ជាការពិត ចង់រកមនុស្សប្រុសមានចិត្តស្មោះត្រង់ចំពោះដៃគូតែម្នាក់ មិនពាក់ព័ន្ធ ទាក់ទងស្រីខាងក្រៅ ឬស្រីផ្សេង គឺពិបាករកណាស់ ព្រោះក្នុងសម័យនេះ ក៏មានមនុស្សស្រីខ្លះ ពូកែឱ្យដៃ លែបខាយ ទាក់ទងមនុស្សប្រុសដែរ ញ៉ែញ៉ង មិនដឹងរបស់គេរបស់ឯងនោះឡើយ។
លើសពីនេះ ក៏មានមនុស្សស្រីមួយប្រភេទទៀត ដឹងទាំងដឹងហើយថា គេមានសង្សារ មានប្រពន្ធ រៀបការ មានគ្រួសារ មានទាំងកូនទៀត ក៏នាងមិនខ្វល់ដែរ សំខាន់ឱ្យតែទាក់ទង ឬយកមនុស្សប្រុសនោះបាន លែងដឹងបាបបុណ្យ មិនចេះគិតល្អអាក្រក់ អត់មានកេរ្តិ៍ខ្មាស គ្មានភាពថ្លៃថ្នូរសូម្បីតែបន្តិច មនុស្សស្រីបែបនេះ ទោះទៅជេរប្រទិច ក៏គ្មានចិត្តឈឺចាប់នោះដែរ ព្រោះនាងគ្មានកេរ្តិ៍ស្រាប់ហើយ។
ចំណែកឯមនុស្សប្រុសវិញ ក៏មានដែរគឺមនុស្សស្មោះចំពោះដៃគូ ស្មោះចំពោះមនុស្សដែលខ្លួនស្រឡាញ់ គឺមិនទៅពាក់ព័ន្ធនឹងស្រីផ្សេងទេ ប៉ុន្តែវាក៏ពិបាក ព្រោះមនុស្សប្រុសខ្លះ ពិតជាមិនអាចទប់ចិត្ត ទប់អារម្មណ៍បានមែន នៅពេលដែលមានស្រីផ្សេងមកនៅក្បែរ ដូចពាក្យគេថា ស្រឡាញ់ ចាញ់អាណិត ... ស្នេហ៍មិនឈ្នះស្និទ្ធអីនោះឯង ... ។
ចង់រកមនុស្សប្រុសស្មោះត្រង់ម្នាក់ វាពិបាកជាងរាវម្ជុលនៅបាតសមុទ្រទៅទៀត តែបើអ្នកអាចរកបាន ឬបានជួបមនុស្សប្រុសម្នាក់នោះហើយ ទុកថា អ្នកជានារីដែលមានសំណាងបំផុតនៅលើលោកនេះ ព្រោះមិនមែនមនុស្សស្រីល្អៗគ្រប់រូប សុទ្ធតែមានសំណាងបានជួប បុរសល្អៗ ជាគូជីវិតនោះឡើយ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ