ហានិភ័យណាស់! បើមិនចង់ការហើយវេទនាជំពាក់គេ ដាច់ខាតកុំចំណាយលុយខ្ជះខ្ជាយទៅលើរឿងអស់ទាំងនេះឱ្យសោះ

ដូចដែលបានឃើញហើយថា ការរៀបពិធីមង្គលការនៅក្នុងសម័យបច្ចុប្បន្នយើងនេះ គឺត្រូវចំណាយប្រាក់កាសច្រើនទ្វេដងឯណោះ ព្រោះអីវ៉ាន់ ក៏ដូចជាអ្វីៗផ្សេងៗកាន់តែទំនើប និងកាន់តែថ្លៃៗផងដែរ។ ប៉ុន្តែយ៉ាងណាមិញ យើងក៏គួរតែគិតគូរឱ្យបានមត់គត់ ក្នុងការចំណាយចាយវាយគ្រប់បែបយ៉ាងដើម្បីរៀបចំពិធីមង្គលការ ព្រោះថាត្រង់ចំណុចខ្លះ គឺយើងពិតជាបានចំណាយខ្ជះខ្ជាយលើសដែនកំណត់ពេកហើយ។ ដូច្នេះក្នុងថ្ងៃនេះដែរ យើងសូមណែនាំ និងបង្ហាញនូវចំណុចខ្លះៗដែលយើងគួរតែកាត់បន្ថយ ដើម្បីសន្សំសំចៃបានលុយកាក់ខ្លះវិញ។

១. ការដេគ័រតែងលម្អរោងពិធី

Grand Ballroom3

ជាក់ច្បាស់ណាស់ថា ពិធីមង្គលការភាគច្រើន សូម្បីតែនៅតាមបណ្ដាខេត្តក៏ដោយ គឺសុទ្ធតែមានការដេគ័រនូវម៉ូដ ក៏ដូចជាតាំងលម្អផ្កាស្រស់ៗស្កេកស្កះ ដែលត្រង់ចំណុចនេះ គឺស្មើនឹងយើងហែកលុយចោលទាំងអស់។ ព្រោះថាការតែងលម្អផ្កាស្រស់ៗ សុទ្ធតែចំណាយដល់ទៅខ្ទង់ពាន់ដុល្លាឯណោះ ដូច្នេះហើយ វាពិតជាខ្ជះខ្ជាយខ្លាំងពិតមែន។ តែសម្រាប់អ្នកដែលមានមុខមាត់ ឬជាអ្នកមានទ្រព្យសល់លុយកាក់ច្រើន គាត់ចំណាយដើម្បីឱ្យសក្តិសមនឹងមុខមាត់ កិត្តិយសគ្រួសារ ក៏ដូចជាសក្តិសមនឹងភ្នែកដែលគេមើលមក។ តែយ៉ាងណា សម្រាប់អ្នកធម្មតា កម្រិតមធ្យម ឬបង្គួរ យើងគួរតែលៃលក ឱ្យសមល្មមបានហើយ កុំឱ្យអាងថាបានថ្លៃបណ្ណាការច្រើន បែរជាខ្ជះខ្ជាយ ដល់ចុងក្រោយ គ្មានសល់សូម្បីតែលុយចំណងដៃទុកឱ្យកូនៗ។

២. បំពោរលើការផឹកស៊ីជ្រុលហួស

Khmer Wedding

ជារឿងធម្មតាតែដែលយើងត្រូវតែមានចំណាយទៅលើគ្រឿងបរិភោគ និងភេសជ្ជៈ ក៏ដូចជាស្រាផ្សេងៗ។ តែយ៉ាងណា យើងក៏ត្រូវដឹងថា ការចំណាយលើសុរាថ្លៃៗជ្រុលហួសហេតុពេក គឺមិនល្អឡើយ ជាពិសេសនោះគឺ ការបំពោរដោយលើសដែនកំណត់គឺមានតែនាំឱ្យមានបញ្ហាតាមក្រោយតែប៉ុណ្ណោះ។ ព្រោះថាមានភ្ញៀវខ្លះ កាត់ពិតជាផឹកស៊ីមិនគ្រប់គ្រាន់ទេ គាត់ថែមទាំងចាក់ចោល បង្ហៀរចោលថែមទៀត។ លើសពីនេះ យើងក៏ត្រូវតែដឹង និងត្រិះរិះចំពោះភ្ញៀវរបស់យើង ជាមួយនឹងការរៀបចំគ្រឿងផឹកស៊ីផងដែរ ឱ្យសក្តិសមដែលយើងអាចដឹងថា តើភ្ញៀវរបស់យើងជាមធ្យមនឹងចងដៃប៉ុន្មាន? កុំចំណាយលើការផឹកស៊ីថ្លៃៗជ្រុលហួស ព្រោះតែចង់បានមុខមាត់ ព្រោះថាពេលខ្លះ អាហារថ្លៃៗ ឬស្រាថ្លៃៗទាំងនោះ ក៏មិនមែនឆ្ងាញ់ ឬល្អជាកម្រិតមធ្យមដែរ។

៣. ខ្ជះខ្ជាយលើជំនូនផ្សេងៗ

1

ពេលខ្លះ សូមកុំខ្ជះខ្ជាយលើជំនូនច្រើនរហូតដល់ហូរហៀរចាក់ចោល ជំនូនត្រូវលៃលកឱ្យបានសមល្មមដែលសក្តិសមនឹងកម្មវិធីរបស់យើង មិនច្រើនពេក តែក៏កុំឱ្យតិចពេកអី។ យ៉ាងណាៗ យើងត្រូវរៀបចំឱ្យបានសព្វគ្រប់មុខទាំងអស់ តែក្នុងមួយមុខៗកុំឱ្យហូរហៀរជ្រុលពេក គឺល្មមដែលអាចប្រើការបានគ្រប់គ្រាន់ហើយ។

យ៉ាងណាមិញ អ្នកត្រូវចាំ និងដឹងជាមួយនឹងការចំណាយផ្សេងៗ ហើយកត់ត្រាឱ្យបានច្បាស់ ព្រោះថាបើយើងចេះតែឆិនឆៃ និងខ្ជះខ្ជាយខ្លាំងពេក វានឹងនាំឱ្យយើងទូរែកបំណុលដែលសល់ពីពិធីមង្គលការ អាចនឹងឱ្យយើងវណ្ឌកជំពាក់គេ។ ដូច្នេះ សូមកុំខ្ជះខ្ជាយពេកអី ធម្មតាៗសាមញ្ញ ដែលអាចការហើយសល់លុយ សល់ទ្រព្យទុករកស៊ី ពង្រឹងមុខរបរ ឬការងារយើងល្អជាង៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ