ជាសង្សារនឹងគ្នាមកជាច្រើនឆ្នាំ តែចំណុចចុងក្រោយដែលអាចដើរបានគឺ ចែកផ្លូវគ្នាដើររៀងៗខ្លួន មិនមែនក្លាយជាមនុស្សពីរនាក់មិនស្គាល់គ្នាទេ គ្រាន់តែប្រែពីឈ្មោះថាជាសង្សារ បន្ថែមពាក្យមួយម៉ាត់ ដោយពាក្យថា សង្សារចាស់ តែប៉ុណ្ណោះ។ សួរថា ស្រឡាញ់គ្នាយូរឆ្នាំហើយ ហេតុអ្វីក៏បែកគ្នា មិនស្ដាយអនុស្សាវរីយ៍ទេ? មិនស្ដាយពេលវេលាដែលខំសាងមកជាមួយគ្នាទេ?
ច្បាស់ណាស់ថា គឺស្ដាយ ហើយក៏ស្ដាយខ្លាំង តែអ្វីដែលសំខាន់គឺ ចំណាយពេលមកជាឆ្នាំជាមួយគ្នាហើយ តែពួកយើងក៏នៅតែមិនអាចចុះសម្រុងនឹងគ្នាបាន។ ដូច្នេះ ជម្រើសចុងក្រោយគឺមានតែចែកផ្លូវគ្នាដើររៀងៗខ្លួនតែប៉ុណ្ណោះ។
តែបើសួរថា ហេតុអ្វីក៏សុខចិត្តជ្រើសយកអ្នកថ្មីដែលទើបតែស្គាល់គ្នា តែបែរជាមិនព្រមទទួលយក ឬត្រឡប់ទៅរកអ្នកចាស់ដែលស្គាល់ចិត្តថ្លើមគ្នាច្បាស់បាន? វាពិបាកណាស់ ពេលខ្លះ អ្នកចាស់គ្រាន់តែស្ថិតក្នុងការចងចាំ ស្ថិតក្នុងអារម្មណ៍ និងមនោសញ្ចេតនាដែលដក់ដាមតែប៉ុណ្ណោះ តែសម្រាប់អ្នកថ្មី គឺគេច្បាស់លាស់ជាង គេអាចផ្ដល់នូវអារម្មណ៍សុវត្ថិភាព និងភាពកក់ក្ដៅដល់យើង មិនមែនជាស្នេហាដែលចំណាយពេលចោលជាច្រើនឆ្នាំ តែចុងក្រោយ បានត្រឹមតែជាសង្សារចាស់នោះឡើយ។
គ្មាននរណាម្នាក់ ចង់បែកពីមនុស្សដែលខ្លួនស្រឡាញ់នោះទេ ប៉ុន្តែពេលខ្លះវាជាការមិនចុះសម្រុង វាជាការដែលមិនយល់ពីគ្នា អាចនិយាយបានថា គឺមិនសមស្របជាមួយនឹងគ្នា យើងបានត្រឹមតែជាអតីតកាល ជាអារម្មណ៍ដែលចង់បានមួយពេលតែប៉ុណ្ណោះ តែយើងពិតជាមិនអាចនឹងដើរបន្តទៅរកចំណុចមួយដែលល្អប្រសើរនឹងគ្នាទេ។
មនុស្សស្រី មុននឹងនាងបែកពីអ្នកចាស់ នាងក៏បានសម្រេចចិត្តច្បាស់លាស់ហើយ ហើយវាពិតជាពិបាកណាស់ បើឱ្យនាងត្រឡប់ក្រោយទៅរកអ្នកចាស់វិញនោះ។ ទោះយ៉ាងណា សម្រាប់មនុស្សស្រីគឺនាងសុខចិត្តជ្រើសយកអ្នកថ្មី តែដាច់ខាតមិនវិលរកអ្នកចាស់វិញទេ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ