ចិញ្ចៀនបញ្ចាំចិត្ត ឬខ្នោះដាក់ជីវិត មនុស្សស្រីត្រូវគិតឱ្យមែនទែន មុននឹងទទួលពីមនុស្សណាម្នាក់

មនុស្សស្រីគ្រប់រូប នាងប្រាកដជាសប្បាយចិត្តបំផុត នៅពេលដែលមាននរណាម្នាក់ ឬមនុស្សដែលនាងស្រឡាញ់បានកាន់ចិញ្ចៀនមកសុំនាងរៀបការ ព្រោះនេះជាអ្វីដែលនាងប្រាថ្នានៅក្នុងជីវិត វាក៏ជាការបង្ហាញពីចិត្ត ការគោរព ឱ្យតម្លៃ បំពេញមុខមាត់កិត្តិយសដល់នាងផងដែរ។ ប៉ុន្តែ នៅពេលដែលអ្នកព្រមទទួលចិញ្ចៀនមួយវង់ដ៏គួរឱ្យស្រឡាញ់ ពីមនុស្សដែលអ្នកស្រឡាញ់ អ្នកមានបានគិតច្បាស់លាស់ហើយដែរឬទេ? អ្នកប្រាកដចិត្តទេថា ចិញ្ចៀនមួយវង់នេះ ជាចិញ្ចៀនបញ្ចាំចិត្ត សម្រាប់ការកសាងគូជីវិត រួមរស់ជាមួយគ្នាជាប្ដីប្រពន្ធដែលពោរពេញទៅដោយសេចក្ដីសុខ សុភមង្គល និងភាពកក់ក្ដៅ ឬវាគ្រាន់តែខ្នោះដៃដ៏តូចមួយ ដែលនឹងចូលមកដាក់ចាក់សោជីវិតរបស់អ្នកមិនឱ្យមានសេរីភាព​ ឬសេចក្ដីសុខដ៏ពេញលេញ?

00da63a7dcaf9addd87ab48a8e74416f

ចិញ្ចៀនខ្លះវាពិតជាស្រស់ស្អាត និងមានតម្លៃ ប៉ុន្តែវាបែរជាមិនមានន័យ ហើយក៏មិនបានបន្ថែមអត្ថន័យនៃសុភមង្គលឱ្យដល់អ្នកដែលបានទទួលវានោះលើយ ហេតុផល ក៏ព្រោះតែចិញ្ចៀននោះ ត្រូវបានផ្ដល់ដោយមនុស្សម្នាក់ដែលមិនមានសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដចំពោះអ្នក មិនមានសេចក្ដីស្មោះត្រង់ការគោរពដ៏ពិតប្រាកដដល់អ្នក វាគ្រាន់តែជាចិញ្ចៀនដែលគេចង់បំពាក់ដើម្បីចងអ្នកទុក កុំឱ្យអ្នកផ្សេងយកអ្នកបានក្រៅពីគេតែប៉ុណ្ណោះ គេគ្រាន់តែបំពាក់វាដើម្បីឃុំឃាំងសិទ្ធិសេរីភាពនៃជីវិតរបស់អ្នកតែប៉ុណ្ណោះ ពេលនោះហើយ ដែលចិញ្ចៀនមួយវង់នោះ វាគ្រាន់តែជាខ្នោះដាក់ជីវិតរបស់អ្នកទៅវិញទេ។

983b06a0adfdef4a32adc56940cb96f9

ផ្ទុយទៅវិញ​ បើចិញ្ចៀនមួយវង់នោះបានផ្ដល់ឱ្យអ្នកដោយមនុស្សប្រុសថ្លៃថ្នូរ ខ្ពង់ខ្ពស់ មានអត្តចរិតល្អ ស្រឡាញ់អ្នកជាអ្នក មានចិត្តស្មោះស្ម័គ្រ ប្រាកដប្រជាជាមួយនឹងអ្នក ចង់មានអនាគតមួយជាមួយនឹងអ្នក ជាពិសេសគឺ គេមានគំនិតគិតប្រាថ្នា ចង់បានគ្រួសារមួយដែលមានសុភមង្គល ភាពកក់ក្ដៅដ៏ពិតប្រាកដ នោះហើយទើបជាចិញ្ចៀនបញ្ចាំចិត្ត ចិញ្ចៀនសម្រាប់គូជីវិត មិនមែនជាខ្នោះដាក់ជីវិតអ្នកនោះឡើយ។ ដូច្នេះហើយ មុននឹងទទួលយកចិញ្ចៀនពីនរណាម្នាក់ អ្នកត្រូវតែគិតឱ្យបានជាក់លាស់ ល្អិតល្អន់ កុំចេះតែឆិនឆៃតាមតែចិត្ត និងអារម្មណ៍មួយឆាវ ព្រោះមនុស្សដែលយកចិញ្ចៀនមកសុំអ្នករៀបការ មិនមែនសុទ្ធតែមានន័យថាគេស្រឡាញ់អ្នក ព្រមរ៉ាប់រងក្នុងជីវិតអ្នកទាំងមូលរហូតនោះទេ កុំរំភើបព្រោះតែចិញ្ចៀនមួយវង់របស់គេ រហូតធ្វើឱ្យខ្លួនឯងភ្លេចគិតមុខគិតក្រោយ មិនបានគិតវែងឆ្ងាយនោះ ព្រោះជីវិតសុខ ឬទុក្ខ គឺអាចគិតចាប់ពីថ្ងៃដែលអ្នកព្រមទទួលយកចិញ្ចៀន និងព្រមប្រើជីវិតរួមជាមួយនឹងគេនោះហើយ៕

E3e326605c7f7cec096a4996d9003482

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ