តើគួរធ្វើ ឬមើលបែបណា ដែលអាចកំណត់បានច្បាស់ថា យើងបានសម្រេចចិត្តជ្រើសមនុស្សត្រឹមត្រូវមកធ្វើជាដៃគូជីវិតនោះ?
រាល់ទំនាក់ទំនងទាំងអស់ គឺមានវដ្ដមួយ ... ដំបូងៗ វាគឺជាការលង់ស្រឡាញ់ អ្នកតែងតែស្រមើស្រមៃថា បាននៅក្បែរគេ បានគេមករួមរស់ជាមួយ មានគេតែម្នាក់គត់ ស្រឡាញ់គេណាស់ បិទភ្នែក បើកភ្នែក ក៏ឃើញតែមុខគេ ចិត្តគំនិត អារម្មណ៍ គឺដក់ជាប់តែជាមួយមនុស្សម្នាក់នោះ នោះហើយដែលគេហៅថា ធ្លាក់ក្នុងអន្លង់ស្នេហា។
ប៉ុន្តែនៅពេលដែល ២/៣ ខែ ឬ ២/៣ ឆ្នាំបន្ទាប់ពីបានស្រឡាញ់ ទាក់ទង ឬរស់នៅជាមួយគ្នា មនុស្សក៏ចាប់ផ្ដើមប្រែប្រួល រង្គោះរង្គើ ...
- ចិត្ត អារម្មណ៍ពេលបាននៅក្បែរគ្នា វាមិនរំភើបដូចកាលគ្រាដំបូង ...
- អារម្មណ៍ពេលនៅជាមួយគ្នា វាលែងកក់ក្ដៅដូចមុនហើយ ...
- អារម្មណ៍ពេលខ្លះ មិនមានគេក៏ល្អ ព្រោះមានគេនៅក្បែរ បែរជាធុញថប់ តានតឹងចិត្តទៅវិញ
- ការឆាត ឬខលសួរនាំគ្នា ក្លាយជាការរំខាន
- មិនចង់ឱ្យប៉ះពាល់ ឬមិនចង់ឮសំឡេងគេ ព្រោះវាគួរឱ្យធុញ
- និយាយ១០ម៉ាត់ ទាស់គ្នា ៩ម៉ាត់បាត់ទៅហើយ គំនិត និងចិត្តលែងសម្របតាមគ្នា...។
នៅមានចំណុចជាច្រើនទៀតដែល ជាសញ្ញាមួយបញ្ជាក់ថា គេពិតជាងស់ចិត្តពីយើងច្បាស់ណាស់ ហើយគេក៏នឹងចាប់ផ្ដើមទៅចាប់អារម្មណ៍ ឬស្រឡាញ់អ្នផ្សេងថ្មីទៀត ហើយអារម្មណ៍នោះ វាក៏ដូចអារម្មណ៍ដំបូងដែលគេ មានចំពោះយើងអ៊ីចឹងដែរ។
ចង់ដឹងថា ខ្លួនឯងបានជ្រើសដៃគូបានត្រឹមត្រូវហើយឬនៅ គឺស្ថិតលើពេលវេលាជាអ្នកពិសោធន៍ យើងមិនអាចសន្មតបាននៅពេលដែលយើងបានសម្រេចិត្តដំបូងបានឡើយ។
- បើការរស់នៅជាមួយគ្នា យើង និងគេនៅតែមានអារម្មណ៍ដូចការស្រឡាញ់ដំបូងមិនប្រួលប្រែ នោះគឺជាការសម្រេចចិត្តជ្រើសត្រឹមត្រូវហើយ។
- ពេលខឹង ឬមិនសប្បាយចិត្ត តែគេនៅតែអាចរក្សាអារម្មណ៍ល្អ មិនស្រែកគំហក មិនរករឿង ឈ្លោះជាមួយយើង នោះមានន័យថា គេពិតជាស្រឡាញ់យើងដោយសេចក្ដីស្រឡាញ់ប្រាកដណាស់។
- បើគេតែងតែព្យាយាមចង់ដឹងពីសុខទុក្ខ ឬឈឺឆ្អាលក្នុងការលំបាក ធុរកិច្ចរបស់យើង នោះគេ គឺជាដៃគូដ៏ល្អបំផុតហើយ។
ប៉ុន្តែទំនាក់ទំនង គឺទាមទារឱ្យអ្នកទាំងពីរ រួមរួប ផ្គួបផ្សំគ្នា បើទង្វស្រឡាញ់អស់ពីចិត្ត មានតែម្ខាងដែលព្យាយាម វាក៏គ្មានន័យអ្វីដែរ មុន និងក្រោយ មនុស្សដែលមានចិត្តស្រឡាញ់ខ្លាំង និងលះបង់បំផុតនោះក៏ ប្រែប្រួលផ្លាស់ប្ដូរទៅដូចគ្នាដែរ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ