កាយវិការ ឬទង្វើមួយចំនួនរបស់មនុស្សប្រុស ដែលតែងតែធ្វើឱ្យមិត្តស្រីរបស់ខ្លួន មានការយល់ច្រឡំ ហើយកើតជាខឹងប្រចណ្ឌ រករឿងឈ្លោះគ្នាជាញឹកញាប់ តែតាមការពិត វាគ្រាន់តែជាការគិតច្រើនរបស់ស្រីៗ និងការយល់ច្រឡំតែប៉ុណ្ណោះ។
យ៉ាងណាមិញ មានកាយវិការមួយចំនួនខាងក្រោមនេះ ដែលបានធ្វើឱ្យស្រីៗច្រើនតែយល់ច្រឡំ ៖
១. ពេលដៃគូកុហក
ការកុហក ជារឿងដែលមនុស្សស្រីស្អប់បំផុត ជាពិសេសគឺ ពេលដៃគូកុហកនាង នាងរឹតតែខឹង ប៉ុន្តែការពិតខ្លះ ការដែលមនុស្សប្រុសកុហក ក៏ព្រោះតែមិនចង់ប្រាប់ការពិតឱ្យមនុស្សស្រីបានដឹង និងមិនសប្បាយចិត្ត ព្រោះមនុស្សស្រីមួយចំនួន ពេលដឹងការពិតហើយច្រើនតែខឹង រករឿងឈ្លោះ ហើយគិតច្រើនផ្ដេសផ្ដាស មនុស្សស្រីខ្លះ បានតែគេកុហក បើប្រាប់ការពិតគឺ មិនសូវជាមានរឿងល្អនោះឡើយ ហើយដៃគូ ក៏ព្រោះតែមិនចង់មានរឿង មានបញ្ហានឹងគ្នា ទើបចេះតែកុហកបែបហ្នឹងទៅ។
២. ពេលដៃគូសម្លឹងមើលស្រីផ្សេង
ជាធម្មតារបស់មនុស្សប្រុសទៅហើយ ដែលតែងតែចូលចិត្តសម្លឹង និងមើលស្រីស្អាតដែលនៅជុំវិញខ្លួន មនុស្សប្រុសគ្រាន់តែមើល គាត់អាចនឹងចូលចិត្ត តែមិនមែនមានន័យថា គាត់ស្រឡាញ់ម្នាក់ស្រីនោះទេ គាត់គ្រាន់តែចាប់អារម្មណ៍មួយពេលៗតែប៉ុណ្ណោះ ទោះយ៉ាងណាក៏គាត់មិនដែលភ្លេចមិត្តស្រីរបស់គាត់ដែរ។
៣. ពេលដៃគូប្រាប់ថារវល់
ត្រូវហើយ ម្នាក់ៗតែងតែមានការរវល់ និងមមាញឹក ទោះមនុស្សស្រឡាញ់គ្នាប៉ុនណា ក៏ត្រូវតែមានពេលរវល់កិច្ចការងារផ្ទាល់ខ្លួនដែរ គាត់រវល់ជាការពិតគឺរវល់ជាមួយការងារ មិនមែនគាត់យកលេស គេចវេស ឬមិនចង់នៅក្បែរអ្នកនោះឡើយ។
៤. ពេលដៃគូមិននិយាយស្ដី
ពេលខ្លះ មនុស្សប្រុសខ្លះ គាត់មិនចូលចិត្តនិយាយស្ដីច្រើន ប៉ុន្តែមនុស្សប្រុសខ្លះ បើសិនជានៅសុខៗគាត់អត់និយាយអី នៅស្ងៀម គឺមានន័យថា គាត់កំពុងតែមានបញ្ហាអ្វីមួយនៅក្នុងចិត្តហើយ ជួនកាលអាចជាបញ្ហាការងារ ឬបញ្ហាគ្រួសារ ដូច្នេះ ក្នុងនាមជាមិត្តស្រី កុំចេះតែខឹង រករឿងគាត់ពេក រៀនយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីគាត់ឱ្យបានច្រើនផង។
៥. ពេលដៃគូសួរនាំច្រើន
មនុស្សប្រុសគាត់មិនសូវចូលចិត្តសួរនាំ រឿងរបស់ដៃគូទេ តែបើសិនជាគាត់សួរនាំច្រើន ក៏អាចមកពីគាត់បារម្ភ ឬស្រឡាញ់អ្នកខ្លះ ទើបគាត់ហួងហែង មិនមែនរករឿងចង់ឈ្លោះ ឬសាំញ៉ាំ ត្រប៉ែដាក់អ្នកនោះឡើយ។
៦. ពេលដៃគូចេញក្រៅជាមួយពួកម៉ាក
ការចេញក្រៅដើរលេងជាមួយពួកម៉ាក ជារឿងធម្មតារបស់មនុស្សប្រុសហើយ គាត់តែងតែចង់ដើរលេង គាត់ចង់មានពេលវេលាផ្ទាល់ខ្លួន មិនមែនមានន័យថា គាត់ព្រងើយកន្តើយ ឬមិនខ្វល់ ទុកអ្នកចោលនោះទេ សំខាន់ ទៅណាមកណា ជាមួយអ្នកណា គឺគាត់តែងតែប្រាប់យើងជាដំណឹង គាត់ឱ្យយើងដឹងគ្រប់រឿងដែលពាក់ព័ន្ធជាមួយនឹងគាត់។
ដូច្នេះ មិនថាក្នុងនាមជាសង្សារ ឬជាប្ដីប្រពន្ធនោះទេ គួរតែចេះផ្ដល់ពេលវេលាឱ្យគ្នាទៅវិញទៅមក រក្សាគម្លាតរវាងគ្នាខ្លះក៏ល្អដែរ កុំចេះតែតាមស្អិត ហួងហែងខ្លាំងពេក វាអាចនឹងក្លាយទៅជារឿងរ៉ាវជម្លោះទៅវិញតែប៉ុណ្ណោះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ