ហេតុអីមិនព្រមជ្រើសរើស !
មនុស្សដែលយើងស្រឡាញ់ និងមនុស្សដែលស្រឡាញ់យើង សុទ្ធតែល្អដូចគ្នា តែហេតុអី យើងមិនព្រមជ្រើសយកមនុស្សដែលស្រឡាញ់យើងទៅ ហេតុអីចាំបាច់ទ្រាំខូចចិត្ត ហើយរង់ចាំមនុស្សដែលយើងស្រឡាញ់ ទាំងដែលគេមិនស្រឡាញ់យើងសោះបែបហ្នឹង?
មនុស្សដែលស្រឡាញ់យើង គេក៏ល្អ ល្អគ្រប់យ៉ាង គេថែមទាំងយកចិត្តទុកដាក់ មើលថែ ខ្វាយខ្វល់ពីយើងខ្លាំងថែមទៀត ប៉ុន្តែ យើងបែរជាមើលរំលងគេទៅវិញ ហេតុអ្វីមិនព្រមបើកចិត្តសម្លឹងមើលគេខ្លះទៅ បើគេក៏ជាមនុស្សល្អ ស្មោះត្រង់នឹងយើងរហូតមក!
ចំណែកមនុស្សដែលយើងស្រឡាញ់ គេក៏ល្អ គេជាមនុស្សល្អ ស្មោះត្រង់ តែគេមិនបានស្រឡាញ់យើងទេ ហេតុអ្វី បានជាយើងនៅតែទ្រាំរង់ចាំគេទៀត ហេតុអ្វីបានចេះតែផ្ដល់ក្ដីសង្ឃឹមឱ្យខ្លួនឯង ថាគេនឹងមើលឃើញខ្លួនឯងនៅថ្ងៃណាមួយបែបហ្នឹង?
តាមពិតទៅ បើយើងសម្រេចចិត្តជ្រើសរើស ពិតជាមិនមានអ្វីដែលពិបាកនោះឡើយ ព្រោះថាយើងសុទ្ធតែប្រាថ្នាចង់បានមនុស្សល្អ ស្រឡាញ់យើងជាយើង យល់ចិត្តយើង យកចិត្តទុកដាក់នឹងយើង តែការដែលពិបាកបែបនេះ គឺមកពីយើងមិមព្រមសម្រេចចិត្តឱ្យដាច់ស្រេច យើងទាក់ទើរ ហើយធ្វើជាមិនខ្វល់ ព្រោះបើជ្រើសម្នាក់ស្ដាយម្នាក់ យើងមិនច្បាស់ ខ្លាចថាជ្រើសមនុស្សដែលស្រឡាញ់ខ្លួន តែចុងក្រោយ បែរជាខ្លួនមិនបានស្រឡាញ់គេវិញ ច្បាស់ជាគ្មានក្ដីសុខទាំងសងខាង!
ប៉ុន្តែ បើទ្រាំរង់ចាំមនុស្សដែលខ្លួនឯងស្រឡាញ់ ទោះបីជាត្រូវឈឺចាប់យ៉ាងណាក៏ដោយ ក៏សុខចិត្តទ្រាំ ទោះបីដឹងថាគេមិនស្រឡាញ់ខ្លួនឯងវិញក៏ដោយ ក៏នៅតែផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយឱ្យខ្លួនឯងដែរ។ តាមពិតទៅពេលខ្លះ ក៏ដឹងថាខ្លួនឯងនេះល្ងង់ ល្ងង់ដែលមិនព្រមជ្រើសយកមនុស្សដែលស្រឡាញ់ខ្លួនឯង តែបែរជានៅទ្រាំត្រាំត្រែងជាមួយនឹងមនុស្សដែលមិនស្រឡាញ់ខ្លួនឯងទៅវិញ ពីមួយថ្ងៃទៅមួយថ្ងៃ នៅតែមិនព្រមបោះបង់ចោលការព្យាយាមមួយនេះ ព្រោះតែនៅជឿថា ថ្ងៃណាមួយ មនុស្សដែលខ្លួនស្រឡាញ់នឹងឃើញពីក្ដីស្រឡាញ់មួយនេះ តែការពិត វាគ្រាន់តែជាការកុហកខ្លួនឯងតែប៉ុណ្ណោះ។
មែនហើយ មិនមែនថាមិនចង់បានមនុស្សដែលស្រឡាញ់ខ្លួនឯងនោះទេ តែពេលខ្លះ ចេះតែខ្លាច ខ្លាចថា ពេលវេលាមិនអាចធ្វើឱ្យចិត្តនេះស្រឡាញ់គេវិញបាន ដូច្នេះ មានតែការឈឺចាប់ទាំងសងខាងតែប៉ុណ្ណោះ ម្ល៉ោះហើយសុខចិត្តទ្រាំស្រឡាញ់គេតែម្ខាង សុខចិត្តឈឺចាប់នឹងការរង់ចាំមនុស្សខ្លួនស្រឡាញ់ ទោះបីជាមិនអាចមានថ្ងៃនោះ វាក៏ល្អជាងទៅទទួលយកមនុស្សដែលគេស្រឡាញ់យើង តែយើងមិនបានស្រឡាញ់គេ កុំនាំគេឱ្យមកឈឺចាប់ព្រោះតែយើងអី៕
អត្ថបទ ៖ pHknongsrok/Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក