ ក៏មិនចូលចិត្តពេលដែលអ្នករករឿង ងរងក់ ធ្វើដូចកូនក្មេងនោះដែរ។
មនុស្សស្រីភាគច្រើន ចូលចិត្តគិតផ្ដេសផ្ដាសណាស់ ដូលចិត្តរករឿងឈ្លោះ ងរងក់ដាក់គូស្នេហ៍ ដើម្បីឱ្យគេតាមទ្រ តាមលួងខ្លួនឯង តែដល់ពេលគេមិនខ្វល់ គេធុញទ្រាន់ គេហត់នឿយ ក៏តាំងនិយាយថា គេនេះមិនស្រឡាញ់ខ្លួនឯង គេមិនខ្វល់ពីខ្លួនឯង គេមិនយកចិត្តទុកដាក់ ឬមិនយល់ចិត្តខ្លួនឯង។
មនុស្សស្រីចូលចិត្តយកលេស និងយកពាក្យមួយឃ្លាថា "មនុស្សបើគេស្រឡាញ់យើងមែន គេប្រាកដជាទ្រាំនឹងខ្លួនបានគ្រប់រឿង អាចតាមទ្រខ្លួនបានគ្រប់ពេល" ដូច្នេះ ដល់ពេលដែលគូស្នេហ៍មិនអាចធ្វើបាន ក៏គិតថា គេមិនស្រឡាញ់ខ្លួនឯង ស្រឡាញ់មិនខ្លាំង ចុះអ្នកមានគិតខ្លះទេថា មានមនុស្សណាខ្លះ ដែលអាចទ្រាំនឹងចរិតសុំាញុំា រករឿងដដែល ញ៉ិញក់ខុសរឿងបែបហ្នឹង?
មនុស្សស្រីអ្នកត្រូវដឹងថា មិនមែនគ្រប់មនុស្សប្រុស សុទ្ធតែចូលចិត្តចរិតងក់ងរ រករឿង ឈ្លោះគ្នានោះទេ។ កុំគិតថា មនុស្សស្រី បញ្ចេញចរិត ងរងក់ រករឿងគួរឱ្យស្រឡាញ់ឱ្យសោះ ហើយកុំឃើញសង្សារអ្នកដទៃតាមលួង តាមទ្រ ក៏ធ្វើតាមគេនោះឡើយ ពេលខ្លះ ខ្លួនយើងផ្ទាល់ គឺមិនសក្តិសមនឹងអាចរិតអស់ទាំងហ្នឹងទេ ទាំងបុគ្គលិកលក្ខណៈ រួមទាំងរូបសម្រស់ផងដែរ។
មនុស្សស្រី កុំគិតថា នៅក្នុងផ្ទះ អ្នកទទួលបានការថ្នាក់ថ្នម យកចិត្តទុកដាក់ បម្រើព្រឹកល្ងាចពីអ្នកផ្ទះ មានឪពុកម្ដាយទុកអ្នកដូចជាព្រះនាង ហើយក៏បញ្ចេញចរិតបែបហ្នឹងនៅខាងក្រៅ ជាពិសេសជាមួយគូស្នេហ៍ អ្នកច្បាស់ជាខកខ្លួនហើយ... មនុស្សប្រុស ទោះបីជាគេស្រឡាញ់អ្នកយ៉ាងណា ក៏មិនប្រាកដថា អាចទ្រាំទ្រជាមួយនឹងចរិតងក់ងរ រករឿង ចរិតព្រះនាងរបស់អ្នកបានរហូតនោះដែរ។
ស្នេហា កុំធ្វើឱ្យដៃគូមានអារម្មណ៍ថាហត់នឿយជាមួយនឹងរឿងតូចតាចរបស់អ្នក គាត់ហត់នឹងការងារហើយ កុំឱ្យហត់ជាមួយនឹងចរិតរបស់អ្នកទៀត។ អ្នកត្រូវដឹង ហើយក៏ត្រូវតែចៀសវាងផងដែរ បើដឹងថា អាចរិតងក់ងរ រករឿងច្រើន ធ្វើឱ្យមានបញ្ហាក្នងទំនាក់ទំនង វាក៏ល្មមនឹងកែប្រែហើយ គ្មានអ្នកណាអាចទ្រាំនឹងចរិតយើងបានរហូតទេ ត្រូវដឹងផង។
មនុស្សម្នាក់ៗ បើដល់ពេលគេនិយាយថា ហត់នឿយហើយនោះ អ្នកក៏គួរតែយល់ ហើយក្រឡេកមកសួរខ្លួនឯងវិញថា អ្នកបានធ្វើអ្វីខ្លះ អ្នកបញ្ចេញចរិត ការនិយាយស្ដីអ្វីខ្លះទៅកាន់ដៃគូ មិនមែនទៅខឹង ស្អប់ រករឿង អន់ចិត្តជាមួយនឹងគេនោះទេ មនុស្សដើរដល់ចំណុចនេះ គឺមិនមែនគេទេ តែមកពីយើង បានធ្វើអ្វីខ្លះ ចំពោះគេ?
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក