អ្នកនៅក្នុងខេត្តបាត់ដំបង ប្រហែលជាស្គាល់ពាក្យ នេតយ៉ង់ ដោយសារតែឈ្មោះនេះ គឺជាឈ្មោះវិទ្យាល័យដ៏ល្បីនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តប្រវត្តិសាស្រ្តដ៏ចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលមានទំនាស់ប្រទាញប្រទង់ដ៏រ៉ាំរ៉ៃកាលពីសម័យមុនរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។
តែអ្នកប្រហែលជាមិនបានដឹងនោះទេថា ការពិត នេតយ៉ង់ គឺជាឈ្មោះបុគ្គលដ៏មានគុណបំណាច់មួយក្នុងខេត្តបាត់ដំបង ពោលគឺជាលោកជំទាវ ដែលជាភរិយារបស់ ឧកញ៉ាបំរុងរដ្ឋ សោ ហឺ តាំងសម័យមុនសង្គ្រាមលោកលើកទី២ឯណោះ។
តោះ! មកដឹងពីប្រវត្តិនៃកញ៉ាបំរុងរដ្ឋ សោ ហឺ និង លោកជំទាវ នេត យ៉ង់ ៖
#ជីវប្រវត្តិនៃ ឧកញ៉ាបំរុងរដ្ឋ សោ ហឺ និង នេត យ៉ង់ នៅក្នុងខេត្តបាត់ដំបង
លោកឧកញ៉ាបំរុងរដ្ឋ សោ ហឺ គឺជាជនជាតិចិន ភៀសខ្លួនពីប្រទេសចិន ក្នុងសម័យប្រទេសចិនមានសង្រ្គាមផ្ទៃក្នុង។ លោកបានមករស់នៅ និងកសាងគ្រួសារមួយ ជាមួយលោកស្រី នេត យ៉ង់ ដែលជាភរិយា។ លោក បានប្រកបរបរ ជាអ្នករត់រ៉ឺម៉កកង់ នៅក្នុងទីរួមខេត្តបាត់ដំបង។
លោកជាមនុស្សម្នាក់ ដែលឧស្សាហ៍ និងព្យាយាមអំណត់អត់ធ្មត់ជាមួយនឹងការងារប្រើកម្លាំងមួយនេះ។ ដោយសារការព្យាយាម អំណត់ធ្មត់នេះហើយ ទើបលោកអាចទាកទាញម៉ូយជាច្រើន ជិះរ៉ឺម៉ករបស់លោក។ ដល់អំឡុងពេលសង្រ្គាមលោកទីពីរ កើតឡើង ខេត្តបាត់ដំបង ត្រូវបានទាហានជប៉ុន កាត់ចូលទឹកដីថៃ ជាមួយនឹងខេត្តខ្មែរដទៃទៀត។ នាពេលនោះ លោកបានឆ្លៀតឱកាស រកស៊ីរត់ពន្ធក្រណាត់ ពីប្រទេសថៃ ចូលកម្ពុជា។ ដោយសារតែលក់ក្រណាត់នេះហើយ ទើបលោកចំណេញ ប្រាក់ និងមាសជាច្រើន ដែលជួយធ្វើឲ្យជីវភាពរបស់លោក រីកចំរើន និងធូរធារជាងមុន។
បន្ទាប់ពីបញ្ចប់សង្រ្គាម ទឹកដីខេត្តបាត់ដំបង ត្រូវបានបារាំងទាមទារមកកម្ពុជាវិញ។ លោក សោ ហឺ ក៏ប្រកបរបរថ្មីមួយផ្សេងទៀត។ នៅឆ្នាំ១៩៥២ លោកក៏បានចូលរួមជាមួយនឹងសម្តេច សីហនុ ក្នុងការទាមទារឯករាជ្យដល់កម្ពុជា នៅខេត្តបាត់ដំបងនេះ។ លោកបានខិតខំគាំទ្រ ទាំងកម្លាំងកាយ និងសំភារៈស្បៀង ដល់អ្នកតស៊ូទាំងឡាយ។
បន្ទាប់ពីកម្ពុជា ទទួលឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ លោកក៏បានចាប់ផ្តើម ធ្វើកិច្ចការកសាងជាច្រើន ដើម្បីតបស្នងសងគុណ ដល់អ្នកខេត្តបាត់ដំបង ដែលជាអ្នកមានគុណរបស់លោក។ បើគ្មានការគាំទ្រពីអ្នកខេត្តបាត់ដំបងទេ នោះលោកក៏មិនអាចមានជីវភាពធូរធារ និងទ្រព្យសម្បត្តិស្តុកស្តមបានឡើយ។ លោកបានកសាងស្នាដៃមួយចំនួនដូចជា៖ វិទ្យាល័យនេតយ៉ង់ អនុវិទ្យាល័យសោហឺ វត្តកណ្តាល និងស្នាដៃជាច្រើនទៀតក្នុងខេត្តបាត់ដំបង។ លោកត្រូូវបានសម្តេច សីហនុ ដែលជាព្រះប្រមុខរដ្ឋ ប្រទានងារ ជា ឧកញ៉ាបំរុងរដ្ឋនៃព្រះរាជណាចក្រកម្ពុជា។
ដោយ ឧកញ៉ា សោ ហឺ មិនមែនបានទទួលងារឧកញ៉ាដូចសម័យឥឡូវទេ តែលោកមានស្នាដៃធំធេងចំពោះសង្គម និងជាតិ។
ផ្នូររបស់ឧកញ៉ា សោ ហឺ និងលោកជំទាវ នេត យ៉ង់ ស្ថិតនៅក្នុងវត្តកណ្តាល កណ្តាលក្រុងបាត់ដំបង នៅខាងក្រោយវត្តតែម្តងស្ថិតនៅក្នុងបរិវណវត្តកណ្តាលសព្វថ្ងៃ ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងខេត្តបាត់ដំបង។
គួរឱ្យដឹងផងដែរថាលោក ឧកញ៉ា សោ ហឺ និងលោកជំទាវ នេត យ៉ង់ ក៏មានផ្ទះមួយធំណាស់នៅមាត់ស្ទឹង តែគ្មានអ្នករស់នៅទេ តែកូនចៅជំនាន់ក្រោយបានធ្វេីរបងបិទជីតឡេីងស្អាត ដោយ ផ្ទះនឹងធំល្មម តែដីធំណាស់មានតម្លៃមិនក្រោម ២លានដុល្លារនោះទេ។ ហើយលោក ឧកញ៉ា សោ ហឺ និងលោកជំទាវ នេត យ៉ង់ ប្រហែលជានៅមានកូនចៅជំនាន់ក្រោយទៀត តែអាចនឹងកំពុងតែរស់នៅបរទេស ឬប្រហែលជាកំពុងរស់នៅជាមនុស្សសាមញ្ញាដោយមិនចង់ចេញមុខចេញមាត់។
បន្ថែម៖ ផ្នូរបស់ឧកញ៉ា សោ ហឺ និងលោកជំទាវ នេត យ៉ង់ មិនត្រឹមតែជាផ្នូរ តែក៏សាងសង់រាងដូចជាប្រាសាទបុរាណ ដែលមានអាយុកាលជាង៥០ឆ្នាំ (មិនដឹងខែឆ្នាំសាងសង់ពិតប្រាកដ)។ នៅក្នុងរបបខ្មែរក្រហមប្រាសាទនេះត្រូវបានពួកប៉ុលពត យកធ្វើជាកន្លែងដាក់សពទ័ពវៀតណាម និងទ័ពកម្ពុជា ទើបសម័យក្រោយមកទៀតខាងវត្តជាអ្នកគ្រប់គ្រងរហូតដល់ថ្ងៃនេះ។
ដោយប្រាសាទផ្នូរបុរាណមួយនេះ គឺលោកឧកញ៉ាសោហឺ និងឧបាសិកានេតយ៉ង់ គឺជាអ្នកសាងសង់ដោយផ្ទាល់តែម្តង ដោយមានរូបបដិមាករដាំសុទ្ធតែត្បូងមានតម្លៃ ដែលជាត្បូងយកពីខេត្តប៉ៃលិនមានច្រើនគ្រាប់ណាស់។ ក្រោយពួកខ្មែរក្រហមចាញ់សង្គ្រាមកមានទាហានជាច្រើននាក់ចូលមករស់នៅក្នុងនោះមានទាំងទាហានកម្ពុជា និងទាហានវៀតណាមពេញប្រាសាទនោះតែម្តង ហើយក៏មានជនខិលខូចចូលទៅលួចគាស់យកត្បូងដែលមានតម្លៃនោះរហូតអស់តែម្តងទៅ៕
ដកស្រង់ប្រភពរូបភាព និងអត្ថបទ៖ Sin Rozeth
អត្ថបទប្រែសម្រួលរក្សាសិទ្ធដោយ៖ ក្នុងស្រុក