ធ្លាប់ឆ្លងកាត់ការបាត់បង់ ធ្លាប់ជួបការបែកបាក់ ទើបដំណើរជីវិតក្នុងរយៈពេលចុងក្រោយនេះ គឺត្រូវត្រៀមចិត្ត និងធ្វើចិត្តក្នុងការទទួលយកជាមុន រឿងខ្លះ របស់ខ្លះ ឬមនុស្សខ្លះ ខ្ញុំបានដឹង និងត្រៀមចិត្តទទួលយកការបាត់បង់រួចទៅហើយ មិនមែនខ្ញុំមិនថែ ឬមិនចេះថែនោះទេ តែខ្ញុំដឹងថា វាមិនមែនជាកម្មសិទ្ធរបស់ខ្ញុំ វាក៏មិនអាចនឹងនៅជាមួយខ្ញុំបានយូរនោះដែរ។
មិនថារបស់ ឬមនុស្សខ្លះនោះទេ វាចូលមកក្នុងជីវិតយើងបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ជួនកាល វាគ្រាន់តែចៃដន្យដើរចូលមកក្នុងជីវិតយើង ក្នុងមួយពេលដំបូង គឺវាមានវត្តមានត្រឹមតែក្នុងចិត្ត និងបេះដូងយើង តែមិនអាចនៅជាមួយយើងពេញមួយជីវិតបាននោះឡើយ នេះហើយជាដំណើរនៃការវិវត្តន៍ មិនអាចនៅគង់វង្ស ឋិតថេររហូតនោះឡើយ។
របស់ខ្លះ ឬមនុស្សខ្លះ បើវាមិនមែនជាកម្មសិទ្ធរបស់យើងហើយនោះ ទោះយើងប្រឹងដណ្ដើម ឬបានមករក្សាទុក ឱបក្រសោបក្នុងដៃយ៉ាងណាក៏ដោយ ក៏គង់តែដល់ពេលមួយ វានឹងបាត់បង់ទៅវិញ ដល់ពេលវាក៏នឹងចាកចេញពីយើងទៅដដែល ចុងក្រោយយើងក៏សល់បានត្រឹមការនឹកនា សោកស្ដាយនូវពេលវេលាដែលយើងធ្លាប់មានវាតែប៉ុណ្ណោះ។ ប៉ុន្តែ បើយើងចេះត្រៀមចិត្តទុកមុន ថានឹងបាត់បង់វានៅថ្ងៃណាមួយ បើយើងចេះធ្វើចិត្ត និងអាចទទួលយកការពិតបាន យើងក៏មិនចាំបាច់ត្រូវឈឺចាប់ និងខូចចិត្ត នៅពេលដែលបាត់បង់វានោះដែរ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ