មែនហើយ មនុស្សខ្លះ គឺមិនសក្តិសមនឹងមានស្នេហានោះឡើយ អាចថាមកពីអត្តចរិត ចិត្តគំនិត អាកប្បកិរិយា រួមទាំងចំណង់ចំណូលចិត្តរបស់ខ្លួនថែមទៀត ដែលបង្ហាញឱ្យឃើញថា គេមិនសក្តិសមនឹងមានស្នេហា នោះគឺមានន័យថា គេមិនអាចរស់នៅចុះសម្រុងជាមួយអ្នកណា ដូច្នេះ ប្រសិនបើមានស្នេហា គឺមានតែការបែកបាក់ រស់នៅថ្នាំងថ្នាក់ មិនអាចចុះសម្រុងគ្នានោះឡើយ។
យ៉ាងណាមិញ ប្រសិនបើអ្នកបញ្ចេញនូវសញ្ញាអវិជ្ជមានទាំង៨ចំណុចនេះចេញមក គឺវាបង្ហាញឱ្យឃើញថា អ្នកគួរតែបញ្ចប់ទំនាក់ទំនងស្នេហា ឬកុំចាប់ផ្ដើមស្នេហាអី ព្រោះវាមានតែនាំអ្នកឱ្យពិបាកកាន់តែខ្លាំងប៉ុណ្ណោះ ត្រឡប់មករស់នៅក្នុងជីវភាពម្នាក់ឯង វានឹងប្រសើរជាង។
១. គ្មានការអភិវឌ្ឍន៍ផ្ទាល់ខ្លួន
ទំនាក់ទំនងដែលមានសុខភាពល្អ នឹងជួយអ្នកអភិវឌ្ឍខ្លួនអ្នកជានិច្ច។ អ្នករក្សាទំនាក់ទំនងល្អជាមួយមិត្តភក្តិ អាចរកបានមិត្តថ្មីៗ ទទួលបានការងារល្អប្រសើរ និងកសាងអាជីពរបស់អ្នកឱ្យកាន់តែដុះដាល។ គូស្នេហ៍របស់អ្នកនឹងគាំទ្រអ្នកជានិច្ច មិនដែលចេះកើតចិត្តប្រចណ្ឌខុសទំនង ផ្ទុយមកវិញ គឺមានតែជួយឱ្យអ្នកទទួលបានសមិទ្ធិផលល្អៗជាច្រើន និងមិនខឹង រករឿង ឬតូចចិត្ត បើទោះជាអ្នកចំណាយពេលច្រើនពេកនៅកន្លែងធ្វើការក៏ដោយ។
តែយ៉ាងណា ប្រសិនបើស្នេហាធ្វើឱ្យអ្នកឃ្លាតឆ្ងាយពីមិត្តភក្តិ ការសិក្សា និងអាជីពមិនមានភាពល្អប្រសើរ ជីវិតមានតែភាពវិលវល់ ក្នុងការព្យាយាមយកចិត្តដៃគូ គេទាមទារឱ្យអ្នកលះបង់គ្រប់យ៉ាងដើម្បីតែបំពេញតម្រូវការគេ មិនខ្វល់ពីកិច្ចការងារ ឬធុរៈកិច្ចរបស់អ្នក ធ្វើឱ្យអ្នកបាត់បង់សូម្បីតែភាពជាខ្លួនឯង នេះវាបង្ហាញពីទំនាក់ទំនងអវិជ្ជមាន ដូច្នេះបើអ្នកនៅតែបន្ត គឺមានតែនាំទុក្ខ ធ្វើឱ្យអ្នកកាន់តែធ្លាក់ចុះតែប៉ុណ្ណោះ។
២. ចង់ឱ្យភាគីម្ខាងទៀតផ្លាស់ប្តូរ
ដើម្បីស្រឡាញ់នរណាម្នាក់ អ្នកត្រូវរៀនទទួលយកពួកគេថាពួកគេជានរណា។ ជាការពិត អ្នកអាចជឿថាអ្នកអាចផ្លាស់ប្តូរដៃគូ ឬមានឥទ្ធិពលលើទស្សនៈរបស់ពួកគេ ប៉ុន្តែកុំបង្ខំគាត់ឱ្យធ្វើអ្វីដែលអ្នកចង់បាន។ ការខិតខំទាំងនេះ ច្រើនតែនាំឱ្យមានភាពចម្រូងចម្រាសចំពោះគ្នា។ ដូច្នេះប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ពិតប្រាកដមែន អ្នកត្រូវតែព្រមទទួលយកនូវចំណុចខ្លាំង និងខ្សោយ ល្អ និងអាក្រក់របស់ពួកគេឱ្យបាន ហើយចេះប្រឈមមុខចំពោះគ្នា។
ប្រសិនបើគាត់ / នាងពិតជាស្រឡាញ់អ្នកពិតមែននោះ ពួកគេនឹងចេះកែប្រែ និងផ្លាស់ប្ដូរដើម្បីអ្នកជាក់ជាមិនខាន តែដាច់ខាត អ្នកមិនអាចទៅបង្ខំ ឬទាមទារឱ្យពួកគេធ្វើអ្វីៗដើម្បីតម្រូវតាមតែចិត្តអ្នកតែម្នាក់ឯងនោះឡើយ។ ប្រសិនបើអ្នកបង្ខំគេឱ្យធ្វើគ្រប់យ៉ាង តាមការចង់បានរបស់អ្នក នោះបញ្ជាក់ថា អ្នកមិនបានស្រឡាញ់គេទេ គឺអ្នកស្រឡាញ់ខ្លួនឯង។
៣. អារម្មណ៍មិនស្ថិតស្ថេរ
ប្រសិនបើអ្នករំភើបក្នុងការនៅជាមួយពួកគេនៅថ្ងៃនេះ ហើយត្រៀមខ្លួនដើម្បីបែកគ្នានៅថ្ងៃស្អែក វាដល់ពេលដែលត្រូវវិភាគទំនាក់ទំនងរបស់អ្នកទាំងពីរហើយ។ ព្យុះនៃអារម្មណ៍ និងអស្ថិរភាព បង្ហាញពីទំនាក់ទំនងដែលមិនទាន់ពេញវ័យ។ ច្បាស់ណាស់ថា អ្នកទាំងពីរមិនទាន់មានគំនុំចាស់ទុំ ក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងនោះឡើយ ដូច្នេះហើយ ទំនាក់ទំនងរវាងអ្នកទាំងពីរនឹងមានតែការឈ្លោះប្រកែកគ្នា ដ៏គួរឱ្យធុញទ្រាន់ គ្មានថ្ងៃស្រាកស្រាន្តនោះទេ។
៤. របៀបនៃការបង្ហាញសេចក្តីស្រឡាញ់
នៅក្នុងទំនាក់ទំនងដែលមានភាពចាស់ទុំ និងមានសុខភាពល្អ មនុស្សពីរនាក់ដឹងថាពួកគេស្រឡាញ់គ្នា ហើយមានអារម្មណ៍ល្អជាមួយគ្នា។ ប្រសិនបើដៃគូ ឬអ្នកត្រូវការបង្ហាញពីសេចក្តីស្រឡាញ់ វាមានន័យថា មានការសង្ស័យអំពីភាពស្មោះត្រង់នៃទំនាក់ទំនង។ ថ្ងៃណាមួយបញ្ហាទាំងនេះអាចប្រែក្លាយជាគម្លាតដ៏ធំរវាងអ្នក និងគូស្នេហ៍របស់អ្នក ដែលនឹងធ្វើឱ្យអ្នកទាំងពីរឈ្លោះគ្នាជាញឹកញាប់។
៥. មើលងាយ មិនឱ្យតម្លៃដៃគូ
ប្រសិនបើអ្នកព្យាយាមបង្កើតភាពទន់ខ្សោយរបស់អ្នកដោយ "ធ្វើឱ្យអន្តរាយ" ដល់មនុស្សម្នាក់ទៀត វាមានន័យថា ទំនាក់ទំនងមិនមានសុខភាពល្អទេ។ ការជេរប្រមាថ ឬមើលងាយដៃគូ នឹងធ្វើឱ្យស្នេហាមិនសប្បាយចិត្ត និងមិនអាចស្ថិតស្ថេរទាល់តែសោះ។
៦. ការខ្វែងគំនិតគ្នាជាច្រើន
គូស្វាមីភរិយាទាំងអស់ តែងតែប្រឈមនឹងបញ្ហាពីមួយពេលទៅមួយពេល។ ពួកគេអាចភ្ជាប់ ឬបែងចែកសេចក្តីស្រឡាញ់របស់អ្នក។ ប៉ុន្តែនៅក្នុងទំនាក់ទំនងដែលមានសុខភាពល្អ ការលំបាកនឹងធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ។ អ្នក និងដៃគូអ្នកមិនដែលស្តីបន្ទោសគ្នាទេ តែត្រូវជម្នះរាល់ឧបសគ្គជាមួយគ្នា។ ប្រសិនបើមានអ្វីដែលបង្កឱ្យមានជម្លោះ នោះមានន័យថាវាដល់ពេលត្រូវគិតអំពីថា តើទំនាក់ទំនងរបស់អ្នករឹងមាំ និងចាស់ទុំដែរឬទេ?
៧. គ្មានជំនឿ
ការប្រចណ្ឌ គឺជាហេតុផលមួយក្នុងចំណោមហេតុផលញឹកញាប់បំផុត សម្រាប់ការបែកបាក់។ ប្រសិនបើអ្នក និងដៃគូមានការទុកចិត្តគ្នា ច្បាស់ណាស់ថា អ្នកទាំងពូរនឹងបើកសិទ្ធសេរីភាពគ្រប់បែបយ៉ាងចំពោះគ្នា រួមទាំងការប្រើប្រាស់បណ្ដាញសង្គម សូម្បីតែការចែចង់របស់នរណាម្នាក់ក៏មិនបង្កឱ្យអ្នកទាំងពីរមានបញ្ហានឹងគ្នាដែរ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នក និងដៃគូបែរជាមានគំនិតគិតប្រចណ្ឌ ហួងហែង បិទសិទ្ធិសេរីភាពចំពោះគ្នា សូម្បីតែពេលដែលគេជាប់រវល់ធ្វើការងារ ឬថែមម៉ោង អ្នកបែរជាសង្ស័យចំពោះទំនាក់ទំនង យល់ថាគេមានថ្មី នោះមានន័យថា អ្នកគ្មានភាពជឿជាក់ និងមិនទុកចិត្តដៃគូរបស់អ្នកហើយ។ ដូច្នេះទំនាក់ទំនងបែបនេះហើយ ដែលនឹងធ្វើឱ្យអ្នកទាំងពីរតែងតែកើតមានការឈ្លោះប្រកែកគ្នាជាញឹកញាប់។
៨. ចែករំលែកស្នេហាតិចជាង
ចរិតលក្ខណៈសំខាន់បំផុតមួយនៃស្នេហា គឺសមត្ថភាពរបស់ប្តីប្រពន្ធក្នុងការចែករំលែកចំពោះគ្នា។ ប្រសិនបើអ្នកពិតជាស្រឡាញ់នរណាម្នាក់ អ្នកនឹងចង់ផ្តល់ឱ្យពួកគេនូវអ្វីដែលល្អបំផុត អ្នកតែងតែព្យាយាមផ្ដល់នូវអារម្មណ៍ភ្ញាក់ផ្អើលដល់ដៃគូ ផ្ដល់ឱ្យពួកគេឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន នោះហើយជាការរក្សាចំណងស្នេហាឱ្យកាន់តែរឹងមាំ។ ប៉ុន្តែប្រសិនបើអ្នកលែងចាប់អារម្មណ៍នឹងរឿងរ៉ូមែនទិក លែងផ្ដល់ឱ្យដៃគូនូវភាពភ្ញាក់ផ្អើល នោះមានន័យថាអ្នក និងដៃគូរបស់អ្នកប្រហែលជាមិនទាន់ត្រៀមខ្លួនកាន់ដៃគ្នាពេញមួយជីវិតឡើយ។
លើសពីនេះ ការផ្ដល់ឱ្យចំពោះដៃគូ បើទំហំនៃក្ដីស្រឡាញ់ និងការលះបង់មិនសមមាត្រនឹងគ្នាទេនោះ ច្បាស់ជាកើតនូវអារម្មណ៍មិនគាប់ប្រសើរចំពោះគ្នាមិនខាន ដូច្នេះបើមានម្ខាងណាលះបង់ច្រើនជាង វាក៏មានន័យថា ស្នេហានេះវាលម្អៀង មិនយូរ មិនឆាប់ច្បាស់ជាកើតនូវអារម្មណ៍អាក់អន់ចិត្ត គិតច្រើន នាំឱ្យបែកបាក់មិនខានឡើយ៕
ប្រភព ៖ iOne/Knongsrok