ខ្ញុំធ្លាប់សួរខ្លួនឯងមករហូតថា តើខ្ញុំអាចនឹងឈប់ស្រឡាញ់អ្នកទេ បើតាំងពីដើមមក ខ្ញុំស្រឡាញ់អ្នកខ្លាំង ស្រឡាញ់ជាងខ្ញុំខ្លួនឯងទៅទៀត ... ខ្ញុំស្រឡាញ់ ដល់ថ្នាក់មិនអាចបាត់បង់អ្នកបាន ... ខ្ញុំធ្លាប់យំ ធ្លាប់ធ្វើបាបខ្លួនឯង ព្រោះតែពេលខ្លះ អ្នកធ្វើសោះអង្គើយ និងមិនខ្វល់ពីខ្ញុំ ... ពេលខ្លះ ខ្ញុំបានធ្វើខុសមិនគប្បី និងសម្ដីមិនសមរម្យចំពោះអ្នក ... ជួនកាលខ្ញុំពិតជាស្អប់ខ្លួនឯង ដែលតែងតែធ្វើឱ្យអ្នកមិនសប្បាយចិត្ត ។ ប៉ុន្តែរយៈពេលកន្លងមកនេះ មិនថាអ្នកធ្វើបែបណាដាក់ខ្ញុំទេ ធ្វើបាបចិត្តខ្ញុំប៉ុនណាទេ ខ្ញុំនៅតែប្រាប់ខ្លួនឯងថាត្រូវតែទ្រាំអត់ធ្មត់ជាមួយនឹងរឿងគ្រប់យ៉ាង ជាពិសេសគឺ ខ្ញុំនៅតែតាមចិត្តអ្នកគ្រប់រឿង។
ប៉ុន្តែយូរទៅ វាក៏កាន់តែយូរទៅ អ្នករឹតតែមិនដែលនឹងឱ្យតម្លៃ កាន់តែបានដៃធ្វើបាប និងព្រងើយកន្តើយដាក់ខ្ញុំ ខ្ញុំក៏សួរខ្លួនឯងមករហូតថា តើខ្ញុំអាចទ្រាំជាមយអ្នកបានយូរដល់ពេលណា ពេលខ្លះ ខ្ញុំពិតជាខ្លាច ខ្លាចថាខ្លួនឯងលែងទ្រាំជាមួយអ្នកទៀត ខ្ញុំខ្លាចថាខ្ញុំពិតជាអស់ចិត្ត និងលែងអភ័យទោសឱ្យអ្នកទៀត។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ទង្វើដែលអ្នកបានធ្វើមកលើខ្ញុំ វាកាន់តែធ្វើឱ្យខ្ញុំនេះ កើតមានអារម្មណ៍ស្អប់អ្នក ជំនួសឱ្យក្ដីស្រឡាញ់ដែលខ្ញុំចង់ផ្ដល់ឱ្យអ្នក ... អ្នកធ្វើឱ្យមនោសញ្ចេតនារបស់ខ្ញុំចំពោះអ្នក កាន់តែខើចខ្លី និងមែនមានតម្លៃអ្វីទៀតសម្រាប់អ្នក ... អ្នកធ្វើឱ្យខ្ញុំបង្ខំចិត្តឈប់ស្រឡាញ់អ្នក ទាំងដែលខ្ញុំមិនចង់បាត់បង់អ្នក ... ។
ខ្ញុំមិនចង់ឈប់ស្រឡាញ់អ្នកទេ ព្រោះកន្លងមក ខ្ញុំស្រឡាញ់តែអ្នក គោរពអ្នក ឱ្យតម្លៃអ្នកបំផុត ... មិនមែនខ្ញុំចង់ដើរចេញ ពីអ្នកនោះឡើយ ប៉ុន្តែអ្វីដែលអ្នកធ្វើ មិនថាទង្វើ ឬសម្ដី គឺអ្នកបានធ្វើឱ្យខ្ញុំនេះ ត្រូវបង្ខំចិត្តដើរចេញ អ្នកជាអ្នកធ្វើឱ្យខ្ញុំឈប់ស្រឡាញ់អ្នកដោយខ្លួនឯង ... អ្នកធ្វើឱ្យអារម្មណ៍ល្អៗដែលធ្លាប់មាន រលាយអស់គ្មានសល់សូម្បីតែកម្ទេចមនោសញ្ចេតនា ... ពេលនេះ ខ្ញុំដឹងច្បាស់ហើយថា ខ្ញុំពិតជាអាចឈប់ស្រឡាញ់អ្នកពិតមែន គឺឈប់ដោយសារតែអ្នកខ្លួនឯងជាអ្នកដែលមិនចង់ឱ្យខ្ញុំបន្តការគោរព ស្រឡាញ់ចំពោះអ្នក ... អរគុណ ដែលបានធ្វើឱ្យខ្ញុំអាចដាច់ស្រេចចំពោះមនោសញ្ចេតនារវាងយើងទាំងពីរ ច្បាស់ហើយថាពេលនេះ ទំនាក់ទំនងវាពិតជាផុយស្រួយ នៅពេលដែលការព្យាយាមស្រឡាញ់ ថែរក្សា និងឱ្យតម្លៃ មានតែម្ខាង ដោយម្ខាងទៀត មានតែការបំផ្លាញបន្តិចម្ដងៗ រហូតដល់លែងមានអ្វីដែលនៅសេសសល់៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ