ជីវិតរីករាយ សប្បាយក្អាកក្អាយនៅខាងក្រៅ តែសោកសៅ បៀមទុក្ខគ្រាំគ្រានៅខាងក្នុង។ វាជាស្ថានភាពនៃជីវិត ពេលខ្លះ ពិតជាពិបាកទ្រាំណាស់ ពេលខ្លះពិតជាអាណិតខ្លួនឯងខ្លាំង ហើយក៏សួរខ្លួនឯងថា ហេតុអ្វីខ្លួនឯងត្រូវមកស្ថិតក្នុងស្ថានភាពនេះ?
ហេតុអ្វីខ្ញុំត្រូវដើរមកដល់ចំណុចមួយនេះ? អារម្មណ៍ពេលខ្លះពិតជាពិបាកបកស្រាយមែន ជាពិសេសគឺ ពេលដែលមានទុក្ខ ជួបបញ្ហា គឺក្បាលមួយតែឯង មិនត្រឹមតែគ្មានអ្នកណានៅក្បែរលួងលោមនោះទេ តែបញ្ហាធំបំផុតរបស់ខ្លួនឯងនោះគឺ មិនដឹងថាគួរនិយាយបែបណា ប្រាប់អ្នកណា ចង់ហាប្រាប់គេក៏មិនហ៊ាន ហេតុអ្វីទៅ?
វាជារឿងដែលពិបាកពិតមែន ដែលសូម្បីតែចង់និយាយឱ្យបានធូរចិត្ត ក៏និយាយមិនបានបែបនេះ។
មានរឿងរ៉ាវជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់ រាប់ក៏មិនអស់ដែរ តែអ្វីដែលជីវិតអាចធ្វើបាន អ្វីដែលអាចប្រាប់ខ្លួនឯងនោះគឺ ប្រាប់ឱ្យខ្លួនឯងរឹងមាំ ទ្រាំអត់ធ្មត់ សង្កត់ចិត្តបន្ត ក្រែងរឿងល្អៗនឹងកើតមានតាមក្រោយ។
ដឹងទេថា ពេលដែលលំបាក ហើយត្រូវនិយាយពាក្យប៉ុន្មានម៉ាត់ដើម្បីលួងខ្លួនឯង ទាំងដែលចម្លើយពិតប្រាកដមិនដឹងថា ពាក្យលួងទាំងនោះ អាចមានពិត ឬក៏ជាពាក្យក្លែងក្លាយឬអត់ផង។
លួងអ្នកដទៃ និយាយពាក្យល្អៗក៏បានហើយ តែលួងខ្លួនឯងនេះ ពេលខ្លះទោះនិយាយល្អប៉ុនណា ក៏ពិបាកស្ដាប់គ្នាបានដែរ។
ជីវិតនេះ មានរឿងសប្បាយរីករាយ តិចជាងរឿងសោកសៅ ខូចចិត្ត តែមានជីវិតហើយ គឺត្រូវតែបន្តរស់នៅឱ្យមានតម្លៃ ទោះរស់មួយថ្ងៃរង់ចាំមួយថ្ងៃ ក៏ត្រូវតែរស់ថ្ងៃនេះឱ្យល្អជាម្សិលមិញ ហើយរស់ថ្ងៃស្អែកឱ្យបានល្អជាងថ្ងៃនេះ ជីវិតនេះ មិនដែលទាមទារ ឬសំណូមពរអ្វីរញ៉េរញ៉ៃច្រើនទេ។
តែពេលខ្លះ យើងខ្លួនឯងទេ ដែលចេះតែទាមទារចង់បាននេះ ចង់បាននោះ ធ្វើឱ្យខ្លួនឯងកាន់តែស្មុគស្មាញលើសបញ្ហាដែលកើតឡើងទៅទៀត៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ