មិនដឹងថា តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលត្រូវខកចិត្ត ខូចខ្លួន ព្រោះតែពាក្យថា "បញ្ជាក់ចិត្តស្មោះ" ក៏សុខចិត្តលះបង់ខ្លួនប្រាណមុនរៀបការ ដើម្បីឱ្យសង្សារជឿជាក់ និងទុកចិត្ត ថានាងពិតជាស្រឡាញ់គេមែន។
មែនហើយ មនុស្សប្រុសមួយចំនួន តែងតែចង់បានខ្លួនប្រាណមនុស្សស្រី ដោយលើកហេតុផលដើម្បីបញ្ជាក់ចិត្តស្មោះ លុះបានខ្លួនប្រាណហើយ ក៏ដោះដៃបោះបង់នាងចោល ទៅរកស្រីផ្សេង បំផ្លាញកិត្តិយស មុខមាត់ និងតម្លៃរបស់មនុស្សស្រី។
ជាក់ស្ដែងណាស់ ក៏មានមនុស្សស្រីខ្លះ ព្រោះតែស្រឡាញ់គេងប់ងល់ រហូតដល់ជ្រុលខ្លួន ភ្លេចគិត ក្លាយជាមនុស្សល្ងង់ល្ងិត ឱ្យគេធ្វើបាប សុខចិត្តលះបង់ដើម្បីគេ តែចុងក្រោយសល់អ្វី? គឺមានតែទឹកភ្នែកជូតក្បាលជង្គង់ សូម្បីតែកិត្តិយសក៏មិនសល់ផង នេះហេតុព្រោះតែភាពជឿជាក់ និងចង់បញ្ជាក់ចិត្តស្មោះ ឱ្យមនុស្សប្រុសដែលអាត្មានិយមម្នាក់។
មនុស្សស្រីកុំល្ងង់ពេក មនុស្សប្រុសម្នាក់ដែលគេស្រឡាញ់យើងពិត ស្មោះត្រង់នឹងយើងមែននោះ គេច្បាស់ជាគោរព ឱ្យតម្លៃ មនុស្សប្រុសខ្លះ សូម្បីតែចុងដៃរបស់យើង គេមិនហ៊ាននឹងប៉ះផង ព្រោះគេទុកកិត្តិយសដល់មនុស្សស្រីដែលខ្លួនស្រឡាញ់ កុំថាឡើយល្បួងឱ្យអ្នកលះបង់ខ្លួនប្រាណដើម្បីគេនោះ។
មនុស្សប្រុសល្អពិតប្រាកដ គេគោរពមនុស្សដែលគេស្រឡាញ់ គេឱ្យតម្លៃមនុស្សស្រីដែលគេស្រឡាញ់ គេច្បាស់លាស់ គេនឹងចូលស្ដីដណ្ដឹងអ្នកតាមផ្លូួវទៅតាមច្បាប់ មិនមែនទាមទារឱ្យអ្នកលះបង់ និងប្រគល់ខ្លួនប្រាណឱ្យទៅគេបែបនេះទេ។ មនុស្សប្រុសត្រឹមត្រូវម្នាក់ គេច្បាស់ជាដឹងពីគុណតម្លៃនៃមនុស្សស្រីដែលគេស្រឡាញ់ គេថែរក្សា គេលើកតម្កើង ហើយរឹតតែផ្ដល់គ្រប់យ៉ាងដើម្បីនាង កែប្រែខ្លួនគេដើម្បីនាង ដរាបណាមិនទាន់រៀបការ ក្លាយជាប្ដីប្រពន្ធចាស់ទុំដឹងឮតាមច្បាប់ទេនោះ ដាច់ខាត គេមិនបំពានលើរាងកាយមនុស្សស្រីដែលជាគូស្នេហ៍ឡើយ។
ដូច្នេះហើយ មនុស្សស្រីកុំល្ងង់ឱ្យសោះ កុំព្រោះតែខ្លាចគេសុំបែក កុំព្រោះតែខ្លាចគេឈប់ស្រឡាញ់ កុំព្រោះតែខ្លាចគេមិនជឿជាក់ កុំព្រោះតែខ្លាចគេចោទថាអ្នកមិនស្មោះចំពោះគេ បែរជាហ៊ានលះបង់ខ្លួនប្រាណខ្លួនឯងឱ្យទៅគេ ទាំងដែលមិនតាន់រៀបការ គ្មានមេបាដឹងឮ។ ព្រោះបើអ្នកធ្វើបែបហ្នឹង ហើយចុងក្រោយត្រូវគេបោះបង់ចោល ទៅរកអ្នកថ្មី អ្វីក៏អ្នកមិនសល់ដែរ ហើយមានតែអ្នកដទៃគេបន្ទោស ថាយើងនេះល្ងង់ ឆោត ខ្លួនឯងជ្រើម ភ្លើតភ្លើន ចង់ដែរ ទើបឱ្យគេបោកប្រាស់បាន។
អ្នកត្រូវដឹងថា ការធ្វើខុស គឺកើតព្រោះតែភាពមិនគិតពិចារណារបស់យើង កើតព្រោះតែភាពល្ងង់ឆោត មិនចេះស្រឡាញ់ ឱ្យតម្លៃ និងការពារខ្លួនឯង។ មនុស្សខ្លះ ពេលយើងមានបញ្ហា គេមិនត្រឹមតែមិនអាណិតយើងទេ គឺមានតែស្ដីបន្ទោស ថាឱ្យ ហើយក៏ជាន់ពន្លិចយើងថែមតែប៉ុណ្ណឹង អ៊ីចឹងហើយ កុំដោយសារតែការបញ្ជាក់ចិត្តស្មោះ ក៏លះបង់អស់ពីខ្លួន សូម្បីតែខ្លួនដើម្ប ឱ្យទៅសង្សារឱ្យសោះ៕
អត្ថបទ ៖ pHknongsrok/Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក