ក្នុងដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ គឺសុទ្ធតែមានបញ្ហា មានទុក្ខលំបាករៀងៗខ្លួន ហើយមនុស្សគ្រប់រូប ក៏សុទ្ធតែជួប និងរងការឈឺចាប់ ឆ្លងកាត់ដំណាក់កាលនៃការខូចចិត្ត ដែលពិបាកនឹងគ្រប់គ្រងអារម្មណ៍ណាស់។ រឹតតែច្បាស់ជាងនេះគឺ គ្រប់គ្នា ក៏ត្រូវតែជួបអារម្មណ៍ហេលហាល ស្រឡះធេង ទទេរស្អាត នៅពេលដែលខ្លួនត្រូវជួប និងប្រឈមមុខ ចំពោះការបាត់បង់អ្វីមួយ ជាពិសេសគឺ បាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់។
ការខូចចិត្តចំពោះរឿងស្នេហា វាគឺជាបញ្ហាមួយដែលយុវវ័យភាគច្រើនគឺតែងតែឆ្លងកាត់ ប៉ុន្តែ វាប្រហែលជាបញ្ហារបស់យុវវ័យដែលត្រូវតែឆ្លងកាត់មួយពេលខ្លីតែប៉ុណ្ណោះ ព្រោះថាដំណាក់កាលនៃជីវិតយុវវ័យមួយនេះ គឺត្រូវតែជួបស្នេហាដែលបរាជ័យ ជួបជីវិតស្នេហាខកបំណងបែបហ្នឹងហើយ។ តែយ៉ាងណាក៏ដោយ ពេលដែលអ្នកឆ្លងកាត់ដំណាក់កាលនេះហើយ អ្នកនឹងកាន់តែមានការយល់ដឹង និងរឹងមាំជាងមុនទ្វេដង អ្នកអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន អ្នកនឹងឆ្លាតជាងមុន ក្នុងការជ្រើសរើសអ្នកថ្មី ដើម្បីឱ្យគេចូលមកក្នុងជីវិតរបស់អ្នក។
មនុស្សស្រីត្រូវចាំណា ទោះអ្នកឈឺចាប់ ខូចចិត្ត ព្រោះតែរឿងស្នេហាយ៉ាងណាក៏ដោយ តែឱ្យតែអ្នកចេះតាំងចិត្តរឹងមាំឱ្យបានគ្រប់គ្រាន់ នោះពេលវេលាក៏នឹងជួយកែប្រែ និងផ្លាស់ប្ដូរគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នក ឱ្យកាន់តែបានល្អប្រសើរឡើងវិញ។ អ្នកឆ្លងកាត់ការឈឺចាប់ វាគឺជាពេលវេលាដកពិសោធន៍អ្នកថា តើអ្នកអាចឆ្លងកាត់វាបានទេ តើអ្នករឹងមាំទេ អ្វីដែលពិសេសគឺ អ្នកឆ្លាតកម្រិតណាដែរ?
ស្នេហាត្រូវការប្រើមនោសញ្ចេតនា តែយ៉ាងណាក៏ដោយ កុំបណ្ដោយឱ្យមនោសញចញ្ចេតនាធ្លាក់ចុះខ្លាំងពេក កុំងប់ងល់ពេក ក្ដីស្រឡាញ់ បើយើងប្រើតែមនោសញ្ចេតនាពេក គឺយើងត្រូវឈឺចាប់មិនចេះចប់ឡើយ ដូច្នេះហើយ ត្រូវប្រើខួរក្បាលឱ្យបានច្រើនជាងមនោសញ្ចេតនាដ៏ល្ងង់ខ្លៅ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ