នៅពេលដែលមនុស្សស្រីស្ងៀមស្ងាត់ នោះគឺជាសញ្ញានៃភាពស្ងប់មុនពេលដែលមានបញ្ហាធំកើតឡើងហើយ!

ជាការពិតណាស់ ក្នុងនាមជាមនុស្សស្រី ជាប្រពន្ធ ជាម្ដាយម្នាក់ មិនអត់ទេដែលនាងតែងតែរអ៊ូរទាំស្ទើរតែរៀងរាល់ថ្ងៃ នាងតែងតែមានអារម្មណ៍មិនល្អស្ទើរតែគ្រប់ពេល នេះក៏ព្រោះតែនាងមានកិច្ចការងារនៅក្នុងផ្ទះក្រៅផ្ទះជាច្រើនដែលនាងត្រូវទទួលរ៉ាប់រង នាងប្រឈមមុខជាមួយនឹងបញ្ហា ការលំបាកតែម្នាក់ឯង រួមផ្សំទាំងមនុស្សស្រីមួយចំនួន នាងអកុសលបានជួបប្ដីមិនសមប្រកប នោះហើយជាបញ្ហាប្រឈមខ្លាំងសម្រាប់នាង ដែលត្រូវហត់ទាំងកាយ នឿយទាំងចិត្ត ស្មុគទាំងគំនិតចាក់ស្រែះយ៉ាងខ្លាំង។

D9a5bf61a452cc9ebe58f791716d5814

យ៉ាងណាមិញ សម្រាប់មនុស្សប្រុសមួយចំនួន គាត់តែងតែមានការធុញទ្រាន់ អាចឈានដល់មានអារម្មណ៍ស្អប់ប្រពន្ធថែមទៀតផង នៅពេលដែលគាត់ឮសំឡេងប្រពន្ធរអ៊ូរង៉ូវៗនៅក្បែរត្រចៀក គាត់ធុញដែលត្រូវប្រពន្ធទេសនា រករឿងចំពោះគាត់ ... ប៉ុន្តែគាត់មិនដែលដឹង និងព្យាយាមស្វែងរកមូលហេតុដែលធ្វើឱ្យប្រពន្ធរបស់គាត់ក្លាយទៅជាយាយចាស់ដែលពូកែរអ៊ូនោះឡើយ គាត់មិនគិតថា ហេតុអ្វីបានជាប្រពន្ធគាត់មិនសប្បាយចិត្ត? គាត់មិនដែលគិតថា ក្នុងនាមជាស្វាមីម្នាក់ ហេតុអ្វីមិនអាចធ្វើឱ្យប្រពន្ធខ្លួនក្លាយជាស្ត្រីមានសំណាង បានរស់នៅជាមួយនឹងសេចក្ដីស្ងប់សុខក្នុងជីវិតគ្រួសារ? ផ្ទុយទៅវិញ តាំងពីនាងរៀបការជាមួយនឹងគាត់ នាងបានប្រែប្រួលផ្លាស់ប្ដូរស្ទើរតែទាំងអស់ ដើម្បីបំពេញអត្ថន័យដល់គ្រួសារមួយនេះ តែចុងក្រោយ គាត់បែរជាទទួលបានត្រឹមតែអារម្មណ៍ឈឺចាប់ ហត់នឿយ និងត្រូវបានប្ដីធុញទ្រាន់ ឬស្អប់ទៅវិញ។ សួរថា តើមានមនុស្សស្រីណាដែលចង់រអ៊ូរទាំ នាំតែហត់ចិត្តរាល់ថ្ងៃនោះ? ព្រោះពេលខ្លះ សូម្បីតែនាងខ្លួនឯង ក៏មិនមានកម្លាំង ឬទឹកចិត្តក្នុងការរអ៊ូរឿងដដែលៗនោះដែរ នាងក៏ហត់ ធុញនឹងសំឡេងរអ៊ូដែរ ប៉ុន្តែរឿងចម្បងគឺមកពីស្វាមី ឬសមាជិកណាមួយក្នុងគ្រួសារហើយដែលមិនយល់ និងមិនដែលគិតគូរខ្វាយខ្វល់ពីអារម្មណ៍នាង។

Screen Shot 2020 11 13 At 10.18.00 PM

ដូច្នេះអាចនិយាយបានថា នៅពេលដែលនាងនៅរអ៊ូ ស្ដីបន្ទោស ឈ្លោះ រករឿងជាមួយនឹងអ្នក នោះមានន័យថា អ្នកនៅមានចំណែកសំខាន់ និងមានតម្លៃខ្លាំងសម្រាប់នាង ប៉ុន្តែប្រសិនបើដល់ដំណាក់កាលមួយ នាងស្រាប់តែស្ងៀមស្ងាត់ លែងនិយាយ លែងស្ដី លែងខ្វល់ លែងរករឿងឈ្លោះ លែងរអ៊ូដាក់អ្នកទៀតនោះ វាក៏ជាពេលមួយដែលនាងកំពុងតែត្រៀមខ្លួនក្នុងការចាកចេញពីជីវិតរបស់អ្នកហើយ។​ មិនខុសអីពីសមុទ្រនោះឡើយ មុនពេលដែលមានព្យុះភ្លៀងបោកបក់ខ្លាំង គឺសមុទ្រតែងស្ងប់ស្ងាត់ជាមុនសិន។ វាក៏ដូចគ្នានឹងអារម្មណ៍របស់មនុស្សស្រី មុននឹងនាងបង្ហាញនូវបញ្ហាធំចុងក្រោយគឺ លែងលះ ឬដឹកដៃកូនដើរចេញពីជីវិតអ្នក គឺនាងតែងតែលាក់នូវអារម្មណ៍ទាំងអស់របស់នាង មិនរករឿងឈ្លោះ តតាំងជាមួយអ្នកទៀតនោះឡើយ តែបើដល់បេលដល់វេលាហើយ នាងក៏នឹងចាកចេញទៅបាត់ មិនត្រឡប់រកអ្នកវិញនោះឡើយ។

Screen Shot 2020 11 13 At 10.18.12 PM

សូមចាំណាបុរសៗទាំងឡាយ កុំចង់ឱ្យប្រពន្ធអ្នកក្លាយជាមនុស្សស្ងៀមស្ងាត់ ហើយក៏កុំធ្វើឱ្យប្រពន្ធរបស់អ្នកក្លាយជាប្រពន្ធដែលពូកែរអ៊ូរទាំដូចយាយចាស់ ក្លាយជាស្ករ ឬកណ្ដឹងតែចាំតែរោទិ៍ក្នុងផ្ទះរាល់វេលាអី រៀនខ្វល់ រៀនគិត រៀនព្យាយាមឈ្វេងយល់ពីចិត្តគំនិតរបស់ប្រពន្ធឱ្យបានច្រើន៕

Screen Shot 2020 11 13 At 10.18.05 PM

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: