ចាស់ៗពីមុន ប្រកាន់ណាស់ ជាពិសេសគឺ ការដើរហើររបស់កូនស្រី គេគិតថា ជាមនុស្សស្រី កូនស្រី ដើរលេងច្រើនមិនល្អទេ ព្រោះគាត់គិតថា ពពាក់ពពូន មិត្តភក្តិច្រើននាំឱ្យខូចខិល នាំឱ្យអ្នកជិតខាងគេនិយាយដើម វាមិនល្អ ខ្លាចមានពាក្យចចាមរាម ខ្លាចមានពាក្យអាស្រូវ។ ប៉ុន្តែសម្រាប់កូនស្រីក្នុងសម័យឥឡូវ គេលែងគិតរឿងអស់ទាំងហ្នឹងទៀតហើយ ព្រោះបើមិនដើរលេងខ្លះទេ ប្រាកដជាមិនស្គាល់សង្គមមនុស្សឡើយ វាងាយនឹងធ្វើឱ្យគេបោកប្រាស់បានថែមទៀតផង។
ជាមនុស្សស្រីសម័យថ្មី ត្រូវតែចេញរកស៊ី ចូលប្រឡូកក្នុងសង្គម ដើរហើរឱ្យបានច្រើន ស្គាល់គេស្គាល់ឯង ទើបដើរទាន់មនុស្សក្នុងសង្គមនេះ បើយើងគិតតែខ្លាចគេនិយាយដើម ខ្លាចគេថាយើងមិនល្អ យើងប្រាកដជាមិនស្គាល់មនុស្ស ដើរមិនទាន់គេទេ នៅតែក្នុងផ្ទះ មុខតែដូចកង្កែបក្នុងអណ្ដូងអ៊ីចឹង វាទៅជាមិនល្អវិញ។ ត្រូវចាំថា មនុស្សស្រីល្អ ឬមិនល្អ គេមិនសម្គាល់លើការដើរលេងនោះឡើយ ព្រោះមនុស្សស្រីប្រុងមិនល្អ នៅតែក្នុងផ្ទះ ផឹកតែទឹកសុទ្ធ ក៏ខិលខូចបានដែរ មិនចាំបាច់ដល់ថ្នាក់ ផឹកស្រា ចេញក្រៅ ដើរលេងយប់នេះទេ។
កុំខ្វល់ពីសម្ដីគេពេក សំខាន់យើងខ្លួនឯង ចេះប្រព្រឹត្តខ្លួនបែបណា អ្នកខ្លះ អ្នកជិតខាងខ្លះ បានត្រឹមតែនិយាយដើមគេ ថាគេអ៊ីចេះ ថាគេអ៊ីចុះ តែកូនខ្លួនឯងវិញ មិនដឹងឯណាឯណីផង ព្រោះរវល់តែនិយាយដើមកូនគេ ភ្លេចអប់រំ ភ្លេចមើលកូនខ្លួនឯង។ ដូច្នេះហើយ មិនបាច់ទៅខ្វល់ពីសម្ដីអ្នកជិតខាងណាពេកទេ គេនិយាយអីស្រេចតែគេទៅ យើងក៏មិនអាចទៅហាមឃាត់ បិទមាត់គេបានដែរ អ៊ីចឹងបណ្ដោយឱ្យគេនិយាយទៅ សំខាន់យើងចេះធ្វើខ្លួនឯងឱ្យល្អ ចេះធ្វើការរកស៊ី រកលុយចាយបានដោយខ្លួនឯង អ៊ីចឹង យើងក៏ត្រូវតែដើរលេង លំហែអារម្មណ៍ម្ដងម្កាល វាគ្មានបញ្ហាអីនោះឡើយ សំខាន់ យើងមានលុយចាយ បាយហូប និងសប្បាយចិត្ត កុំទៅខ្វល់៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
រូបភាព ៖ Vanniya Prak