ធ្វើជាមនុស្សត្រូវចេះបើកចិត្តឱ្យទូលាយ ហើយរៀនបែងចែកកឱ្យបានល្អរវាងការនិយាយលេង ឬនិយាយមែន។ មនុស្សយើងត្រូវមានទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនឱ្យបានច្រើន ព្រោះយើងរស់នៅក្នុងសង្គម ដូច្នេះ មិនត្រូវខ្វះញាតិមិត្ត ខ្វះការទាក់ទងនឹងមនុស្សជុំវិញខ្លួនឡើយ។
ធម្មតាទេ មនុស្សរស់នៅក្នុងសង្គមតែមួយជាមួយគ្នា មិនថាជាមិត្ត ជាបងប្អូន ឬអ្នកស្គាល់គ្នា ធ្វើការជាមួយគ្នា រកស៊ីជាមួយគ្នា គឺសុទ្ធតែជាការទាក់ទងដ៏ល្អ អ្វីដែលសំខាន់នោះគឺ មនុស្សខ្លះ គាត់ចូលចិត្តលេងសើចច្រើន ព្រោះតែគាត់គិតថា គាត់មានភាពស្និទ្ធស្នាលជាមួយនឹងយើង ជិតស្និទ្ធនឹងគ្នា ទើបពេលខ្លះគាត់និយាយលេងច្រើន។
ចំណែកយើងវិញក៏ដូចគ្នាដែរ មនុស្សដែលចូលចិត្តលេងសើចច្រើន ប្រាកដជាដឹងច្បាស់ហើយថា ការលេងសើចនេះវាបែបណា។ ប៉ុន្តែក៏មានមនុស្សខ្លះគឺ ចូលចិត្តលេងទៅលេងមក មិនចេះប្រកាន់ទេ ... អ្នកខ្លះចូលចិត្តលេងដែរ តែបើគេលេងចំពោះខ្លួនវិញ បែរជាប្រកាន់ខឹង ... ឯអ្នកខ្លះទៀត លេងបែបអត់ចេះគិត លេងបែបបន្លំ ឈ្លើយ ព្រហើន ខ្សែលើ ... តែអ្នកខ្លះទៀត មិនដែលលេងសើចនឹងគេទេ តែលេងក៏រឹតតែមិនបាន ប្រកាន់ជ្រុល ខឹងដាច់ក្បាលដាច់កន្ទុយ និយាយចំគឺ ប៉ះរលាក។
ពេលខ្លះ យើងមិនគួរប្រកាន់ពេកឡើយ មិនថាយើងលេងសើចនឹងគេ ឬគេលេងសើចនឹងយើងទេ យើងក៏ត្រូវតែចេះបែងចែក ហើយបើកចិត្តឱ្យទូលាយ កុំប្រកាន់ខឹង ឬលេងលើសលស់ពេក។
មុនលេងសើចនឹងគេ ត្រូវចេះមើលមនុស្ស មើលកាលៈទេសៈ មនុស្សខ្លះលេងមិនបាន ពេលខ្លះមិនគួរលេង។ ហើយបើមានអ្នកណាលេងសើចនឹងយើង យើងក៏ត្រូវគិត និងបែងចែកឱ្យបានល្អដែរ កុំប្រកាន់ច្រើន មានរឿងខ្លះ មនុស្សខ្លះ រឿងមិនគួរប្រកាន់ បែរជាប្រកាន់ខុសទំនង ប្រកាន់ច្រើន ថ្ងៃក្រោយ គេលែងហ៊ានចូលមកពាក់ព័ន្ធ ឬលេងសើចនឹងយើងហើយ។
កុំឱ្យបាត់បង់ទំនាក់ទំនងល្អ កុំឱ្យបាត់បង់មិត្ត ឬសាច់ញាតិ កុំឱ្យមិត្តក្លាយជាសត្រូវ ត្រូវលេងក៏លេងខ្លះទៅ ធ្វើជាមនុស្សយើងម៉េចនឹងអាចរស់នៅតែម្នាក់ឯងបានទៅ គឺត្រូវមានគេឯងជុំវិញខ្លះហើយទើបល្អ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ