ជឿថា មនុស្សភាគច្រើនច្បាស់ជាធ្លាប់ឮចាស់ៗនិយាយតមកហើយថា "ស្រីស្អាតច្រើនតែអភ័ព្វ" ដោយហេតុតែចាស់ៗច្រើនតែឃើញនូវរូបភាពជាក់ស្ដែង ដែលតែងតែកើតមានលើមនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាត ពួកគាត់សុទ្ធតែមានជីវិតដែលគួរឱ្យអាណិត ច្រើនតែអភ័ព្វក្នុងរឿងជីវិតគូ។
ជាក់ស្ដែងណាស់ មនុស្សស្រីមួយចំនួន គាត់ពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំង តែបែរជាគ្មានសំណាងបានជួបដៃគូជីវិតដែលល្អនោះឡើយ។ ផ្ទុយទៅវិញ គាត់បែរជាត្រូវរស់នៅក្នុងជីវិតគូដែលពោរពេញទៅដោយទឹកភ្នែក មានតែទុក្ខវេទនា ពេលខ្លះ បែរជាត្រូវប្ដីវាយតប់ ធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយជីវិតរបស់នាង គឺមានតែស្នាមញញឹមក្លែងក្លាយ ដែលប្រើបានតែចំពោះមុខមនុស្សជុំវិញតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតក្នុងជីវិតពិត គឺទឹកភ្នែកស្ទើរតែរាល់យប់។
ម្យ៉ាងវិញទៀត មនុស្សស្រីខ្លះ ស្រស់ស្អាត ឆើតឆាយ ពូកែតុបតែងកាយស៊ីវិល័យ ដែលមានមនុស្សជាច្រើនតាមស្រឡាញ់ និងចង់បាននាងជាគូយ៉ាងខ្លាំង។ ហើយមនុស្សស្រីប្រភេទនេះ ជីវិតនាង ច្រើនតែមិនមានដៃគូជីវិតជាប់លាប់ ពិតប្រាកដឡើយ ផ្ទុយទៅវិញ នាងនឹងជួបស្នេហាបែកបាក់ម្ដងហើយម្ដងទៀត ជួនកាលជីវិតរៀបការ បីបួនដងតែម្នាក់ឯង។
ដូច្នេះទើបគេនិយាយថា "ស្រីស្អាតច្រើបតែអភ័ព្វក្នុងរឿងជីវិតគូ" ចុះសួរថា ហេតុអ្វី បានជាស្រីស្អាត បែរអភ័ព្វ ត្រូវជួបរឿងជូរចត់ក្នុងរឿងស្នេហាបែបហ្នឹង?
- ភាគច្រើននៃស្រីស្អាត នាងច្រើនតែគិតថា នាងមានរូបសម្រស់ស្អាតប៉ុណ្ណឹងដែរ មិនខ្វះទេមនុស្សដែលស្រឡាញ់ និងចង់បាននាង ដូច្នេះនាងច្រើនតែមិនចេះតាមទ្រអ្នកណានោះឡើយ ព្រោះសម្រាប់នាង បែកមួយយកមួយ អត់ខ្វល់ច្រើនទេ។
- ភាគច្រើននៃស្រីស្អាត នាងច្រើនតែចូលចិត្តលេងសើចនឹងរឿងស្នេហា ការញ៉ែញងគ្នា ក្លាយជារឿងធម្មតាទៅហើយ អាចនិយាយបានថា នាងពូកែញ៉ែជាងមនុស្សប្រុសខ្លះទៅទៀត ដូច្នេះហើយ ចរិតបែបនេះហើយ ដែលធ្វើឱ្យនាងមិនអាចមានបុរសល្អៗចង់បានទេ នាងនឹងជួបតែមនុស្សប្រុសបែបកាប់ដាវដូចគ្នា។ ពេលខ្លះ ទោះនាងជួបបុរសល្អ ក៏នាងមិនអាចនៅជាមួយគេបានយូរអង្វែងដែរ នៅតែបែក ព្រោះមិនត្រូវធាតុគ្នា។
- ភាគច្រើននៃស្រីស្អាត ពូកែតុបតែងខ្លួន ប្រសិនបើនាងសម្រេចចិត្តរៀបការ អាចនិយាយបានថា មកពីនាងជួបមនុស្សប្រុសដែលមានចរិតខ្លាំង ដែលនាងមិនអាចដកខ្លួនពីគេបាន ដូច្នេះមានតែរៀបការ។ ដោយហេតុនេះហើយ ជីវិតនាងបន្ទាប់ពីរៀបការរួច គឺចៀសមិនផុតពីជីវិតជាប់ទ្រុងទេ ចំណែកឯប្ដីរបស់នាងវិញ ក៏ជាមនុស្សប្រុសដែលអាចអំណាច កោងកាច គាបសង្កត់ ធ្វើបាប និងតែងតែមានស្រីខាងក្រៅរាប់មិនអស់ ធ្វើបាបចិត្តនាងគ្មានពេលស្រាកស្រាន្តផងដែរ។
ដូច្នេះ អាចថាមកពីចំណុចទាំងនេះហើយ ដែលធ្វើឱ្យភាគច្រើននៃស្រីស្អាត ច្រើនតែមានជីវិតអភ័ព្វក្នុងរឿងស្នេហា ឬរឿងដៃគូជីវិត៕
អត្ថបទ ៖ pHknongsrok/Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក