បុរសជាច្រើនបានចែករំលែកនូវអារម្មណ៍របស់ខ្លួន ចំពោះដៃគូសង្សារ ឬភរិយា គាត់បាននិយាយថា មនុស្សស្រីដែលមានភាពទាក់ទាញ គួរឱ្យចាប់អារម្មណ៍បំផុត គឺស្ថិតនៅពេលវេលាទាំង៣ខាងក្រោមនេះ។ ហើយចំណុចនេះដែរ ក៏ធ្វើឱ្យពួកគេតែងតែចងចាំដល់រូបផាពរបស់នាង និងមានការគោរព ស្រឡាញ់នាងជាខ្លាំង។
១. នៅពេលស្ត្រីសើចសប្បាយ
ជាការពិតណាស់ នៅពេលដែលស្ត្រីសប្បាយរីករាយ នាងប្រាកដជាសើច និងញញឹម នេះជាមន្តស្នេហ៍ដ៏ទាក់ទាញដែលនាងកំពុងតែរាយអន្ទាក់ ដល់មនុស្សដែលកំពុងតែក្រឡេកមើលនាង ជាពិសេសគឺបុរស។
តើអ្នកណាមិនចូលចិត្ត មិនកោតសរសើរនៅពេលដែលមនុស្សស្រីញញឹម រូបភាពនេះ វាពិតជាស្រស់ស្រាយ និងពោរពេញទៅដោយថាមពលសុទិដ្ឋិនិយមជាខ្លាំង។
ស្នាមញញឹមរបស់មនុស្សស្រី គឺប្រៀបបីដូចជាពន្លឺព្រះអាទិត្យដែលចែងចាំងនៅក្នុងដួងចិត្តរបស់មនុស្សប្រុស។ ប្រសិនបើព្រះអាទិត្យផ្តល់ជីវិតដល់អ្វីៗទាំងអស់ ស្នាមញញឹមរីករាយពេញដោយរស្មី នឹងនាំមកនូវថាមពលវិជ្ជមានដល់មនុស្សជុំវិញខ្លួន ជាពិសេសគឺ ស្នាមញញឹមរបស់មនុស្សស្រីជទីស្រឡាញ់ ជាកម្លាំងថាមពលជួយចជម្រុញដល់ដួងចិត្តបុរស។
មនុស្សស្រីដែលសើចច្រើន មិប្រាកដថាសប្បាយចិត្តនោះទេ ប៉ុន្តែប្រសិនបើពួកគេសប្បាយចិត្ត ពួកគេប្រាកដជាញញឹមនឹងភាពភ្លឺស្វាង និងស្រស់ស្រាយបំផុត។ បុរសគ្រប់រូបសង្ឃឹមថានឹងធ្វើឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់ពេញចិត្ត ពោរពេញដោយស្នាមញញឹម មិនចង់ឃើញនាងយំទេ ព្រោះថានៅពេលដែលមនុស្សស្រីយំ បុរសនឹងមានអារម្មណ៍ខឹង និងស្អប់ខ្លួនឯងជាខ្លាំង ដែលមិនអាចធ្វើជាទីពឹងដ៏កក់ក្ដៅសម្រាប់មនុស្សស្រីដែលខ្លួនស្រឡាញ់។
ដូច្នេះនៅពេលដែលមនុស្សស្រីសើចសប្បាយរីករាយ នោះហើយជាពេលដែលពួកគេដឹងថាពួកគេកំពុង“ ធ្វើត្រូវ” ហើយពួកគេត្រូវខិតខំបន្ថែមទៀត ដើម្បីធ្វើឱ្យនាងកាន់តែរីករាយ មានស្នាមញញឹមកាន់តែច្រើន។
ក្នុងនាមជាបុរសពួកគេត្រូវតែទទួលរងសម្ពាធជាច្រើននៅក្នុងជីវិត ប៉ុន្តែវាពិបាកក្នុងបង្ហាញនូវសម្ពាធទាំងនោះចេញមកខាងក្រៅឱ្យអ្នកផ្សេងបានឃើញណាស់។ ជារឿយៗពួកគេស៊ូទ្រាំដោយស្ងៀមស្ងាត់ ហើយទប់ទល់នឹងសម្ពាធ និងទុក្ខព្រួយដោយស្ងៀមស្ងាត់។ ដូច្នេះពួកគេតែងតែចង់នៅជាមួយស្ត្រីប្រកបដោយសន្តិភាព រីករាយ និងសុទិដ្ឋិនិយម ដើម្បីជួយពួកគេឱ្យជាសះស្បើយនូវស្មារតីរបស់ពួកគេ។
ស្ត្រីដែលមានស្នាមញញឹមភ្លឺថ្លានៅលើផ្ទៃមុខរបស់នាង គឺជានារីដែលមានភាពទាក់ទាញ និងស្រស់ស្អាតបំផុត ដែលបុរសគ្រប់រូបប្រាថ្នាចង់នៅក្បែរ និងស្រលាញ់ជាខ្លាំង។ ព្រោះប្រសិនបើអ្នកអាចនៅជាមួយនារីបែបនេះ ពេលនោះភាពនឿយហត់ និងភាពតានតឹងទាំងប៉ុន្មាននឹងរសាត់បាត់ទៅ។
២. នៅពេលស្ត្រីស្ថិតក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ឬចូលរួមក្នុងពិធី
បុរសតែងសម្លឹងមិនដាក់ភ្នែក នៅពេលដែលបានឃើញមនុស្សស្រីដែលខ្លួនស្រឡាញ់គ្រងឈុតកូនក្រមុំពណ៌ស ហើយឈរ និងដើរមកកាន់ខ្លួនក្នុងថ្ងៃដ៏ពិសេស វាពិតជាធ្វើឱ្យគាត់មានអារម្មណ៍រំភើប កក់ក្ដៅយ៉ាងខ្លាំង ហើយរូបភាពពេលនោះហើយដែលធ្វើឱ្យគាត់ចងចាំមិនដែលភ្លេច ព្រោះវាមានន័យថា នាងបានព្រមចូលមកក្នុងជីវិតរបស់គាត់ ព្រមឱ្យគាត់មើលថែចាប់ពីពាក់កណ្ដាលជីវិតនេះ វាក៏ជាសញ្ញាមួយបញ្ជាក់ថា ចាប់ពីពេលនេះទៅ គឺជីវិតគាត់នឹងរួមចំណែកដោយមនុស្សស្រីដែលគាត់ស្រឡាញ់ហើយ។
លើសពីនេះ មនុស្សស្រីដែលស្ថិតក្នុងឈុតកូនក្រមុំ ជាមួយនឹងការតុបតែងខ្លួនយ៉ាងពិសេស មើលទៅនាងពិតជាស្រស់ស្អាតលើសស្រីទាំងពួង នាងប្រៀបបាននឹងទេពអប្សរ ដែលឈរនៅចំពោះមុខបុរសសាមញ្ញផងដែរ។
ម្យ៉ាងទៀត មិនត្រឹមនាងស្ថិតក្នុងថ្ងៃពិសេស ថ្ងៃរៀបការនោះឡើយ តែចំពោះការតុបតែងខ្លួនរបស់នាងពេលចូលរួមកម្មវិធីនានា ក៏ជាពេលវេលាដែលធ្វើឱ្យបុរសមានអារម្មណ៍ស្ញប់ស្ញែង និងរីករាយយ៉ាងខ្លាំង នៅពេលដែលឃើញភរិយា ឬមនុស្សជាទីស្រឡាញ់តុបតែងខ្លួនយ៉ាងស្រស់ស្អាត គាត់ក៏មានទំនុកចិត្តក្នុងការបណ្ដើរនាងចូលរួមក្នុងកម្មវិធី ដើម្បីបង្អួតភ្នែកមិត្ត ឬសាច់ញាតិផងដេរ។
៣. នៅពេលស្ត្រីមើលកូន
នេះមិនត្រឹមតែជាពេលវេលាដ៏ពិសិដ្ឋដែលពោរពេញទៅដោយក្តីស្រឡាញ់របស់ម្តាយ និងកូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលាមួយដែលបុរសនឹងចងចាំមិនអាចភ្លេចបានឡើយ។ ភ្នែករបស់ម្ដាយដែលកំពុងមើលកូន គឺរីករាយ និងកក់ក្តៅបំផុត។ វាគឺជាពេលដែលមានសេចក្តីស្រឡាញ់ខាងព្រលឹងវិញ្ញាណដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោក។
ឥឡូវនេះបុរសមើលទៅស្ត្រីដែលពួកគេស្រឡាញ់ដោយបេះដូងរំជួលចិត្ត ដឹងគុណ ពោរពេញដោយក្តីស្រឡាញ់ គោរព និងការការពារ។ បុរសមានអារម្មណ៍ថាភរិយារបស់ពួកគេពិតជាស្រស់ស្អាត និងមានភាពក្លាហាននាពេលបច្ចុប្បន្ននេះ ពីព្រោះនាងកំពុងសម្តែងភាពជាម្តាយរបស់នាងចំពោះកូនរបស់គាត់។ បុរសតែងតែចាំនៅពេលនេះដើម្បីខិតខំឱ្យប្រពន្ធ និងកូនៗ មានជីវភាពប្រសើរឡើង៕
ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)