ក្នុងនាមជាម្ដាយ! ដឹងហើយថាការដែលមានកូនវាលំបាក តែក៏ស្ម័គ្រចិត្ត ពេញចិត្តនឹងចិញ្ចឹមកូនដោយសារតែហេតុផលមួយចំនួននេះ

កូនភាគច្រើនគឺ ចិត្ត និងបេះដូង មានក្ដីស្រឡាញ់ អាណិតដល់អ្នកដែលជាម្ដាយ ច្រើនជាងឱ្យឪពុក កូនៗមានភាពស្និទ្ធស្នាលជាមួយម្ដាយខ្លាំង ព្រោះភាគច្រើនរបស់ម្ដាយគឺ ចិញ្ចឹមកូនដោយបេះដូង និងក្ដីស្រឡាញ់ ចំណែកចំពោះអ្នកដែលជាឪពុកវិញ ចិញ្ចឹមកូនដោយប្រើចំណេះ ការគិត និងខួរក្បាល។ សម្រាប់អ្នកដែលជាម្ដាយ មុននឹងសម្រេចចិត្តយកកូន ឬបង្កើតកូន គាត់បានដឹងជាមុនហើយថា ការបង្កើតកូន ការចិញ្ចឹមបីបាច់ថែរក្សាកូន ការមើលថែ អប់រំ ប្រៀនប្រដៅកូន មិនមែនជារឿងដែលងាយនោះឡើយ មានតែពាក្យមួយឃ្លាប៉ុណ្ណោះគឺ លំបាកណាស់ តែមនុស្សស្រីគ្រប់រូប នៅស្ម័គ្រចិត្តបង្កើតកូនដោយស្នាមញញឹម លាយឡំនឹងទឹកភ្នែក ដោយមានហេតុផលប៉ុន្មានចំណុចនេះ ៖

102707182_584286455615561_2407640561145154632_o

១. កូនជាចំណងដៃនៃជីវិតអាពាហ៍ពិពាហ៍ ៖ ប្ដីប្រពន្ធគ្រប់គូ សុទ្ធតែប្រាថ្នាចង់បានកូន ដូចពាក្យគេថា កូនជាចំណងដៃ ក្រោមហេតុផលនេះហើយ នៅពេលដែលនារីម្នាក់ អាចពពោះ បង្កើតកូនឱ្យស្វាមីបាន នាងនឹងក្លាយជានារីដ៏អស្ចារ្យសម្រាប់ស្វាមី ព្រោះនាងជាម្ដាយកូនរបស់គាត់។

២. មានកូនជីវិតរឹតតែមានន័យ ៖ កូនជាអ្វីៗគ្រប់យ៉ាងសម្រាប់ជីវិតគ្រួសារមួយ នៅពេលដែលមានកូនភាពអ៊ូអរក៏ចាប់ផ្ដើមកើតមានឡើង បង្ហាញឱ្យឃើញថា គ្រួសារមួយនេះ មានភាពស្រស់បំព្រង កូនប្រៀបដូចជាពន្លឺដ៏ភ្លឺថ្លា ធ្វើឱ្យគ្រួសារកាន់តែស្រស់ស្រាយ និងកក់ក្ដៅ។

៣. មានកូនជីវិតគូអាចនឹងប្រែមកជាល្អប្រសើរ ៖ ពេលខ្លះ ប្ដីប្រពន្ធ ឬគ្រួសារមួយ អាចកើតមានជាទំនាស់ទាស់ទែង ប្ដីអស់អារម្មណ៍ពីប្រពន្ធ ឪពុកម្ដាយក្មេក មិនពេញចិត្តនឹងកូនប្រសារ ក្រោមហេតុផលថា ប្ដីប្រពន្ធមិនអាចបង្កើតកូនទុកជាចំណងដល់គ្នា។ ប៉ុន្តែ ប្រសិនបើអ្នកអាចបង្កើតកូនបាន នោះមានន័យថា គ្រួសារនេះរឹតតែពេញលេញ បើប្ដី ឬឪពុកម្ដាយក្មេក មិនពេញចិត្តនឹងយើង ក៏គេយល់ដល់កូន ដែលជាសាច់ឈាមញ័រគេដែរ។

103132516_584286588948881_4246854982141671165_o

៤. ពេលជីវិតគូរកាំរកូស ទោះគ្មានប្ដី ក៏នៅមានកូនជាក្ដីសង្ឃឹម ៖ កូនជាទីពឹងពាក់ ពុំនាក់ របស់ស្ត្រីគ្រប់រូប នាងអាចអត់ប្ដីក៏បាន ឱ្យតែនាងមានកូននៅក្បែរ មនុស្សស្រីខ្លះ សុខចិត្តទ្រាំលំបាក លែងលះប្ដីសី សំខាន់ នាងមានកូនជាអ្វីៗគ្រប់យ៉ាងសម្រាប់នាងហើយ បើប្ដីធ្វើឱ្យនាងទឹកភ្នែក នាងក៏មានកូនទុកសម្រាប់ដេកឱបឱ្យបានកក់ក្ដៅលែងរងា បើជីវិតមានទុក្ខលំបាក ជួបបញ្ហា នាងក៏មានកូនជាកម្លាំងចិត្ត ឱ្យតស៊ូ ជម្នះរាល់បញ្ហាទាំងពួង កូនជាដង្ហើម ជាក្ដីសង្ឃឹមចុងក្រោយរបស់នាង។

៥. កូនជាគ្រប់យ៉ាង ចូលមកផ្លាស់ប្ដូរជីវិតម្ដាយ ៖ ព្រោះតែមានកូន ជីវិតអ្នកម្ដាយទាំងឡាយ បានប្រែក្លាយជាល្អប្រសើរឡើងវិញ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ គឺកូននេះហើយ ប្រៀបបាននឹងទេវតាទ្រព្យ ទេវតាសំណាង ចូលមកែប្រែ ផ្លាស់ប្ដូរគ្រប់បែបយ៉ាងក្នុងជីវិតរបស់អ្នកម្ដាយគ្រប់រូប៕

104106233_584286488948891_7079870170120589291_o

អត្ថបទ ៖ ភី អេក | ក្នុងស្រុករក្សាសិទ្ធ