Distant love ! អ្នកខ្លះគិតថា ស្នេហា ដែលនៅឆ្ងាយគ្នា វាពិតជាពិបាកនឹងទទួលយកណាស់ ជាពិសេសគឺ ពេលនឹកម្ដងៗ ពិបាកទ្រាំ និងពេលខ្លះទៀត ហាក់មានអារម្មណ៍ខ្លាចបាត់បង់មនុស្សខ្លួនស្រឡាញ់ ខ្លាចមានអ្នកផ្សេងចូលមកជ្រៀតជ្រែកទំនាក់ទំនងស្នេហារបស់អ្នក។ ប៉ុន្តែការពិតទៅ នេះគ្រាន់តែជាការបារម្ភ ខ្វាយខ្វល់ជ្រុលរបស់អ្នកតែប៉ុណ្ណោះ បើអ្នកចេះតិចនិច៥ចំណុចខាងក្រោមនេះ ធានាថា ស្នេហារបស់អ្នក នឹងមិនមានបញ្ហានោះឡើយ ទោះបីអ្នកទាំងពីរនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។
១. កុំឈ្លោះប្រកែកគ្នាហើយស្ងាត់បាត់ទំនាក់ទំនង
ជារឿងធម្មតា គូស្នេហ៍ណា ក៏តែងតែឈ្លោះប្រកែកគ្នាដែរ អ្នកនៅក្បែរគ្នា ឈ្លោះគ្នាយ៉ាងណា ក៏គេមិនចេញពីផ្ទះ ចំណែកស្នេហាយើងនៅឆ្ងាយគ្នា ពេលឈ្លោះគ្នា ដាច់ខាតកុំស្ងាត់ បាត់អវត្តមាន មិនបង្ហាញឱ្យដៃគូបានឃើញ យ៉ាងហោចណាស់ក៏តបសារខ្លះផង ព្រោះម្ខាងទៀត គាត់អាចនឹងគិតច្រើន គាត់អាចនឹងមិនសប្បាយចិត្តទេ ដែលយើងបាត់ខ្លួនទៅ បន្ទាប់ពីឈ្លោះគ្នានោះ។ ការប្រឈមមុខនឹងគ្នា គឺជារឿងដែលសំខាន់បំផុត ទោះឈ្លោះគ្នា ក៏ត្រូវតែនិយាយគ្នាខ្លះដែរ បើមិនដូច្នោះទេ ម្ខាងទៀតគាត់នឹងមានអារម្មណ៍មិនល្អនោះឡើយ ហើយវាក៏ជារឿងមិនល្អ សម្រាប់ទំនាក់ទំនងរបស់អ្នកទៅថ្ងៃមុខដែរ។
២. ចេះចែករំលែករឿងរ៉ាវប្រចាំថ្ងៃប្រាប់គ្នាឱ្យដឹង
ជារឿងចាំបាច់ ដែលគូស្នេហ៍គ្រប់គ្នា ដែលនៅឆ្ងាយពីគ្នាគឺត្រូវCall ឬផ្ញើសារឱ្យគ្នាជារៀងរាល់ថ្ងៃ អ្វីដែលសំខាន់គឺ ត្រូវប្រាប់គ្នាឱ្យដឹងទៅវិញទៅមកថា ថ្ងៃនេះយើងធ្វើអ្វីខ្លះ ជួបអ្វីខ្លះ បានអីញ៉ាំ ទៅណាខ្លះ? នេះជាការបង្ហាញពីភាពស្មោះត្រង់ចំពោះគ្នា រវាងអ្នកទាំងពីរ គឺមិនមានអាថ៌កំបាំងអ្វីឡើយ ទោះនៅឆ្ងាយគ្នាក៏ដោយ។ វាជាអ្វីដែលដៃគូរបស់យើង គាត់ចង់ដឹងពីសកម្មភាពរបស់មនុស្សដែលគាត់ស្រឡាញ់ គាត់បានស្ដាប់ហើយ គាត់ប្រាកដជាបានសប្បាយចិត្ត ហើយបើយើងមិនសប្បាយចិត្ត វាក៏ជាការចែករំលែកគ្នាផងដែរ។
៣. ណាត់គ្នាឱ្យច្បាស់សម្រាប់ថ្ងៃ Callរកគ្នាម្ដងទៀត
ត្រូវកំណត់ពេលឱ្យបានច្បាស់ និយាយគ្នារាល់ថ្ងៃ បន្ទាប់ពីយើងសម្រាកពីការងារប្រចាំថ្ងៃ បើបន្តរវល់ការងារ ក៏ត្រូវឆាតប្រាប់គាត់បន្តិចដែរ កុំឱ្យម្ខាងទៀតរង់ចាំយើងទាំងគ្មានដំណឹងអ្វីសោះ ព្រោះគាត់នៅឆ្ងាយពីយើង គាត់ពិតជាចង់និយាយជាមួយយើងណាស់ គាត់ពិតជានឹកយើងខ្លាំង ចង់ឮសំឡេង ចង់និយាយគ្នាឱ្យបានច្រើន។
៤. បង្កើតអាល់ប៊ុមរូបថតជាមួយគ្នាឱ្យបានច្រើន
ទោះនៅឆ្ងាយគ្នា មិនបានថតរូបជាមួយគ្នាច្រើនក៏ពិតមែន តែជាក់ស្ដែងយើងអាចមានរូបថតចាស់ៗ ឬយករូបទាំងពីរនាក់ផ្គុំចូលគ្នា កម្មវិធីគេមានឱ្យប្រើច្រើនណាស់ ធ្វើបែបនេះ បញ្ជាក់ថា យើងពិតជានឹកនាដល់គាត់គ្រប់វិនាទី ចង់នៅក្បែរគាត់រាល់ថ្ងៃ ជាពិសេសគឺ មានន័យថា មិនថាអ្នកទាំងពីរនៅឆ្ងាយគ្នាយ៉ាងណាទេ សំខាន់គឺចិត្តមិនដែលឆ្ងាយគ្នាឡើយ។
៥. ផ្ដល់ឱ្យគ្នាទៅវិញទៅមក នូវអារម្មណ៍សុវត្ថិភាព និងទំនុកចិត្ត
សំខាន់បំផុតគឺ ត្រូវសាងទំនុកចិត្តឱ្យដៃគូរបស់យើង ត្រូវធ្វើឱ្យគាត់ទទួលបានអារម្មណ៍ដែលមានសុវត្ថិភាព ទោះបីនៅឆ្ងាយគ្នា តែយើងមិនក្បត់គ្នា មិនធ្វើខ្លួនផ្ដេសផ្ដាស មិនធ្វើឱ្យគាត់បារម្ភគិតថាយើងនេះបែកឆ្វេង មានថ្មី ឬអនុញ្ញាតឱ្យអ្នកណា ចូលមកជ្រៀតជ្រែកស្នេហារបស់អ្នកទាំងពីរបានឡើយ ទំនុកចិត្ត ភាពស្មោះត្រង់ គឺសំខាន់បំផុតចំពោះគ្នា៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ