ហ្វេសប៊ុក សហការណ៍ជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់

ទីក្រុងវៀងចន្ទ ប្រទេសឡាវ/ហាណូយ ប្រទេសវៀតណាម ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ – ថ្ងៃនេះ បណ្តាញសង្គមហ្វេសប៊ុក (Facebook) និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) បានប្រកាសដាក់ឲ្យដំណើរការនូវគំនិតផ្តួចផ្តើមរួមគ្នាមួយ ដើម្បីផ្តល់ការជូនដំណឹងជាមុនស្តីពីគ្រោះទឹកជំនន់ និងព័ត៌មានតាមដានពីគ្រោះរាំងស្ងួត ដល់សហគមន៍ និងប្រទេសក្នុងតំបន់ទន្លេមេគង្គក្រោម។

A_new_night_market_along_the_mekong_river_in_Lao_capital_city_is

ជាកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក គំនិតផ្តួចផ្តើមរួមគ្នានេះ មានគោលដៅលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនជាទូទៅ នៅក្នុងប្រទេសជាសមាជិកទាំងបួនរបស់ MRC រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម អំពីប្រព័ន្ធព័ត៌មានទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់ MRC និងបណ្តុះបណ្តាលសមត្ថភាពមន្ត្រីពាក់ព័ន្ធ អំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលតាមអ៊ីនធឺរណេត។ កិច្ចសហប្រតិបត្តិការនេះ មានរយៈពេលមួយឆ្នាំ ពោលគឺពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១។

លោកស្រី សានទិ អាឡិចហ្សានដឺរ (Shanti Alexander) អ្នកគ្រប់គ្រងកិច្ចការសហគមន៍របស់ Facebook ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ “នៅ Facebook យើងតែងតែស្វែងរកមធ្យោបាយថ្មីៗ ដើម្បីផ្តល់ការគាំទ្រដល់កិច្ចការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ។ ជាមួយនឹងឧបករណ៍សម្បូរបែបជាច្រើន ដែលជួយដល់សហគមន៍ឲ្យចេះត្រៀមខ្លួន ឆ្លើយតប និងស្តារឡើងវិញនូវសមត្ថភាព និងដើម្បីបង្កើតភាពធន់នឹងគ្រោះមហន្តរាយ យើងសប្បាយចិត្តដែលបានរួមគ្នាជាមួយ MRC ដើម្បីផ្តល់ព័ត៌មានពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលអាចកើតមាន ជូនប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងតំបន់នេះ ដើម្បីឲ្យពួកគេត្រៀមឲ្យបានកាន់តែប្រសើរសម្រាប់ប្រឈមនឹងវិបត្តិនេះ។”

-->

បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីការបាត់បង់ផ្នែកសេដ្ឋកិច្ច ភាពក្រីក្រ និងគ្រោះមហន្តរាយ នៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ការបាត់បង់ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ពីគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ បានកើនឡើងរហូតដល់ទៅ ២៥០%។ នៅក្នុងតំបន់មេគង្គក្រោម ចន្លោះពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៧​ ប្រទេសថៃបានរងការវាយប្រហារអាក្រក់បំផុត ដែលធ្វើឲ្យមានការខូចខាតជាទឹកប្រាក់ប្រមាណជា ៥២.៤ ពាន់លានដុល្លារអាមេរិក។

បើយោងតាម MRC ខណៈដែលទឹកជំនន់ប្រចាំរដូវ បាននាំមកនូវអត្ថប្រយោជន៍ផ្សេងៗគ្នាដល់តំបន់ ការខាតបង់ប្រចាំឆ្នាំជាមធ្យមកើតចេញពីទឹកជំនន់នៅក្នុងអាងទន្លេមេគង្គក្រោម មានតម្លៃប្រមាណពី ៦០ ទៅ ៧០ លានដុល្លារអាមេរិក នេះបើគិតជារួម។ ប្រទេសកម្ពុជា និងវៀតណាម បានបាត់បង់ប្រមាណ ពីរភាគបី នៃការខូតខាតដោយទឹកជំនន់ប្រចាំឆ្នាំសរុបនៅក្នុងតំបន់ទន្លេមេគង្គ នេះបើគិតដោយឡែក ។

ការសិក្សាជាច្រើនរបស់ MRC នាពេលថ្មីៗនេះ ក៏បានបង្ហាញផងដែរថា ព្រឹត្តិការណ៍ទឹកជំនន់ក្នុងតំបន់អាងទន្លេមេគង្គក្រោមបានកើនឡើង ជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយនិន្នាការនេះ នឹងបន្តទៅមុខទៀត។ អាងទន្លេនេះ ក៏ងាយនឹងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុបន្ថែមទៀតផងដែរ ដែលរួមបញ្ចូលទាំងកំណើនសីតុណ្ហភាពនៃមេដ្យានដែលបានព្យាករទុកប្រមាណ ០.៨ ដឺក្រេ នៅឆ្នាំ២០៣០។

“យើងឃើញពីសារៈសំខាន់ខ្លាំងបំផុតនៃការផ្តល់នូវព័ត៌មានដែលគួរឲ្យទុកចិត្ត និងទាន់ពេលវេលា ស្តីពីកម្ពស់ទឹក ដល់ប្រទេសនិងបណ្តាលសហគមន៍នានាតាមដងទន្លេមេគង្គ ដែលប្រឈមនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងការប្រែប្រួលអាកាសធាតុ ដើម្បីឲ្យពួកគាត់អាចចាត់វិធានការទាន់ពេលវេលា ក្នុងការជៀសវៀង ឬកាត់បន្ថយហានិភ័យ និងរៀបចំឆ្លើយតបប្រកបដោយប្រសិទ្ធិភាព។” នេះបើតាមការលើកឡើងរបស់បណ្ឌិត អានុល័ក គិតិឃួន (Anoulak Kittikhoun) ប្រធានមន្ត្រីផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូរបស់ MRCS។

MRC បានតំឡើងស្ថានីយជលសាស្ត្រចំនួន ២២ តាមដងទន្លេមេនៃទន្លេមេគង្គ ក្នុងអាងទន្លេ មេគង្គក្រោម ដើម្បីតាមដាន និងប្រមូលទិន្នន័យពីកម្រិតនិងកម្ពស់ទឹក និងបរិមាណភ្លៀងធ្លាក់នៅក្នុងទន្លេ ដែលទិន្នន័យទាំងនេះ បានបញ្ចូលទៅក្នុងប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងគ្រោះរាំងស្ងួតមេគង្គរបស់ MRC។ ប្រព័ន្ធនេះ ផ្តល់ទិន្នន័យពីកម្ពស់ទឹកប្រចាំថ្ងៃ ដល់សាធារណៈជន និងរដ្ឋាភិបាលមេគង្គ រួមទាំងការជូនដំណឹងជាមុនពីគ្រោះទឹកជំនន់ និងការព្យាករពីគ្រោះរាំងស្ងួត ដែលមានរយៈពេលពេញមួយឆ្នាំ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ គេនឹងពន្យល់ពីប្រព័ន្ធផ្តល់ព័ត៌មួយនេះ តាមរយៈវីដេអូជីវចលស្រ៊ីឌីមួយ ដែលនឹងត្រូវចែកចាយលើបណ្តាញសង្គម Facebook ដើម្បីឲ្យបានទៅដល់សហគមន៍ អ្នកប្រើប្រាស់ទូទៅ នៅក្នុងតំបន់នេះ។

Facebook ក៏នឹងធ្វើការបំប៉នដល់មន្ត្រីពាក់ព័ន្ធមកពីប្រទេសជាសមាជិកទាំងបួន ពីរបៀបប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗ ដើម្បីធ្វើការប្រាស្រ័យទាក់ទងឲ្យមានប្រសិទ្ធិភាព និងរហ័ស ក្នុងអំឡុង និងក្រោយពេលមានគ្រោះមហន្តរាយ។ ការបណ្តុះបណ្តាល នឹងរួមបញ្ចូលនូវផែនទីដង់ស៊ីតេប្រជាជនរបស់ Facebook ដែលជាកម្មវិធីមួយប្រើប្រាស់បច្ចេកទេសរូបភាពដ៏ទំនើប ដើម្បីដាក់សំណុំទិន្នន័យសាធារណៈ និងបែបពាណិជ្ជកម្ម តាមរយៈសមត្ថភាពអេអាយ (Artificial Intelligence)។ ផែនទីទាំងនេះ មានលក្ខណៈលម្អិត រហូតដល់បីដងលើសពីប្រភពដែលមានស្រាប់។

កំណត់សម្គាល់សម្រាប់និពន្ធនាយក៖

គណៈកម្មការទន្លេមេគង្គ៖ គណៈកម្មការទន្លេមេគង្គ គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលមានតួនាទីជំរុញលើកកម្ពស់កិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់នៅក្នុងតំបន់អាងទន្លេមេគង្គខ្សែទឹកខាងក្រោម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ផ្អែកទៅតាមកិច្ចព្រមព្រៀងទន្លេមេគង្គ រវាងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ស្ថាប័ននេះ បំពេញតួនាទីជាវេទិកាថ្នាក់តំបន់សម្រាប់ការទូតទឹក ក៏ដូចជាជាមជ្ឈមណ្ឌលប្រមូលផ្តុំចំណេះដឹងអំពីការគ្រប់គ្រងធនធានទឹក ដើម្បីអភិវឌ្ឍន៍តំបន់នេះប្រកបដោយចីរភាព។

ហ្វេសប៊ុក៖ បង្កើតឡើងក្នុងឆ្នាំ ២០០៤ ចក្ខុវិស័យរបស់ Facebook គឺផ្តល់អំណាចដល់អ្នកប្រើប្រាស់ ក្នុងការបង្កើតសហគមន៍ និងធ្វើឲ្យពិភពលោកកាន់តែជិតស្និតជាមួយគ្នា។ អ្នកប្រើប្រាស់ ប្រើកម្មវិធី និងបច្ចេកវិទ្យាផ្សេងៗ របស់ Facebook ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភ័ក្ត និងក្រុមគ្រួសារ ស្វែងរកសហគមន៍ដទៃទៀត និងឲ្យអាជីវកម្មរីកចម្រើន។

អាចអានជាភាសាអង់គ្លេសតាមនេះ៖ www.cambodiainside.com

ចប់

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

លោក មាស សុភក្រ្ត មន្ដ្រីទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន

លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ

អ៊ីម៉ែល៖ sopheak[at]mrcmekong.org

ទូរសព្ទដៃ/វ័ឌស៍អេប៖ +856-20-77779168

លោកស្រី ង្វៀន ឃូអិញ ត្រាំង

អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង

ហ្វេសបុ៊កប្រចាំប្រទេសវៀតណាម និងកម្ពុជា

អ៊ីម៉ែល៖ quynhtrang[at]fb.com