ជាធម្មតា មនុស្សស្រីឱ្យតែមានបញ្ហា ការលំបាក ឬរឿងរ៉ាវផ្សេងៗ នាងតែងតែព្យាយាមបង្ហាញវាចេញមកនៅចំពោះមុខមនុស្សខ្លួនស្រឡាញ់ នាងតែងតែនិយាយគ្រប់រឿង គ្រប់បញ្ហាប្រាប់មនុស្សដែលនាងស្រឡញ់ ហេតុផលព្រោះនាងចង់មានអ្នកនៅក្បែរ នាងចង់ឱ្យមនុស្សដែលនាងស្រឡាញ់អាចយល់ពីនាង លួងលោមនាង អ្វីដែលសំខាន់ នាងចង់ឱ្យមនុស្សដែលនាងស្រឡាញ់បានដឹងរឿងទាំងអស់របស់នាង មិនថាល្អ ឬអាក្រក់នោះទេ ព្រោះនាងចង់ឱ្យម្នាក់នោះ ជាចំណែកដ៏សំខាន់បំផុតនៅក្នុងជីវិតនាង។
ចំណែកមនុស្សប្រុស ផ្ទុយខុសស្រឡះពីមនុស្សស្រី មិនថាគេមានរឿងអ្វី លំបាកយ៉ាងណានោះឡើយ សុខចិត្តទ្រាំលាក់តែម្នាក់ឯង កម្រមានមនុស្សប្រុសណាប្រាប់ពីបញ្ហាដល់មនុស្សខ្លួនស្រឡាញ់ណាស់ មិនមែនគេមានចេតនាមិនល្អ ឬចង់លាក់បាំងនោះឡើយ តែដោយសារតែគេមិនចង់ឱ្យមនុស្សដែលខ្លួនស្រឡាញ់ ត្រូវមកលំបាក ប្រឈមនឹងបញ្ហាជាមួយនឹងគេ គេគិតថាគេជាមនុស្សប្រុស ដូច្នេះគេត្រូវតែមានភាពរឹងមាំឱ្យបានគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា មិនអាចអូសទាញមនុស្សស្រីម្នាក់មកលំបាកជាមួយគេនោះឡើយ។
ដូចពាក្យគេថា មនុស្សស្រីច្រើនតែប្រើអារម្មណ៍ និងមនោសញ្ចេតនា ចំណែកមនុស្សប្រុសប្រើខួរក្បាលច្រើនជាង។ អាចនិយាយបានថា មនុស្សប្រុសរងសម្ពាធផ្លូវចិត្ត ផ្លុវអារម្មណ៍ច្រើនជាង ព្រោះគ្រប់ពេលដែលមានបញ្ហា ប្រឈមមុខនឹងរឿងរ៉ាវពិបាកៗជាច្រើន គឺគេមានតែទ្រាំលាក់ទុកតែម្នាក់ឯង ចំណែកមនុស្សស្រីគ្រាន់បាននិយាយចេញមកក្រៅ បានរអ៊ូឱ្យបានធូរចិត្ត ដូច្នេះសម្ពាធក៏បានធូរស្រាលមួយកម្រិតដែរ។ ប៉ុន្តែមនុស្សប្រុសវិញ គឺត្រូវរ៉ាប់រងរាល់បញ្ហាការលំបាកតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ នេហទើបហៅថាជាការពិបាក និងសម្ពាធខ្លាំង៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ