កូនខ្មាសគេទេ! ដែលមានម៉ែរូបរាងបែបនេះ មិនមែនជាអ្នកមាន គ្មានមុខមាត់ដូចគេ?

ត្រូវហើយ ចិត្តម៉ែនៅតែគិត ព្រោះជីវិតម៉ែ គឺមានតែមួយនេះទេ ម៉ែមិនមែនជាអ្នកមាន ម៉ែគ្មានចំណេះដឹងជ្រៅជ្រះ រូបរាងម៉ែមិនស្អាត សម្បុរមិនស្រស់ថ្លាដូចគេ ហើយកូនក៏ប្រហែលជាខ្មាសគេណាស់ហើយ ដែលមានម៉ែបែបហ្នឹង។

តើកូនដឹងទេ ជីវិតម៉ែមួយនេះ ម៉ែមិនដឹងទេថា ក្នុងចិត្តកូនឱ្យតម្លៃម៉ែបានកម្រិតណា តែសម្រាប់ចិត្តម៉ែ គឺម៉ែដឹងត្រឹមម្យ៉ាងគឺ ៖

104885231_2621736504747590_1604089620265728620_n

- ទោះម៉ែគ្មានចំណេះដឹងជ្រៅជ្រះ តែអ្វីដែលម៉ែត្រូវធ្វើនោះគឺ ខំប្រឹង ដើម្បីផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រចប់ចុងចប់ដើមនឹងគេ។

- ទោះម៉ែមិនស្អាត សម្បុរស្រអាប់មិនថ្លា ដូច្នេះម៉ែត្រូវខំប្រឹងយ៉ាងណា ដើម្បីបំពេញគ្រប់តម្រូវការរបស់កូន តាមលទ្ធភាពដែលអាចធ្វើបាន កូនម៉ែត្រូវតែមានស្លៀកពាក់ស្អាតបាតដូចគេ។

- ទោះម៉ែមិនមានអ្វីហូបឆ្ងាញ់ដូចគេ តែអាហារបីពេល ម៉ែត្រូវតែខំរកដើម្បីឱ្យកូនបានហូបចុកគ្រប់គ្រាន់ មិនអាចឱ្យកូនអត់ឃ្លានបានឡើយ។

- ទោះម៉ែគ្មានឋានៈ បុណ្យសក្តិ មុខមាត់ក្នុងសង្គម តែម៉ែអាចឱ្យឋានៈកូនស្មើនឹងព្រះនាងម្ចាស់ ព្រោះកូនមានតម្លៃណាស់នៅក្នុងចិត្តរបស់ម៉ែ ...។

104708259_2621736551414252_3881524269184963837_n

ម៉ែខំដើម្បីឱ្យកូនបានរៀនសូត្រជ្រៅជ្រះ មានចំណេះដឹង កូននឹងយល់ថា តម្លៃម៉ែធំធេងប៉ុនណា បើថ្ងៃមុខ កូនមិនអាចជួយម៉ែបាន ក៏ម៉ែមិនថា តែសុំកូនកុំមើលងាយម៉ែដែលជាអ្នកមានគុណ ព្រោះម៉ែមិនចង់ឱ្យកូនបានខ្ពង់ខ្ពស់ តែស្ពាយបាបជាប់ខ្លួននោះឡើយ។

កម្មដែលកើតព្រោះតែការប្រមាថ មើលងាយអ្នកមានគុណ គឺវាជាបាបកម្មធ្ងន់ណាស់ណាកូន ដូច្នេះ កូនរៀនសូត្របានច្រើន កូនត្រូវចេះគិត កូនត្រូវមានគុណធម៌ សុជីវធម៌ និងកត្តញ្ញូនៅក្នុងចិត្ត ... កូនត្រូវដឹងថា ក្នុងជីវិតមនុស្សម្នាក់ៗ គ្មានអ្វីដែលល្អប្រសើរ ជាងការដែលកូនចេះដឹងគុណឪពុកម្ដាយនោះឡើយ ... បើកូនជាកូនកត្តញ្ញូហើយ ទៅដល់ទីណាក៏កូនបានរុងរឿង ថ្កើងថ្កល់ដែរ៕

105016985_2621736528080921_1428530582931101531_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ