ចំពោះស្ត្រី តើអ្នកគិតថា អ្វីដែលសំខាន់បំផុតក្នុងជីវិតអ្នក? តើអ្នកធ្លាប់សួរខ្លួនឯងនូវសំណួរនេះទេ? មែនហើយ ក៏មានមនុស្សស្រីមួយចំនួន គាត់ហាក់ភ្លេចគិតពីខ្លួនឯង នៅពេលដែលគាត់មានស្នេហា ឬមានទំនាក់ទំនងជាមួយនឹងមនុស្សប្រុសណាម្នាក់ រហូតដល់ពេលមានបញ្ហា ឬជួបការបែកបាក់ គាត់បែរជាធ្វើបាបខ្លួនឯង ព្រោះតែទុកមនុស្សបុរសម្នាក់នោះសំខាន់ជាងអ្វីៗគ្រប់យ៉ាង សូម្បីតែជីវិតរបស់ខ្លួនឯង គាត់បានចាត់ទុកមនុស្សប្រុសម្នាក់នោះ ជាគ្រប់យ៉ាងនៅក្នុងជីវិតគាត់បាត់ទៅហើយ ហេតុនេះហើយ ដែលធ្វើឱ្យគាត់សុខចិត្តធ្វើបាបខ្លួនឯងព្រោះតែមនុស្សប្រុសម្នាក់។
យ៉ាងណាមិញ មនុស្សស្រីទាំងឡាយ ត្រូវចងចាំមេរៀនមួយនេះឱ្យច្បាស់ ថារឿងដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក គឺមិនមែនជាមនុស្សប្រុសនោះឡើយ ហើយក៏ត្រូវតែដឹងផងថា មនុស្សប្រុស បើទោះបីជាគេស្រឡាញ់អ្នកខ្លាំងប៉ុនណាក៏ដោយ ក៏គេគង់តែអាចក្បត់ និងធ្វើបាបអ្នកបានដដែលនៅថ្ងៃណាមួយ សូមកុំទុកចិត្ត និងឱ្យតម្លៃគេខ្លាំងពេក ស្រឡាញ់បាន តែហាមងប់ងល់ជ្រុលរហូតដល់លែងស្រឡាញ់ លែងឃើញតម្លៃខ្លួនឯង។
មនុស្សស្រីអ្នកត្រូវដឹង និងចងចាំឱ្យច្បាស់ នៅក្នុងជីវិតអ្នក គឺមានរឿង៣ ដែលសំខាន់បំផុត ដែលអ្នកត្រូវតែយល់ ថែរក្សាឱ្យបានល្អ រឿងទាំង៣នេះ ត្រូវតែនាំមុខជានិច្ចនៅក្នុងជីវិតអ្នក មិនមែនស្នេហា ឬមនុស្សប្រុសនោះឡើយ។
១. អ្នកខ្លួនឯង
ជីវិតមួយនេះខ្លីណាស់ ដូច្នេះហើយ អ្នកត្រូវចេះស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯងឱ្យបានល្អ កុំបណ្ដែតបណ្ដោយ ធ្វើឱ្យខ្លួនឯងរងទុក្ខវេទនា ដោយសារតែស្នេហា ឬដោយសារតែមនុស្សប្រុសឱ្យសោះ។
អ្នកត្រូវតែចេះស្រឡាញ់ ចេះមើលថែ និងការពារខ្លួនឯងឱ្យបានល្អ ថែសុខភាព ថែសម្រស់ ខំប្រឹងធ្វើការ រកលុយ ដើម្បីខ្លួនឯង រៀនស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗទៅ ជាពិសេស ត្រូវចេះស្វែងរកក្ដីសុខ ផ្ដល់ស្នាមញញឹមឱ្យខ្លួនឯងឱ្យបានច្រើន ទើបជីវិតអ្នកមានន័យ។
២. កូនៗរបស់អ្នក
មែនហើយ មនុស្សស្រីមួយចំនួន ស្ទើរតែលែងខ្វល់ពីកូន ប្រសិនបើនាងត្រូវជួបប្រទះនឹងការបែកបាក់គ្រួសារ ត្រូវប្ដីក្បត់ និងធ្វើបាបចិត្ត នាងបែរជាមានគំនិតធ្វើបាបខ្លួនឯងបន្ថែមទៀត បោះបង់ចោលគ្រប់យ៉ាង អាចនឹងហ៊ានគិតខ្លីថែមទៀតផង។ តែយ៉ាងណា សូមអ្នកគឱ្យបានវែងឆ្ងាយ គិតឱ្យបានច្បាស់លាស់ មនុស្សប្រុសអាចរកបានមិនខ្វះទេ តែជីវិតរបស់អ្នកបើបាត់បង់ទៅហើយ មិនអាចត្រឡប់ក្រោយបានឡើយ។
ហើយលើសពីនេះ អ្នកត្រូវដឹងថា អ្នកមានភារកិច្ចត្រូវនៅចិញ្ចឹម បីបាច់ថែរក្សាកូនរបស់អ្នក ពួកគេមិនទាន់ដឹងអីទេ បើពួកគេជួបរឿងបែកបាក់ ត្រូវឪពុកទៅចោលហើយនោះ បើអ្នកជាម្ដាយ ក៏មិនខ្វល់ពីពួកគេទៀត តើឱ្យគេទៅរំពឹងអ្នកណា។ ដូច្នេះ អ្នកត្រូវចងចាំ មុននឹងធ្វើរឿងខុសឆ្គង ឆ្កួតឡប់ សូមគិតដល់កូនជាមុនសិន កូនៗត្រូវការអ្នក កូនទើបជារឿងដែលសំខាន់បំផុតនៅក្នុងជីវិតអ្នក មិនមែនមនុស្សប្រុសក្បត់ផិត គ្មានទំនួលខុសត្រូវនោះឡើយ។
ដូច្នេះហើយ អ្នកត្រូវតែរឹងមាំ រស់នៅឱ្យបានល្អ រក្សាជីវិតឱ្យគង់ ដើម្បីនៅក្បែរ មើលថែ ផ្ដល់ភាពកក់ក្ដៅ និងអនាគតមួយឱ្យកូនៗ រស់នៅប្រកបដោយសុភមង្គលពេញលេញនៅក្នុងជីវិត ដោយមិនទៅរំពឹងចង់បានពីវត្តមានរបស់មនុស្សប្រុសម្នាក់នោះឡើយ។ ធ្វើឱ្យគេបានដឹងថា ទោះបីជាគ្មានគេ ក៏អ្នកអាចចិញ្ចឹមកូនបានល្អ អាចរស់នៅជាមួយកូនៗដោយមានក្ដីសុខបានដែរ។
៣. ឪពុកម្ដាយ
ច្បាស់ណាស់ថា គ្មានអ្នកណាដែលសំខាន់ចំពោះយើង ដូចម្ដាយឪពុក ដែលជាអ្នកមានគុណធំបំផុតក្នុងជីវិតយើងនោះឡើយ។ ហើយមុននឹងធ្វើរឿងឆ្កួតឡប់អ្វីមួយ សូមចាំថា ទោះបីគ្មានប្រុសណាមកស្រឡាញ់ មើលថែ ថ្នាក់ថ្នម ឬត្រូវការអ្នក ក៏អ្នកនៅមានម្ដាយឪពុកដែលនៅតែស្រឡាញ់ និងរង់ចាំអ្នកត្រឡប់ទៅផ្ទះវិញជានិច្ចដែរ។
មនុស្សស្រី ម្ដាយឪពុកខំចិញ្ចឹមអ្នកតាំងពីបាតជើងក្រហម បង្កើតអ្នកមកយ៉ាងលំបាក ចិញ្ចឹមអ្នកទាំងវេទនា ក៏មិនរាថយ ហើយក៏មិនដែលគិតនឹងបោះបង់អ្នកចោលឡើយ ដូច្នេះហើយ រឿងអ្វី ដែលអ្នកត្រូវបំផ្លាញខ្លួនឯង ហើយគិតខ្លី បោះបង់ជីវិតមួយនេះចោល ដោយសារតែប្រុសចោលម្សៀតណាម្នាក់នោះ? បើអ្នកធ្វើបែបហ្នឹង អ្នកមិនត្រឹមតែជាមនុស្សស្រីឆ្កួត ល្ងង់ឆោតនោះទេ តែអ្នកក៏ជាកូនអកត្តញ្ញូដែរ ដើម្បីតែប្រុស បែរជាមិនខ្វល់ពីអ្នកមានគុណ។
ម្ល៉ោះហើយ! សូមគិតឱ្យបានវែងឆ្ងាយ គិតឱ្យបានល្អិតល្អន់ មនុស្សប្រុសមិនមែនជាគ្រប់យ៉ាងក្នុងជីវិតអ្នកទេ ហើយស្នេហាក៏មិនមែនឈរលើលេខរៀងទី១ក្នុងជីវិតអ្នកដែរ ត្រូវចាំថា រឿងដែលអ្នកត្រូវគិត និងសំខាន់ខ្លាំងបំផុតក្នុងជីវិតអ្នក គឺអ្នកខ្លួនឯង កូនៗ និងឪពុកម្ដាយ ដូច្នេះ ត្រុវរក្សាជីវិត និងរស់នៅឱ្យបានល្អ ស្វែងរកតម្លៃឱ្យខ្លួនឯង កុំទៅរំពឹង ផ្ដេកផ្ដួលលើមនុស្សប្រុស ឬស្នេហាឱ្យសោះ៕
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក