ធម្មតាជីវិតគូ ជីវិតប្ដីប្រពន្ធ ច្បាស់ជាចៀសមិនផុត ពីការឈ្លោះទាស់ទែង ខ្វែងគំនិត អន់ចិត្ត ថ្នាំងថ្នាក់ដាក់គ្នាម្ដងម្កាលហើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្ដីប្រពន្ធ គឺនៅតែជាប្ដីប្រពន្ធ ប្ដីប្រពន្ធមួយថ្ងៃ ប្ដីប្រពន្ធមួយជីវិត ដរាបណា មិនមានបញ្ហា ធ្វើឱ្យឆ្អែតចិត្ត ទ្រាំលែងបានទេនោះ កូនក៏មិនអាចលែងលះគ្នាបាននោះដែរ កុំគិតថា សម័យនេះ រៀបការងាយ លែងលះងាយ កុំយកទ្រឹស្តី ប្រុសពេញដី ស្រីពេញនគរ បែកមួយយកមួយឱ្យសោះ បើបែបហ្នឹងមែន គេហៅថា ប្រុសស៊ីប្រពន្ធ ឬប្រពន្ធស៊ីប្ដី ទោះមានដប់ម្ភៃទៀត ក៏នៅតែលែងលះគ្នាដែរ។
ជីវិតប្ដីប្រពន្ធណាកូន គឺប្រៀបដូចជាបងប្អូនរួមផ្ទៃម្ដាយតែមួយអ៊ីចឹង ទោះយ៉ាងណាក៏ពិបាកកាត់ផ្ដាច់ណាស់ ទោះបីសាច់ឈាមផ្សេងគ្នាក៏ដោយ តែទំនាក់ទំនង មនោសញ្ចេតនា ផ្សាភ្ជាប់ បង្កើតកូនចៅសាច់ឈាមវង្សត្រកូលរួមគ្នា ដូច្នេះហើយ ប្ដីប្រពន្ធកូន មិនមែនជាអ្នកដទៃទៀតទេ ប្ដីប្រពន្ធ មិនមែនអ្នកក្រៅនោះឡើយ ដូច្នេះហើយ កូនត្រូវចិត្តធ្ងន់ចំពោះគ្នា ឈ្លោះទាស់ កូនត្រូវប្រកាន់គំនិត យកពាក្យម្ដាយទៅគិតពិចារណា ៖
១. ឈ្លោះគ្នាគឺជារឿងប្ដីប្រពន្ធកូន
ឈ្លោះគ្នានៅក្នុងគ្រួសារ វាគឺជារឿងប្ដីប្រពន្ធរបស់កូន ដូច្នេះគិតរៀងៗខ្លួនទៅ រកហេតុផលដែលនាំឱ្យកើតជម្លោះនេះទៅ ហើយត្រូវប្រឈមមុខជាមួយគ្នា ដើម្បីដោះស្រាយ កុំគេចវេស កុំលាក់ទុកក្នុងចិត្ត ដើម្បីសន្សំអារម្មណ៍ និងកំហឹង យកទៅជះនៅថ្ងៃមុខ វាមិនល្អនោះទេ កុំមើលបំណាំប្ដីប្រពន្ធខ្លួនឯង នាំឱ្យរស់នៅមិនសុខជាមួយគ្នា។
២. ឈ្លោះគ្នាកុំប្រាប់អ្នកដទៃ សូម្បីតែបងប្អូនកូន
ឈ្លោះគ្នាជារឿងផ្ទៃក្នុងគ្រួសារ ដូច្នេះ វាគ្មានហេតុផលណា ដែលកូនត្រូវយករឿងក្នុងគ្រួសារ បញ្ហារបស់ប្ដីប្រពន្ធទៅប្រាប់អ្នកដទៃ ប្រាប់ពួកម៉ាក ឬសូម្បីតែបងប្អូននោះឡើយ កូនត្រូវដឹងថា ការដែលឱ្យអ្នកដទៃដឹងច្រើនពេក វាអាចឱ្យប្ដី ឬប្រពន្ធកូន កាន់តែកើនកំហឹងខ្លាំងឡើង។ ម្យ៉ាងទៀត មិនមែនម៉ាក់ថាបងប្អូនកូនមិនស្រឡាញ់គ្នាទេ តែវាជាការចៀសវាង សូម្បីតែបងប្អូនក៏មិនត្រូវឱ្យដឹងដែរ ព្រោះបេលខ្លះ ប្ដីប្រពន្ធកូន ក៏អាចបែកបាក់ ដោយសារតែមាត់របស់បងប្អូនឯងនេះហើយ ចុងក្រោយ ប្ដីប្រពន្ធគេជួបជុំគ្នា ចំណែកប្ដីប្រពន្ធកូនវិញ បែរជាបែកបាក់ ព្រាត់ប្រាស់គ្នា ដោយសារតែការជួយដោះស្រាយរបស់គេនេះឯង។
៣. ឈ្លោះគ្នា កុំដើរចោលផ្ទះសម្បែង
ដាច់ខាត កុំយកលេសមកពីគ្មានអារម្មណ៍ ឈ្លោះគ្នា ធ្វើឱ្យអារម្មណ៍មិនល្អ ទើបមិនចង់នៅផ្ទះ កូនគិតខុសហើយ ទោះបីជាកូនឈ្លោះគ្នាក៏ដោយ ក៏កូនត្រូវតែនៅផ្ទះ ដេកក្នុងផ្ទះ កុំដើរលេង ស៊ីផឹក ចេញពីផ្ទះបាត់ៗ វានាំឱ្យប្ដីប្រពន្ធកាន់តែមានជម្លោះក្ដៅគគុក គ្មានផលល្អទេ ព្រោះការគេចវេស មិននិយាយដោះស្រាយគ្នា មិនមែនជារឿងល្អនោះឡើយ។
៤. ឈ្លោះគ្នាបង្ហោះហែកហួរក្នុងហ្វេសប៊ុគ
សួរថា ហ្វេសប៊ុគនេះជាអ្វី? កូនដឹងច្បាស់ណាស់ថា មនុស្សតែស្ករច្រើនណាស់ សត្រូវកូនក៏គេលេងហ្វេសប៊ុគដែរ ដូច្នេះ គេនឹងឃើញ បើកូនបង្ហោះបញ្ហាក្នុងគ្រួសារឱ្យគេបានដឹង គេនឹងសើចចំអក គេនឹងចាំមើលកូន គេនឹងបន់ឱ្យកូនលែងលះគ្នាឆាប់ៗ មិនមែនគ្រប់គ្នា សុទ្ធតែល្អ អាណិតអាសូរកូនទេ។ ម្យ៉ាងវិញទៀត មនុស្សខ្លះ គ្រា់ន់តែសម្ដែងអាណិតយើងប៉ុណ្ណោះ តែធាតុពិតគេកំពុងតែសើចចំអកកូន ពេបជ្រាយកូន ថាមានរឿងក្នុងគ្រួសារបែរជាបង្ហោះហែកហួស ជេរដៀលត្មេះប្ដីប្រពន្ធឯង គេថាពួកកូនហ្នឹងកញ្ជើធ្លុះ គ្មានភាពថ្លៃថ្នូរ កូនត្រូវដឹងថា មនុស្សមួយចំនួនគឺ ចាំតែចាក់តែ ថែមស្ករ ស៊ីពោតលីង ផឹកកូកា មើលប្ដីប្រពន្ធកូនឈ្លោះគ្នាតែប៉ុណ្ណោះ។
ចុងក្រោយ ឈ្លោះគ្នា កូនកុំប្រាប់ម៉ាក់ប៉ា កុំនាំរឿងឈឺក្បាលមកឱ្យអ្នកមានគុណ មិនមែនម៉ាក់ប៉ាមិនខ្វល់ខ្វាយពីកូនៗ មិនគិតគូរផ្សះផ្សាកូនៗនោះទេ តែពេលខ្លះ ម៉ាក់ប៉ាសុំមិនដឹងមិនឮ សុំរួចខ្លួនសិន ព្រោះបើកូនឈ្លោះគ្នា ងាកប្ដឹងៗមាក់ប៉ា ចុះបើមួយខែកូនឈ្លោះទាស់គ្នា ៣០ដង ឱ្យម៉ាក់ប៉ាមានពេលឯណាទៅរកស៊ី គិតតែចាំផ្សះផ្សា លួងកូនៗទាំងសងខាងហ្នឹងមែនទេ? កូនៗធំៗអស់ហើយ ម៉ាក់ប៉ារៀបចំឱ្យកូនមានគូស្រករ មានប្ដីប្រពន្ធ ដូច្នេះ កូនត្រូវប្រឈមមុខដោះស្រាយជាមួយគ្នា ម៉ាក់ប៉ាបណ្ដោយកូនឱ្យប្រឈមមុខនឹងបញ្ហា មិនមែនត្រឹមតែគ្រួសារទេ កូនក៏ត្រូវប្រឈមមុខនឹងសង្គមមនុស្សខាងក្រៅដែរ ដូច្នេះ កូនត្រូវចេះវែកញែក គិត និងដោះស្រាយដោយខ្លួនឯង មិនមែនអ្វីៗ ក៏មករំខាន ពឹងពាក់អ្នកមានគុណគ្រប់ពេល គ្រប់រឿងនោះឡើយ។
ហើយម្យ៉ាងវិញទៀត ចិត្តជាឪពុកម្ដាយ ពេលដឹងថាកូនឈ្លោះទាស់គ្នា ឪពុកម្ដាយឈឺណាស់ ខាងប្រពន្ធ ប្រាកដជាកាន់ជើងប្រពន្ធកូន ខាងប្ដី ប្រាកដជាកាន់ជើងខាងប្ដីកូន មិនស្រួលអាចឱ្យឪពុកម្ដាយទាំងសងខាង ឈ្លោះទាស់គ្នាទៀត អាចឱ្យឪពុកម្ដាយ ខឹងគុំនឹងកូនប្រសារទៀត ចំណែកកូនៗ ជាប្ដីប្រពន្ធ ឈ្លោះគ្នាហើយ មិនយូរមិនឆាប់ ក៏ត្រូវគ្នា ត្រូវគ្នាវិញ កូននៅតែជាប្ដីប្រពន្ធ។ ជួនកាលពេលប្ដីប្រពន្ធកូនត្រូវគ្នា មកខុសឯម៉ែឪនេះទៀត ថាចេះដឹង លូកដៃក្នុងរឿងប្ដីប្រពន្ធឯង ដូច្នេះហើយ ហេតុផលប៉ុណ្ណេះ អាចល្មមឱ្យប៉ាម៉ាក់រួចខ្លួនបានហើយណាកូនៗ។
កូនត្រូវចាំថា ប្ដីប្រពន្ធឈ្លោះគ្នា គ្មានអ្នកណាអាចដោះស្រាយឱ្យកូនបាន ក្រៅតែពីកូនទាំងពីរនាក់ ចេះទទួលស្គាល់ ព្រមចាញ់រៀងៗ បើម្ខាងជាភ្លើង ម្ខាងទៀតជាទឹក នោះហើយជាដំណោះស្រាយដ៏ប្រសើរណាកូនៗ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ