បើសួរខ្ញុំ ខ្ញុំប្រាកដជាឆ្លើយថា ជីវិតមានគូ វាច្បាស់ជាល្អជាង ជីវិតដែលរស់នៅ ហើយត្រូវប្រឹងប្រែងតស៊ូតែម្នាក់ឯងហើយ។
វាជារឿងធម្មតាទេ យើងសាកក្រឡេកមើលអ្នកដែលមានគូ ជីវិតគេរីកចម្រើនលឿនណាស់ ព្រោះថា គេមានគ្នាដើម្បីជួយជ្រោមជ្រែង ប្រឹងប្រែង និងចាំលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត ផ្ដល់ទាំងគំនិតដល់គ្នាទៅវិញទៅមក ពេលមានបញ្ហាគេមានគ្នាជួយដោះស្រាយ ជួយឱ្យជាមតិយោបល់ដល់គ្នាទៅវិញទៅមក គេមានគ្នាពីរនាក់ អ៊ីចឹងគេក៏មានកម្លាំងច្រើន ដើម្បីប្រឹងប្រែង អ្វីដែលសំខាន់នោះគឺ គេមានគំនិតច្រើនជាងការដែលយើងនៅម្នាក់ឯង ដូចពាក្យគេថា "មនុស្សម្នាក់គំនិតមួយ តែមនុស្សពីរនាក់គំនិតបី"។
តែខុសប្លែកពីយើងដែលនៅម្នាក់ឯង វាប្រាកដជាលំបាកជាងគេបន្តិចហើយ សួរថាហេតុអ្វី បានជាម្នាក់ឯង ត្រូវលំបាកនោះ បើយើងនៅម្នាក់ឯង គ្មានសម្ពាធ គ្មានអ្នកណាមកបិទបាំងសេរីភាពបែបហ្នឹងនោះ?
នៅម្នាក់ឯង ដ្បិតថាយើងមានសេរីភាពច្រើន ជាពិសេសគឺ ស្រួលក្នុងការដើរហើរទៅណាមកណា មិនបាច់ត្រូវគិត ឬខ្លាចចិត្តអ្នកណាក៏ពិតមែន តែជាក់ស្ដែងណា បើនិយាយចំពោះកិច្ចការងារផ្សេងៗវិញ យើងប្រាកដជាមិនអាចទ្រាំទ្រ ឬតស៊ូម្នាក់ឯងបានឡើយ។ ធម្មតា ការដើរម្នាក់ឯង វាលឿនពិតមែន តែបើយើងដើរមានគ្នា ទើបដើរបានឆ្ងាយ។
យ៉ាងណាមិញ មនុស្សយើងនៅម្នាក់ឯងពិបាក និងអាចនឹងទទួលបានការរីកចម្រើនយឺតជាងអ្នកមានគូបន្តិចហើយ ព្រោះតែប្រឹងប្រែងតែម្នាក់ឯង ត្រូវគិតផង ធ្វើផង មិនមានអ្នកណាមកជួយជាកម្លាំងកាយ កម្លាំងចិត្តយើងច្រើនទេ គឺមានតែខ្លួនឯងពឹងខ្លួនឯង ហត់លំបាក ក៏ត្រូវតែស៊ូតែម្នាក់ឯង លើកទឹកចិត្តខ្លួន ជូតទឹកភ្នែកខ្លួនឯង។ និយាយរួមទៅ ជីវិតនៅម្នាក់ឯង វាលំបាកសព្វបែបយ៉ាងតែម្នាក់ឯងអ៊ីចឹងហើយ។
តែត្រូវចាំថា ជីវិតមានគូអាចល្អប្រសើរជាងជីវិតអ្នកអត់គូ លុះត្រាតែអ្នកអាចរកបានដៃគូជីវិតដែលល្អ អ្នកយល់ចិត្តគេ គេយល់ចិត្តអ្នក ចេះចង់មានចង់បានដូចគ្នា ចេះជួយជ្រោមជ្រែង និងតស៊ូជាមួយគ្នា មានសុខរួមសុខ មានទុក្ខរួមទុក្ខ ជួបបញ្ហា ការលំបាកយ៉ាងណា ក៏ត្រូវតែនៅជាមួយក្នា ប្រឹងប្រែងជម្នះជាមួយគ្នា ក្រមិនចោលគ្នា ធូរធារក៏មិនក្បត់គ្នាដែរ ទាល់តែអ្នកអាចរកបានដៃគូដែលល្អដែរ ទើបជីវិតអ្នកមានគូអាចរស់នៅសុខសាន្ត រីកចម្រើន និងពោរពេញទៅដោយក្ដីសុខ សុភមង្គល។
ប៉ុន្តែបើអ្នកមិនអាចរកបានមនុស្សដែលស្រឡាញ់អ្នក ហើយអ្នកស្រឡាញ់គេ មិនអាចរកបានដៃគូជីវិតដៃល្អពិតប្រាកដទេ គួរតែនៅម្នាក់ឯងវាល្អជាង សុខចិត្តលំបាកម្នាក់ឯង ល្អជាងទៅយកអ្នកណាមិនដឹង មកនៅក្បែរ ហើយធ្វើឱ្យុយើងលំបាកដោយសារតែគេថែមមួយតង់ទៀត។ ការរស់នៅជាមួយមនុស្សដែលមិនដែលគោរព ស្រឡាញ់ ឱ្យតម្លៃ គ្មានភាពស្មោះត្រង់ចំពោះយើង គឺដូចជារស់នៅក្នុងរណ្ដៅទុក្ខអ៊ីចឹង បើបែបហ្នឹងដដែល សុខចិត្តនៅម្នាក់ឯងរហូត វាក៏មិនឈឺក្បាលហាលថ្ងៃព្រោះតែអ្នកណា៕
អត្ថបទ ៖ pHknongsrok/Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក