ជាការពិត មនុស្សស្រីបើអាយុច្រើនហើយនៅមិនទាន់រៀបការ ឬមិនមានស្នេហា នោះមានន័យថា នាងច្រើនតែជាមនុស្សស្រីដែលពិបាកផ្គាប់ចិត្តណាស់ ជាពិសេស បើពេលនាងខឹង ឬអន់ចិត្ត គឺមិនងាយនឹងលួងលោមនោះឡើយ ដូច្នេះហើយ បុរសណាដែលមានវ័យក្មេងៗ ហើយចង់បានមិត្តស្រីអាយុបង លុះត្រាតែអ្នកជាមនុស្សប្រុសចិត្តធ្ងន់ណាស់ ពូកែទ្រាំ ហើយក៏ត្រូវតែខ្លាំងខាង លួងលោម ផ្គាប់ចិត្តផងដែរ។
សម័យនេះ គឺមានមនុស្សប្រុសមួយចំនួនធំ បែរជាលង់ស្នេហ៍លើមនុស្សស្រីដែលមានវ័យ ឬអាយុបងខ្លួន ហេតុផលព្រោះតែគេជាប់ចិត្តលើភាពចេះគិតគូរ យកចិត្តទុកដាក់ និងមានគំនិតណែនាំបានល្អ នេះហើយជាចំណុចខ្លាំងរបស់មនុស្សស្រីដែលមានវ័យ ឬអាយុច្រើន តែបែរជាអាចរកបានសង្សារ ឬដៃគូមានវ័យក្មេងទៅវិញ។
យ៉ាងណាមិញ បើទោះបីជាមនុស្សស្រីដែលមានវ័យជ្រេ ឬអាយុច្រើន មានគុណសម្បត្តិរាប់មិនអស់ អាចទាក់ចិត្តមនុស្សប្រុសវ័យប្អូន ឱ្យលង់ស្រឡាញ់នាងក៏ពិតមែន តែជាក់ស្ដែង អ្នកត្រូវដឹងថា មនុស្សស្រីអាយុច្រើននេះ គឺពិបាកនឹងផ្គាប់ចិត្ត ពិបាកនឹងលួងលោមបំផុត។ ប៉ុន្តែនាងក៏មិនដែលនឹងទាមទារឱ្យអ្នកលួងលោម ឬតាមផ្គាប់ចិត្តនាងនោះដែរ ព្រោះនាងគិតថា នាងអាយុច្រើនហើយ មិនមែនកូនក្មេងដែលអ្នកត្រូវតាមលួងលោមគ្រប់ពេលនោះទេ។ ផ្ទុយទៅវិញ អ្វីដែលអ្នកគួរធ្វើ នៅពេលដែលនាងខឹង និងអន់ចិត្តអ្វីមួយនោះគឺ អ្នកត្រូវធ្វើឱ្យបាននូវអ្វីដែលនាងត្រូវការ ដូចជា ការកែប្រែខ្លួនតាមនាងចង់បាន ឬធ្វើតាមសម្ដីដែលអ្នកបាននិយាយ ឬសន្យាជាមួយនាង។
មនុស្សស្រីអាយុបង មិនមែនត្រឹមតែជាគូស្នេហ៍ ឬសង្សាររបស់អ្នកទេ តែនាងគឺជាបងស្រី ហើយក៏ជាម្ដាយរបស់អ្នកដែរ ដូច្នេះ អ្វីដែលនាងចង់បាននោះគឺ ភាពចាស់ទុំរបស់អ្នក ការចេះគិតគូរ និងមានបែបផែនក្នុងជីវិតច្បាស់លាស់ បើអ្នកពិតជាស្រឡាញ់នាងមែន អ្នកចាំបាច់បំផុតគឺ ត្រូវធ្វើខ្លួន ជាពិសេសគឺ ចិត្តគំនិត ត្រូវតែចាស់ទុំ និងចេះគិតឱ្យបានច្រើនជាងនាង កុំគិតថា ត្រឹមសម្រស់ ឬភាពវ័យក្មេងរបស់អ្នក អាចទាក់ចិត្តស្រីចាស់បានឱ្យសោះ គឺគិតខុសហើយ មនុស្សស្រីវ័យកាន់តែចាស់ អាយុកាន់តែច្រើន អ្នកជាក្មេង គឺត្រូវតែចេះតាមទ្រ ផ្គាប់ផ្គន់ ថ្នមចិត្ត តាមចិត្តនាង មិនមែននាងមកតាមទ្រប្រុសក្មេងដូចជាអ្នកនោះឡើយ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ