កាលពីវេលាម៉ោង២ និង២០ នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានផ្ទុះការភ្ញាក់ផ្អើល បង្កឱ្យមានការឆោឡោជាខ្លាំង នៅក្នុងបុរីឈូកវ៉ា២ ផ្លូវលេខ២៦ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលមានក្មេងស្រី អាយុទេីបតែ៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់លេីផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាដែលនៅជិតផ្ទះនោះ ហេីយបានឈ្លោះប្រកែងគ្នា ដែលជាហេតុធ្វេីឱ្យម្តាយរបស់ក្មេងភាគីម្ខាងខឹងសម្បារយ៉ាងខ្លាំង ហើយបានយកកាំបិតមកអារលើមុខ និងដៃហូឈាម បណ្ដាលឱ្យមានឈាមស្រោចពេញខ្លួនខ្លួន។
គួរបញ្ជាក់ផងដែរថា ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ៥ឆ្នាំ អាសយដ្ឋាននៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ បានរងរបួសរយះពេញមុខ ។ ចំណែកស្ត្រីដែលជាជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៨ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ។
មកដល់ខណៈពេលនេះដែរ ស្ត្រីដែលជាជនបង្ក ក៏ត្រូវបានខាងសមត្ថកិច្ចចុះមកអន្តរាគមន៍ និងបញ្ជូនខ្លួនទៅកាន់ទីស្នាក់ការដើម្បីដោះស្រាយហើយ។