ដ្បិតអីមកដល់សម័យនេះ បុរស និងស្ត្រីមានសិទ្ធិស្មើគ្នាក៏ពិតមែន ប៉ុន្តែជាក់ស្ដែង ក៏នៅតែមានមនុស្សមួយចំនួនតូចនៅតែប្រៀបធៀបរវាងបុរស និងស្ត្រី នឹងតែងតែឱ្យតម្លៃស្ត្រីតិចជាបុរស។ យ៉ាងណាមិញ ក្នុងនាមជាស្ត្រីម្នាក់ អ្នកកុំបាច់ទៅខ្វល់ពីទស្សនៈការគិតរបស់នរណាម្នាក់អី អ្វីដែលសំខាន់ អ្នកត្រូវចេះផ្ដោត និងឱ្យតម្លៃខ្លួនឯងឱ្យបានច្រើន តួយ៉ាងមានរឿង៣ចំណុចនេះ ដែលអ្នកត្រូវតែរក្សាឱ្យបាន ហាមបញ្ឈប់ ឬបោះបង់ចោលជាដាច់ខាត។
១. ការសិក្សារៀនសូត្រ
ចំណេះដឹង ពិតជាសំខាន់ខ្លាំងណាស់ ព្រោះថាការរៀនសូត្រគ្មានដែនកំណត់នោះឡើយ ដូច្នេះហើយ មិនត្រឹមតែចំណេះដឹងដែលអ្នកត្រូវរៀនពីសាលាតែប៉ុណ្ណោះទេ ប៉ុន្តែជាក់ស្ដែងការរៀនសូត្រពីជីវិតប្រចាំថ្ងៃ វាក៏រឹតតែមានតម្លៃទ្វេដង នេះគឺជាចំណេះដឹងទូទៅ ដែលយើងត្រូវតែរៀនជានិច្ចមិនអាចបញ្បប់បានឡើយ។ ដ្បិតអីអ្នកខ្លះច្រើនតែនិយាយថា មនុស្សស្រីរៀនច្រើន ច្រើនតែឈ្លើយ ឬព្រហើន តែយ៉ាងណា បើអ្នករៀនបានតិច គេនឹងមើលងាយយើងទៅវិញទេ ម្ល៉ោះហើយ អ្នកត្រូវតែជាស្ត្រីដែលមានចំណេះដឹងជ្រៅជ្រះ ទើបអាចជម្នះពាក្យមាក់ងាយរបស់គេបាន។
២. ត្រូវតែស្អាតជានិច្ច
ដ្បិតអីថាសេចក្ដីថ្លៃថ្នូរ និងគុណតម្លៃរបស់ស្ត្រីស្ថិតនៅលើអត្តចរិត ចិត្តគំនិត និងការនិយាយស្តីក៏ពិតមែន តែជាក់ស្ដែង រូបសម្រស់ខាងក្រៅក៏ជាគុណសម្បត្តិមួយផ្នែកដ៏សំខាន់ដែរ ដូច្នេះ អ្នកត្រូវតែចេះតុបតែងខ្លួន ថែសម្រស់ឱ្យស្រស់ស្អាតជានិច្ច កុំគិតថាខ្លួនឯងមិនស្អាតហើយ ក៏ខ្ជិលថែខ្លួន កុំគិតមានប្ដី មានកូនហើយ មិនបាច់តែងខ្លួន អ្នកគិតខុសហើយ ត្រូវចាំថា សម្រស់ក៏ជាគុណសម្បត្តិមួយដែរ គ្មានមនុស្សស្រីណាដែលថាមិនស្អាតនោះឡើយ មានតែមនុស្សស្រីដែលមិនចេះតែងខ្លួន និងខ្ជិលតែងខ្លួនតែប៉ុណ្ណោះ ទើបនាងគ្មានសម្រស់ស្រស់ស្អាត។
៣. រឹងមាំ ក្លាហាន ចេះគ្រប់គ្រង និងមើលថែខ្លួនឯង
សព្វថ្ងៃនេះនៅពេលដែលសង្គមបានក្លាយទៅជាសម័យទំនើប តួនាទីរបស់ស្ត្រី និងបុរសបានក្លាយជាមានតុល្យភាព និងមានសារៈសំខាន់ដូចគ្នា។ ជាពិសេសនៅពេលដែលមនុស្សស្រីត្រូវបានគេល្បីឈ្មោះថាជាមនុស្សទន់ខ្សោយ ពេលនេះអ្នកត្រូវបង្ហាញថាអ្នកតែងតែមានភាពក្លាហាន រឹងប៉ឹង និងអាចពឹងផ្អែកលើខ្លួនឯងនៅក្នុងជីវិតរបស់អ្នក។ បុរសនឹងគោរពស្ត្រីដែលរកលុយបានច្រើនជាងស្ត្រីដែលចំណាយតែលុយខ្ជះខ្ជាយដោយមិនគិត និងចេះរកអ្វី។ ពួកគេតែងតែត្រូវបានគេកោតសរសើរ និងពេញចិត្តដោយមានប្រពន្ធដែលសកម្មនៅក្នុងកិច្ចការងារផ្ទះ ការងាររកស៊ីខាងក្រៅ និងក្នុងសង្គមផងដែរ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ