ជាការពិតណាស់ថា គ្មានមនុស្សស្រីណាអាចទ្រាំនៅស្ងៀមបានទេ ដែលឃើញប្ដីលួចលាក់មានប្រពន្ធចុង ឬចិញ្ចឹមស្រីខាងក្រៅ ហើយត្រូវមកធ្វើមិនដឹងមិនឮ ឬបណ្ដោយឱ្យគេសប្បាយសោយសុខលើក្បាលយើងបែបនេះ។
ប៉ុន្តែប្រសិនបើអ្នកចង់រក្សាភាពថ្លៃថ្នូរក្នុងនាមខ្លួនជាប្រពន្ធដើម ប្រពន្ធមានអេតាស៊ីវិល ត្រឹមត្រូវទៅតាមច្បាប់ អ្នកគួរតែរក្សាភាពស្ងៀមស្ងាត់ ហើយលេងតាមផ្លូវច្បាប់វិញល្អជាង។ មួយវិញទៀត ក្រោមហេតុផលពីរចំណុចខាងក្រោមនេះ ដែលអ្នកគួរតែសម្រេចចិត្ត គិតឱ្យបានត្រឹមត្រូវ និងមិនគួរទៅឈ្លោះ ជេរប្រទេច បង្ហោះបង្ហើរ ហែកកេរ្តិ៍គ្នាជាមួយនឹងស្រី ឬប្រពន្ធចុងនោះឡើយ។
១. ស្រី ឬប្រពន្ធចុង វាថោកទា បពេកដែលយើងមិនគួរបន្ទាបតម្លៃខ្លួនទៅជ្រលក់ជាមួយនោះទេ
ពាក្យថាស្រីចិញ្ចឹម ឬប្រពន្ធចុង គឺវាគ្មានតម្លៃអ្វីនៅក្នុងសង្គមស្រាប់ទៅហើយ ដូច្នេះ ក្នុងនាមយើងជាប្រពន្ធដើមត្រឹមត្រូវទៅតាមច្បាប់ យើងក៏មិនគួរបន្ទាបខ្លួនឯង ទៅជេរ បញ្ចោរជាមួយស្រីកំដរអារម្មណ៍បែបនេះទេ។ ពេលខ្លះ បើដ្បិតថា យើងចង់ហែកកេរ្តិ៍ ឬបង្ខូចកេរ្តិ៍របស់ស្រីនោះ តែវាក៏បង្ហាញពីភាពជាខ្លួនយើងផងដែរ គេអាចនឹងគិតថា មកពីយើងជាប្រពន្ធ គ្មានភាពថ្លៃថ្នូរបែបហ្នឹង ពូកែតែជេរបញ្ចោរ ទើបប្ដីទៅមានស្រី ហើយបើប៉ះចំស្រីវាពុតត្បុតដូចផ្លែល្វាទៀត វានឹងលេងមួយក្បាច់ដាក់យើងគឺ បើឆ្កែខាំ កុំខាំឆ្កែវិញ យើងជាប្រពន្ធដើម ជាអ្នកខ្មាសគេ សួរថា ខ្មាសត្រង់ណា គឺខ្មាសត្រង់ ឱ្យស្រីធុនថោក មកដៀលបែបហ្នឹង វាឈឺពេកហើយ។ មួយវិញទៀត ស្រីបើវាហ៊ានយកប្ដីគេហើយនោះ វាក៏គ្មានអីដែលត្រូវខ្មាសគេទៀតដែរ ទោះយើងជេរវាបែបណាក៏មិនខ្វល់ ដូចពាក្យគេថា មនុស្សអត់កេរ្តិ៍ខ្មាស ជេរដល់រយះមាត់យើងទៀតក៏វាមិនឈឺ។
២. ប្ដីគ្មានតម្លៃគ្រប់គ្រាន់ ដែលត្រូវឱ្យយើងទៅឈ្លោះជេរប្រទេចគ្នា ដើម្បីដណ្ដើមវាមកវិញឡើយ
ពាក្យថាប្ដី មានតម្លៃលុះត្រាតែស្មោះត្រង់ មានភក្តីភាព ចំពោះប្រពន្ធកូន និងក្រុមគ្រួសារ តែបើបង្ករឿង ទៅលួចលាក់មានស្រី ចិញ្ចឹមស្រីខាងក្រៅហើយនោះ ទោះពូកែរកលុយកម្រិតណា យសក្តិសកប៉ុនណា ក៏គ្មានតម្លៃឱ្យយើងគោរព ស្រឡាញ់ ឬចង់បានយកមកឱបក្រសោបវិញដែរ។ ទទួលស្គាល់ថា ប្ដីប្រពន្ធ តែងមានរឿងឈ្លោះ ប៉ះទង្គិច គួរតែអន់ឱនឱ្យគ្នា តែអត់ឱនរឿងផ្សេង កំហុសផ្សេង អាចអនុគ្រោះបាន តែករណីលួចទៅមានស្រី ឬលួចចិញ្ចឹមស្រី/ប្រពន្ធចុងនេះមួយ គឺពិបាកកែបន្តិចហើយ មនុស្សប្រុស ធ្លាប់ស្រី ពិបាកកែទម្លាប់ណាស់ ប៉ះប្រុសខ្លះ ងប់នឹងស្រី ងប់ពាក្យសម្ដីស្រីចាក់រុក វាអាចនឹងវាយតប់ ធ្វើបាបប្រពន្ធកូនថែមទៀតផង។ ប្រពន្ធទាំងឡាយ ប្រុសខ្លះ គេស្រឡាញ់កូន ទើបមិនព្រមលែងយើង គេគិតគូដល់កូន មិនមែនអាល័យយើងទេ មនុស្សប្រុស បើគេស្រឡាញ់ប្រពន្ធមែន គេមិនប្រព្រឹត្តទង្វើចោលម្សៀត ទៅលួចមានស្រីក្បត់ចិត្តយើង ទុកយើងដូចទីងមោងចាំផ្ទះគេនោះឡើយ គេមិនធ្វើឱ្យប្រពន្ធ ឈឺចាប់ ខូចចិត្ត ទឹកភ្នែកដោយសារទង្វើគេទេ ដូច្នេះ យើងក៏មិនគួរទៅបន្ទាបតម្លៃខ្លួនឯង ទៅឈ្លោះវាយតប់នឹងស្រីញីទាំងនោះ ព្រោះតែចង់ដណ្ដើមប្ដីយកមកឱបតែម្នាក់ឯងនោះឡើយ ព្រោះប្ដីបែបនេះ គ្មានតម្លៃនឹងឱ្យយើងនេះ ចង់បានទៀតនោះទេ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ