បើតម្រូវឱ្យអ្នកជ្រើសរើសកែវស្រាណាមួយ ក្នុងចំណោមទាំង៤នេះ តើអ្នកនឹងជ្រើសរើសកែវ១ណា? កែវស្រា អាចមើលដឹងពីស្នេហាកាលពីអតីតកាល និងស្នេហាក្នុងជាតិនេះរបស់អ្នក។ តោះសាកល្បងធ្វើតេស្តទាំងអស់គ្នា ៖
A. បើអ្នកជ្រើសរើសយកស្រាកែវ A
នេះមានន័យថា កាលពីជាតិមុន អ្នកជាមនុស្សដែលមានបទពិសោធន៍ស្នេហាជាច្រើន ជាពិសេសគឺ ពេញមួយជីវិតរបស់អ្នក អ្នកស្រឡាញ់មនុស្សតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែជាអកុសល គេមិនដែលស្រឡាញ់អ្នកឡើយ ដូច្នេះ ទោះអ្នកស្រឡាញ់គេខ្លាំងយ៉ាងណា ក៏អ្នកមិនអាចបានគេជាគូជីវិតដែរ ចុងក្រោយ គេក៏ទៅរៀបការជាមួយនឹងអ្នកផ្សេង។ បើទោះជាស្នេហាមួយនេះរបស់អ្នក ហាក់មានភាពជូរចត់យ៉ាងណាក៏ដោយ ក៏អ្នកមិនដែលមានអារម្មណ៍ថា សោកស្ដាយក្នុងការស្រឡាញ់មនុស្សម្នាក់នោះដែរ។
ចំណែកនៅក្នុងជាតិនេះវិញ ស្នេហារបស់អ្នក ហាក់ដូចជាតាមរកទេពអប្សរនៅក្នុងសុបិនអ៊ីចឹង អ្នកមិនមានចិត្តពិតប្រាកដជាមួយនរណាម្នាក់ឡើយ ដូច្នេះហើយ អ្នកមានសង្ឃឹមតិចណាស់ ក្នុងការអាចសាងក្ដីសុខ និងសុភមង្គលនៅក្នុងជីវិតគូ។ សរុបមកវិញ ជោគវាសនាស្នេហារបស់អ្នក ជាតិមុន និងជាតិនេះ គឺមានភាពប្រហាក់ប្រហែលគ្នា។
B.បើអ្នកជ្រើសរើសយកស្រាកែវ B
នេះមានន័យថា កាលពីជាតិមុន អ្នកគឺជាមនុស្សដែលគួរឱ្យស្រឡាញ់ រួសរាយរាក់ទាក់ និងទទួលបានការគោរព និងកោតសរសើរពីមនុស្សទាំងពីរភេទ។ជីវិតស្នេហារបស់អ្នក មិនពិបាកក្នុងការស្រឡាញ់គេតែម្ខាងនោះឡើយ ព្រោះទោះជាយ៉ាងណា ក៏មានមនុស្សស្រឡាញ់អ្នកច្រើនណាស់ ក្នុងនោះ ក៏មានទាំងមនុស្សដែលអ្នកស្រឡាញ់ផងដែរ។
ចំណែកសំណាងរបស់អ្នកនៅក្នុងជាតិនេះវិញ ក៏មិនខុសអីពីជាតិមុននោះដែរ គឺមានអ្នកស្រឡាញ់ ពេញចិត្តអ្នកច្រើនណាស់។ មិនត្រឹមតែភេទផ្ទុយទេដែលចាប់អារម្មណ៍លើអ្នក តែអ្នកដែលតាមស្រឡាញ់អ្នកស្ទើរតែទាំងអស់ គឺជាមនុស្សល្អទាំងចិត្ត និងរូបសម្បត្តិខាងក្រៅ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគឺជាមនុស្សដែលច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងទំនាក់ទំនង។ ទោះជាមានមនុស្សតាមស្រឡាញ់អ្នកច្រើន តែប្រសិនបើអ្នកដាក់ចិត្តច្បាស់លាស់នឹងនរណាម្នាក់ហើយ គឺអ្នកត្រូវការទំនាក់ទំនងរយ:ពេលយូរអង្វែង។
C.បើអ្នកជ្រើសរើសយកស្រាកែវ C
ស្នេហារបស់អ្នកកាលពីជាតិមុន គឺជាស្នេហាបែបផ្សងព្រេង។ អ្នកហាក់ស្រមើស្រមៃពីស្នេហាដែលមានភាពវិសេសវិសាល និងចង់បានអ្វីដែលមើលទៅអស្ចារ្យសម្រាប់ស្នេហារបស់អ្នក។ លើសពីនេះ អ្នកក៏ជាមនុស្សដែលមានភាពស្រើបស្រាលចំពោះស្នេហាដែរ តែអ្នកមិនចូលចិត្តបង្ខំមនោសញ្ចេតនាអ្នកណាឡើយ ព្រោះអ្នកជាមនុស្សដែលចង់បានសេរីភាពសម្រាប់ទំនាក់ទំនងស្នេហារបស់អ្នក។ សម្រាប់អ្នកអារម្មណ៍ចំពោះស្នេហា គឺជាការធ្វើដំណើរមួយដែលមិនពិតប្រាកដ ហើយអ្នកក៏មិនចង់គិតកំណត់ទិសដៅច្បាស់លាស់ណាមួយដែរ។
តែមកដល់ជាតិនេះវិញ អ្នកមានការកែប្រែ អ្នកចង់បានស្នេហាមួយដែលពិតប្រាកដ ច្បាស់លាស់។ អ្នកចង់បានទំនាក់ទំនងមួយដែលមានសុវត្ថិភាព និងស្ថេរភាព អ្នកមិនចង់បានបទពិសោធន៍ស្នេហាច្រើន ដោយការសាងទំនាក់ទំនងម្ដងហើយម្ដងទៀត ជាមួយមនុស្សផ្សេងៗគ្នានោះឡើយ។ អ្នកជាមនុស្សដែលមានចិត្តស្មោះ បើស្រឡាញ់ គឺស្រឡាញ់មួយជីវិត។ តែទោះជាយ៉ាងណា អ្នកជាមនុស្សដែលមានស្ដង់ដារខ្ពស់ណាស់ ដូច្នេះ វាក៏ពិបាកសម្រាប់អ្នក ក្នុងការសាងស្នេហា។ អ្នកប្រៀបបានជាមនុស្សដែលកំពុងតែរង់ចាំមនុស្សដែលល្អឥតខ្ចោះ ដើម្បីមើលទៅឱ្យសក្តិសមនឹងអ្នក។
D. បើអ្នកជ្រើសរើសយកស្រាកែវ D
ស្នេហារបស់អ្នកកាលពីជាតិមុនអាចនិយាយបានថា ក៏ល្អស្ងប់ស្ងាត់ ប៉ុន្តែក៏មានភាពច្របូកច្របល់ណាស់ដែរ។ ស្នេហារបស់អ្នក ត្រូវការប្រើរយេ:ពេលវែងដើម្បីឈ្វេងយល់ចិត្តគ្នា ក្នុងនោះដែរ បន្ទាប់ពីប្រើរយ:ពេលជាច្រើនឆ្នាំ អ្នកក៏ចាប់ផ្ដើមអាចរៀបការសាងគ្រួសារមួយជាមួយមនុស្សដែលអ្នកស្រឡាញ់។ ជាទូទៅ អ្នកក៏ជាមនុស្សដែលមានហេតុផលល្អ នៅក្នុងរឿងស្នេហា។
ក្រឡេកមកមើលជាតិនេះវិញ ស្នេហារបស់អ្នកគឺជាការលះបង់។ បន្ទាប់ពីធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ហើយនោះ អ្នកក៏ចាប់ផ្ដើមត្រៀមខ្លួន លះបង់អ្វីៗគ្រប់យ៉ាងដើម្បីគេ។ ប៉ុន្តែដោយហេតុតែអ្នកជាមនុស្សឆាប់លង់ស្នេហ៍ នេះជាហេតុធ្វើឱ្យអ្នកងាយនឹងត្រូវលង់ប៉ះចំមនុស្សមិនសក្តិសម ហើយនឹងធ្វើឱ្យអ្នកងាយនឹងបាក់ទឹកចិត្ត អស់សង្ឃឹមជាច្រើនលើកច្រើនសារ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)