រកបានហើយឬនៅ ម្ដាយក្មេកចិត្តដូចព្រះ ស្រឡាញ់ អាណិតកូនប្រសារទុកដូចជាកូនបង្កើត?

ក្ដីប្រាថ្នារបស់មនុស្សស្រីគ្រប់រូប មិនមែនត្រឹមតែបានស្វាមីមានភក្តីភាព យល់ការណ៍ ចេះមើលថែគ្រួសារតែម្យ៉ាងនោះទេ តែអ្វីដែលនាងចង់បានបន្ថែមទៀតនោះគឺ ឪពុកម្ដាយក្មេក ដែលប្រកបដោយមេត្តាករុណាចំពោះកូនប្រសារ ស្រឡាញ់ អាណិត គិតគូរ យោគយល់ ទុកដូចជាកូនបង្កើត ជាពិសេសនោះគឺ តែងតែកាន់ជើងកូនប្រសារ មើលថែ ថ្នាក់ថ្នម ទំនុកបម្រុងគ្រប់បែបយ៉ាង ជំនួសឪពុកម្ដាយបង្កើតរបស់យើង។

អាចនិយាយបានថា មនុស្សស្រីតិចណាស់ ដែលមានសំណាង បានរៀបការចូលទៅគ្រួសារខាងប្ដី ហើយរស់នៅដោយចុះសម្រុង និងទទួលបានភាពកក់ក្ដៅ ពីឪពុកម្ដាយក្មេក និងការគោរពស្រឡាញ់ពីសាច់ថ្លៃ។ មនុស្សស្រីខ្លះ គាត់មានសំណាងត្រឹមបានស្វាមីល្អ តែសាច់ញាតិបងប្អូនសាច់ថ្លៃ គឺមិនដែលគោរព ឱ្យតម្លៃមាងទេ អ្នកខ្លះទៀត មានតែចាក់រុក ឆ្កឹះឆ្កៀល និងម្ដាយក្មេកខ្លះ ចាំតែមើលបំណាំ ចាប់កំហុសតែប៉ុណ្ណេះ នេះក៏ព្រោះតែការមិនពេញចិត្តលើកូនប្រសារ បើទោះជាកូនប្រសារល្អប៉ុនណា ក៏នៅតែមិនអាចផ្គាប់ចិត្តម្ដាយក្មេកចិត្តអាក្រក់បានដែរ។

106134968_1035632883560601_7352677716652768448_o

មនុស្សស្រីដែលរៀបការចូលទៅក្នុងគ្រួសារដែលគ្មានចិត្តអាណិត មេត្តា ជីវិតគ្រួសាររបស់នាង មិនសូវជាមានក្ដីសុខ សុភមង្គលឡើយ អាចនិយាយបានថា មិនមានការចុះសម្រុងនឹងគ្នាទេ។ ព្រោះបើជីវិតគូ ត្រូវបានឪពុកម្ដាយមិនពេញចិត្តហើយនោះ ទោះស្វាមីរបស់យើង ស្រឡាញ់ អាណិតយើងប៉ុនណា ក៏គេនៅតែខ្វាយខ្វល់ពីចិត្តគំនិត និងស្ដាប់សម្ដីឪពុកម្ដាយ សាច់ញាតិបងប្អូនគេដែរ តែបើបុរសនោះខ្លាំង ជាស្វាមីសន្ដោសប្រពន្ធកូនពិត គេនឹងអាចជម្នះពាក្យសម្ដី និងគំនិតរបស់ឪពុកម្ដាយបាន ទើបអាចឱ្យគ្រួសារបានជួបជុំមិនបែកបាក់៕

106615316_1036479776809245_361902023783121333_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ