អតីតកាល ខ្ញុំធ្លាប់ជាក្មេងស្រីម្នាក់ដែល ចូលចិត្តការដើរលេង ស៊ីផឹក ជួបជុំមិត្តភក្តិជាក្រុមៗ និយាយរួម គឺមានតែរឿងដែលសប្បាយ គិតតែការសប្បាយតែប៉ុណ្ណោះ ... ថាទៅវាក៏ជាវ័យមួយដែលគួរឱ្យគ្រោះថ្នាក់ខ្លាំង ដែលត្រូវធ្វើខ្លួនបែបហ្នឹង ...
តែមួយរយៈក្រោយមក ក៏មិនដឹថា មកពីការចម្រើនវ័យ កាន់តែដឹងក្ដីច្រើន ឬមកពីបទពិសោធន៍នោះទេ ក៏ប្រែទៅជាមនុស្សម្នាក់ថ្មីទៀត ដែលលែងខ្វល់ខ្វាយរឿងដើរលេង ស៊ីផឹកអត់ប្រយោជន៍ ក៏កាន់តែលែងរំពឹង និងសង្ឃឹមលើអ្នកណាក្រៅតែពីខ្លួនឯង ... ក៏លែងខ្វល់ នឹងរឿងដេញតាម ឬផ្គាប់ចិត្តអ្នកដែលមិនខ្វល់ ឬឱ្យតម្លៃខ្ញុំ ... ខ្ញុំលែងមានអារម្មណ៍ខឹង ឬអន់ចិត្តជាមួយនឹងនរណាម្នាក់ ឬរឿងដែលគ្មានបានការទៀត ...
អ្នកខ្លះនិយាយថា ខ្ញុំជាមនុស្សចិត្តដាច់ ចិត្តថ្ម បេះដូងគ្មានឈាម គ្មានការឈឺចាប់ ... តែការពិតវាមិនដូច្នឹងទេ អ្វីៗអាចនិយាយបានថា វាមកពីខ្ញុំទម្លាប់ជាមួយនឹងអារម្មណ៍អស់ទាំងហ្នឹង សុំា ហើយក៏ស្ពឹក អ៊ីចឹងក៏លែងដឹងឈឺ ឬអន់ចិត្ត លែងមានអ្វីដែលអាចមកធ្វើឱ្យប៉ះទង្គិចផ្លូវអារម្មណ៍ទៀតដែរ ...។
ហើយវាក៏លែងមានអ្វីដែលសំខាន់ទៀតដែរ ខ្ញំមិនខ្វល់ពីសម្ដីរបស់អ្នកណា ឬការគិតរបស់អ្នកដទៃ ដែលគិត និងមើលមកខ្ញុំបែបណាទៀតហើយ ... ខ្ញុំក៏លែងបង្ហាញនូវអារម្មណ៍ផ្សេងៗចំពោះអ្នកណា ... ខ្ញុំក៏ស្រាប់តែចេះធ្វើហីៗមិនខ្វល់ ព្រងើយកន្តើយនឹងមនុស្ស ឬរឿងរ៉ាវមួយចំនួន ...
បើនិយាយចំពោះទំនាក់ទំនង មិនថាស្នេហា ឬមិត្តភាពទេ ខ្ញុំក៏មិនបង្ខំ ឬចង់ទាមទារអ្វីទៀតដែរ អ្នកឱ្យតម្លៃខ្ញុំ ខ្ញុំក៏គោរពអ្នក ស្នេហាចង់មានក៏បាន អត់ក៏បាន បើអ្នកណាចង់នៅ ខ្ញុំក៏ព្រមលះបង់ និងថែរក្សា តែបើអ្នកណាចង់ចេញទៅ ខ្ញុំក៏ព្រមដោះលែង ធ្វើម៉េចការជួបតែងមានបែក ឃាត់មិនបាន កុំប្រឹងឱបក្រសោប គេមិនចង់នៅ កុំបង្ខំគេ គឺវាមានតែប៉ុណ្ណឹង ដោះលែងគេ ក៏ស្មើនឹងយើងផ្ដល់សេរីភាពឱ្យខ្លួនឯងដែរ ... ។
អ្វីដែលខ្ញុំត្រូវសួរខ្លួនឯងពេលនេះគឺ ក្នុងវ័យនេះតើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសម្រាប់ទៅអនាគត ? តើខ្ញុំគួរតែអាចមាន ឬនៅសល់អ្វីខ្លះ មិនមែនវ័យម្ភៃជាង សាមជាង សល់តែសម្បកខ្លួន ជាមួយនឹងកាកសំណល់ដែលអត់ប្រយោជន៍នាអតីតកាលនោះឡើយ ...។ អ្វីដែលសំខាន់ គឺខ្ញុំត្រូវកសាងសមត្ថភាព និងគុណតម្លៃឱ្យខ្លួនឯងបែបណាខ្លះ? អាចក្លាយជាមនុស្សរឹងមាំទ្រទ្រង់ក្នុងជីវិតខ្លួនឯង និងអាចជួយដល់មនុស្សជុំវិញខ្លួន ជាពិសេសគឺក្រុមគ្រួសារ ម៉ាក់ប៉ារបស់ខ្ញុំ។ លើសពីនេះ បើខ្ញុំមិនទាន់មានស្នេហា ឬរៀបការទេ ខ្ញុំក៏គួរតែធ្វើឱ្យជីវិតដែលនៅលីវពោរពេញដោយថាមពល សុភមង្គល និងភាពក្លាហានឱ្យដល់ខ្លួនឯង។
រឿងដែលខ្ញុំត្រុវប្រាប់ខ្លួនឯងរាល់ថ្ងៃគឺ ខ្លួនឯងមិនមែនជាកូនក្មេងអាយុ១៨ឆ្នាំ ដែលត្រូវសប្បាយ ដោយមិនគិត ឬមិនខ្វល់ពីអនាគត តទៅថ្ងៃមុខទៀតឡើយ។ យើងមិនអាចធ្វើខ្លួនឯងឱ្យអត់តម្លៃ ចង់បានអី ត្រូវការអីក៏ទៅលាដៃសុំលុយម៉ែឪ ឬទៅត្អូញត្អែរសុំសង្សារចង់បាននេះ ឬបាននោះទៀទេ ... អ្វីៗ គឺត្រូវខំប្រឹងរក ខំប្រឹងសន្សំ និងទិញវាដោយលុយដែលកើតពីកម្លាំងញើសឈាម និងសមត្ថភាពពិតរបស់យើង។ ព្រោះឈានចួលដល់វ័យនេះហើយ អ្វីដែលយើងស្រឡាញ់ ពេញចិត្ត និងចង់បាន គឺសុទ្ធតែមានតម្លៃ ថ្លៃៗទាំងអស់ ហើយសម័យនេះ របស់ទំនើបៗក៏ចេញមកជាហូរហែរដែរ ដូច្នេះ យើងមានតែប្រឹង និងខំ ទើបយើងអាចមានលទ្ធភាព សមត្ថភាពទិញរបស់ដែលយើងត្រូវការ បំពេញនូវការចង់បានរបស់យើងខ្លួនឯង។
ធ្វើជាស្ត្រីខ្លាំងពូកែ និងឯករាជ្យដោយខ្លួនឯង វាប្រហែលជាពិបាកបន្តិចមែន តែយ៉ាងណាក៏យើងបានក្លាយជាស្ត្រីដែល អាចជួយ និងពឹងផ្អែកលើខ្លួនឯងបាន វាជាមោទកភាពបំផុតសម្រាប់យើងខ្លួនឯង ...!!!៕
អត្ថបទ ៖ បរទេស / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)