ស្រីៗកម្មណាស់! យកប៉ះមនុស្សប្រុស៥ប្រភេទនេះជាគូ គ្រាំទ្រូងមួយជីវិតមិនខាន

មែនហើយ មនុស្សណាក៏មានកំហុស មនុស្សណាក៏មានចំណុចខ្វះចន្លោះ ព្រោះមនុស្សគ្រប់រូប គ្មាននរណាម្នាក់ល្អឥតខ្ចោះ ត្រូវគ្រប់រឿងនោះឡើយ។ តែយ៉ាងណាក៏ដោយ ក៏មានចំណុចខ្លះ វាពិតជាអកុសពេកហើយ តួយ៉ាងដូចមនុស្សប្រុស បើមានចំណុចទាំង៥ខាងក្រោមនេះហើយ ស្រីៗកុំយកខ្លួនបៀត ប្រជ្រៀតកម្មដាក់ខ្លួនឱ្យសោះ ព្រោះមនុស្សប្រុសទាំងនេះ មិនកើតជាការទេ មិនត្រឹមតែមិនអចរីកចម្រើនបានល្អប្រសើរហើយ ថែមទាំងនាំទុក្ខលំបាក វេទនាមកឱ្យអ្នកថែមទៀតផង។

១. រឹងរូសមានះ មិនចេះស្ដាប់គេឯងហើយ ថែមទាំងចង់ត្រួតត្រាគេទៀត

មនុស្សប្រុសជាមេគ្រួសារ ជាអ្នកដឹកនាំ គ្រប់គ្រងសមាជិកក្នុងគ្រួសារ វាគឺជារឿងធម្មតាទេ ប៉ុន្តែ លុះត្រាតែបុរសនោះមានចំណេះដឹង រឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ មើលថែ និងគ្រប់គ្រងគ្រួសារឱ្យបានល្អ ទើបប្រពន្ធកូនអាចមានក្ដីសុខ និងសុភមង្គល រកបានត្រើយដ៏ល្អប្រសើរបាន។

តែយ៉ាងណាមិញ មនុស្សប្រុសមួយចំនួន មិនមែនរឹងមាំទេ គឺរឹងចចេស មានះ មិនចេះស្ដាប់សម្ដីប្រពន្ធកូនឡើយ ល្ងង់តែប្រឹងធ្វើខ្លាំង ខ្លួនឯងមិនចេះអីហើយ បែរជាចង់ត្រួតត្រាលើអ្នកដទៃទៀត ចរិតមួយនេះហើយ មិនត្រឹមតែធ្វើឱ្យខ្លួនឯងលិចលង់ទេ តែនាំទាំងប្រពន្ធកូនឱ្យវេទនា គ្រាំចិត្តជាមួយថែមទៀតផង។

២. រស់នៅពឹងតែលើអ្នកដទៃ

គេហៅថាប្រុសកំសាកញី គ្មានកំណើត ជាធម្មតា ក្នុងនាមជាមនុស្សប្រុសម្នាក់ គឺត្រូវតែមានកំណើត ចេះធ្វើការរកស៊ី រកលុយចិញ្ចឹមខ្លួនឯង ផ្គត់ផ្គង់ប្រពន្ធកូន ក៏ដូចជាឥពុកម្ដាយទាំងសងខាងផងដែរ។

ប៉ុន្តែមនុស្សប្រុសមួយចំនួន គឺចរិតកែមិនឡើង មិនចេះធ្វើការ មិនចេះរកស៊ី រស់នៅចាំតែអ្នកដទៃគេជួយ ចាំតែសុំជំនួយពីគេ អាយុច្រើនហើយ វ័យក៏ចាស់ហើយ នៅឡើយគ្មានគោលដៅជីវិតច្បាស់លាស់ រស់នៅចាយលុយម៉ែឪ ចាំតែម៉ែឪចិញ្ចឹមទៀត មនុស្សប្រុសបែបហ្នឹង មិនសមជាមនុស្សប្រុសទាល់តែសោះ។

Screen Shot 2021 08 17 At 9.54.50 PM

៣. មិនចេះគ្រប់គ្រងអារម្មណ៍

មនុស្សប្រុសអសមត្ថភាព មិនត្រឹមតែសម្ដៅលើការធ្វើការ រកស៊ីប៉ុណ្ណោះទេ តែក៏សម្ដៅទៅលើការចេះគ្រប់គ្រងគំនិត ផ្លូវចិត្ត និងសតិអារម្មណ៍ផងដែរ។ អាចនិយាយបានថា មនុស្សប្រុសភាគច្រើន គឺឆេវឆាវ មិនចេះគិតពិចារណាវែងឆ្ងាយនោះឡើយ ធ្វើអ្វីតាមតែអារម្មណ៍ មិនចេះគ្រប់គ្រងចិត្តគំនិត និងអារម្មណ៍ឱ្យបានល្អ ជះកំហឹងមួយឆាវ អាចនឹងប្រើសម្ដី ប្រើដៃប្រើជើងទៅលើប្រពន្ធកូនថែមទៀតផង។

ដូច្នេះ មនុស្សប្រុសបែបនេះ ងាយនឹងប្រើហិង្សានៅក្នុងគ្រួសារណាស់ មនុស្សស្រីដែលបានប្ដី ឬដៃគូជីវិតបែបហ្នឹង សូមកុំទ្រាំអី ផ្លូវកាយ ផ្លូវចិត្តរបស់អ្នក គឺគួរតែទទួលបានការស្រឡាញ់ ថ្នាក់ថ្នម មិនមែនឱ្យអ្នកណាមកវាយធ្វើបាប ទាត់ធាក់តាមតែអំពើចិត្តនោះឡើយ។

៤. ឆ្លាតជ្រុលហួសហេតុ

មនុស្សស្រីតែងតែប្រាថ្នាចង់បាន បុរសដែលឆ្លាតពូកែ ចេះរកស៊ី មកធ្វើជាដៃគូជីវិត ព្រោះបុរសបែបនេះ គឺមានសមត្ថភាពខ្លាំង និងអាចផ្ដល់ឱ្យនាងបានគ្រប់យ៉ាង ទៅតាមអ្វីដែលនាងត្រូវការ ដូច្នេះជីវិតរបស់នាង ក៏មិនមានពាក្យថា ខ្វះខាត ឬលំបាកតោកយ៉ាងនោះដែរ។

ប៉ុន្តែ សម្រាប់មនុស្សប្រុសខ្លះ គឺឆ្លាតជ្រុល ឆ្លាតបែបអាត្មានិយម មិនខ្វល់ពីអ្នកណានោះឡើយ សូម្បីតែសាច់ញាតិ បងប្អូនខ្លួនឯង ក៏អាចកេងប្រវញ្ច ដើរខ្សែលើបានដែរ ព្រោះតែភាពឆ្លាតមិនចេះមើលស្ថានភាព ឆ្លាតមិនមើលកាលៈទេសៈ ឆ្លាតក្នុងផ្លូវខុស មនុស្សប្រុសដែលឆ្លាតបែបហ្នឹង គឺច្រើនតែគម្រិះអាចម៌ក្ដាប់ មិនខ្វល់ មិនចាប់អារម្មណ៍ពីអ្នកណា សំខាន់ គឺឱ្យតែខ្លួនឯងបាន គឺបានហើយ។ លើសពីនេះ មនុស្សប្រុសបែបហ្នឹង គឺចូលចិត្តតែឆ្លៀតឱកាសលើអ្នកដទៃ ហើយថែមទាំងអាចនឹងបំពានលើមនុស្សជុំវិញខ្លួនផងដែរ។

Screen Shot 2021 08 17 At 9.54.45 PM

៥. ពូកែរអ៊ូរទាំ ត្អូញត្អែរខុសរបៀប

មែនហើយ រឿងរអ៊ូរទាំ ត្អូញត្អែរច្រើន ជាកម្មសិទ្ធរបស់មនុស្សស្រីតែប៉ុណ្ណោះ ប៉ុន្តែ ប្រសិនបើមនុស្សប្រុស ពូកែរអ៊ូច្រើន ត្អូញត្អែរគ្រប់រឿង មនុស្សប្រុសបែបហ្នឹង មិនអាចមើលថែ និងផ្ដល់ក្ដីសុខ សុភមង្គលឱ្យគួសារបានឡើយ ធ្វើអ្វីក៏ដោយក៏គេទើស ពូកែតែស្ដីបន្ទោស ទាស់ចិត្តគេរហូត ដូច្នេះ មនុស្សក្នុងគ្រួសារ ច្បាស់ជាត្រូវគ្រាំចិត្ត ព្រោះតែការរអ៊ូរទាំគ្រប់ពេលរបស់គេហ្នឹងហើយ។

ម្យ៉ាងវិញទៀត មនុស្សប្រុសបែបហ្នឹង អ្នកណាក៏ធ្វើអ្វីមិនត្រូវចិត្តគេដែរ ព្រោះគេពូកែទើស ពូកែទាស់ ពូកែបង្កើតរឿងឈ្លោះ ធ្វើយ៉ាងណា គឺឱ្យតែបានបន្ទោសអ្នកដទៃ អ្នកណាធ្វើអ្វី ក៏មិនល្អ មិនត្រូវចិត្តគេដែរ អ៊ីចឹង មានតែឱ្យគេរស់នៅតែម្នាក់ឯងទៅ ព្រោះអ្នកណា ក៏នៅជាមួយគេមិនកើតដែរ គ្រាំចិត្តស្លាប់មិនខាន៕

អត្ថបទ ៖ pHknongsrok / Knongsro

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: