ដ្បិតថាពិភពលោកមួយនេះ មានមនុស្សជាង៧ពាន់លាននាក់ក៏ពិតមែន តែជាក់ស្ដែង យើងបែរជាពិបាកនឹងរកមនុស្សម្នាក់ដើម្បីមករួមដំណើរ ជាដៃគូជីវិតប្ដីប្រពន្ធនឹងគ្នាទៅវិញ។ មិនមែនមនុស្សច្រើន ងាយស្រួលសម្រាប់យើងជ្រើសរើសនោះឡើយ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើន ក៏កាន់តែពិបាកសម្រាប់យើងក្នុងការជ្រើសរើស។
យ៉ាងណាមិញ មនុស្សដែលអាចបានមកជួបគ្នា ស្រឡាញ់គ្នា ក្លាយជាប្ដីប្រពន្ធនឹងគ្នា គឺត្រូវពឹងផ្អែកទៅលើនិស្ស័យដែលមានចំពោះគ្នាទៅវិញទេ ហើយការដែលអាចក្លាយជាប្ដីប្រពន្ធនឹងគ្នា ស្រលាញ់គ្នា អាចថែរក្សាចំណងអាពាហ៍ពិពាហ៍ ជីវិតប្ដីប្រពន្ធជាមួយគ្នាបានយូរអង្វែង និងមានក្ដីសុខសុភមង្គល គឺអាស្រ័យលើអ្នកទាំងពីរដែលអាចដឹង និងយល់ពីជិវិតប្ដីប្រពន្ធ ហើយប្រើប្រាស់ពេលវេលារួមគ្នាបានល្អកម្រិតណា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ជីវិតគ្រួសារ ជីវិតប្ដីប្រពន្ធ ក៏គង់តែមានពេលឈ្លោះប្រកែក និងមានបញ្ហាថ្នាំងថ្នាក់ចំពោះគ្នាមិនអាចគេចបានឡើយ។ ប៉ុន្តែអ្វីដែលសំខាន់ គឺស្ថិតលើអ្នកទាំងពីរ ចេះប្រឈមមុខ និងដោះស្រាយជាមួយគ្នាដោយរបៀបណា ការឈ្លោះគង់គេចមិនផុត តែបើឈ្លោះហើយយើងព្យាយាមគេចវេស មិនដោះស្រាយជាមួយគ្នា នោះជីវិតអាពាហ៍ពិពាហ៍ គឺមានតែកាន់តែយ៉ាប់យឺនតែប៉ុណ្ណោះ។ លើសពីនេះ ប្ដីប្រពន្ធទោះឈ្លោះគ្នាយ៉ាងណា ហាមដាច់ខាតនិយាយពាក្យថា " លែងលះ ឬចែកផ្លុវគ្នា " ព្រោះទោះជាយ៉ាងណា ទោះបីកំពុងតែខឹង ឬឈ្លោះគ្នាបែបណា ក៏គ្មានប្ដីប្រពន្ធណា សប្បាយចិត្តនឹងស្ដាប់ពាក្យអពមង្គលនេះដែរ។
វិធានការណ៍ ៥ យ៉ាង ដែលធ្វើឱ្យអាពាហ៍ពិពាហ៍មានសុភមង្គល និងរួមរស់បានយូរអង្វែង ៖
១. ការបង្ហាញសេចក្ដីស្រឡាញ់ដ៏ប្រសើរបំផុត គឺជាការចង់នាំយករបស់ល្អៗ ក្នុងការផ្ដល់ឱ្យដៃគូរបស់អ្នក។
២. រឿងរ៉ាវដូចជាអំពើហឹង្សា ការទាមទារគ្រប់គ្រងលុយកាក់ ឬឧបាយកលនឹងមិនបង្កើត ឬរក្សាសេចក្តីស្រលាញ់បានឡើយ។
៣. នៅពេលនិយាយសូមព្យាយាមស្តាប់ និងដាក់ខ្លួនអ្នកឱ្យស្ថិតនៅក្រោមដៃគូរបស់អ្នក ដើម្បីអាចយល់ច្បាស់ពីគាត់ ហើយវាក៏ជាការបង្ហាញថា អ្នកពិតជាយកចិត្តទុកដាក់ និងគោរពចំពោះគាត់។
៤. ទំនាក់ទំនងរាងកាយ គឺជាការបង្ហាញមួយនៃសេចក្តីស្រឡាញ់។ ការឱបដោយភាពកក់ក្ដៅ សុភាពរាបសារ និងស្មោះត្រង់មានថាមពលព្យាបាលដ៏អស្ចារ្យនៅក្នុងទំនាក់ទំនង។
៥. ប្រសិនបើគូស្នេហ៍មានចំណាប់អារម្មណ៍ និងបុគ្គលិកលក្ខណៈស្រដៀងគ្នានោះ ជីវិតរបស់ពួកគេនឹងកាន់តែងាយស្រួល និងរីករាយជាងមុន៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ