មនុស្សគ្រប់រូបសុទ្ធតែមានគូជីវិត គ្រាន់តែអ្នកខ្លះបានជួបគូឆាប់រហ័ស ចំណែកអ្នកខ្លះទៀត អាយុ ៣០ឆ្នាំក្រាស់អី ទើបបានជួបគូជីវិតពិតប្រាកដ តែយ៉ាងណា មនុស្សស្រីមួយចំនួន ការដែលអាយុច្រើន នៅមិនទាន់មានប្ដី មានគូដូចគេ ក៏ព្រោះតែមានចំណុចទាំងនេះ ទើបមិនងាយរៀបការ ៖
១. ខ្វល់តែរឿងការងារ រកលុយ ៖ មនុស្សស្រីសម័យនេះ នាងផ្ដោតតែរឿងការងារ ការរកស៊ី ពឹងលើសមត្ថភាពខ្លួនឯង ទើបនាងមិនសូវខ្វល់ដល់រឿងស្នេហានោះឡើយ ដូច្នេះហើយ នាងក៏មិនគិតគូររឿងយកប្ដី រៀបការអីនោះដែរ ធ្វើយ៉ាងណា ឱ្យតែនាងអាចរកលុយបានច្រើន មានមុខរបរល្អ មានលុយ មានឡាន មានផ្ទះជារបស់ខ្លួនឯងសិន។
២. បញ្ហាគ្រួសារ ៖ មនុស្សស្រីដែលធ្វើជាម្ដាយផង ឪពុកផង គ្រប់គ្រង រ៉ាប់រង មើលថែគ្រួសារទាំងមូល នាងប្រាកដជាមិនចង់រៀបការចេញពីគ្រួសារទេ ព្រោះបើនាងរៀបការទៅ តើបានអ្នកណាផ្គត់ផ្គង់គ្រួសារនាង បើរៀបការប៉ះប្ដីចិត្តមិនបាន តើគ្រួសារ ឪពុកម្ដាយបងប្អូនតូចៗរបស់នាងរំពឹងអី ហេតុនេះហើយ ទើបនាងសុខចិត្តលះបង់កាយចិត្ត គ្រប់បែបយ៉ាងដើម្បីគ្រួសារ ទោះត្រូវគេហៅថាក្រមុំចាស់ ក៏នាងមិនខ្វល់ដែរ។
៣. មនុស្សស្រីបេះដូងដែក ៖ អ្នកណាចូលមកក៏មិនត្រូវចិត្តនាងដែរ អាចនិយាយបានថា នាងដូចគ្មាននិស្ស័យ គ្មានចំណង់ក្នុងរឿងស្នេហាក៏ថាបាន។ ម្យ៉ាងទៀត នាងអាចនឹងគិតថា មនុស្សប្រុសដែលចូលមកក្នុងជីវិតនាង មួយណាក៏ដូចមួយណាដែរ គឺមិនល្អទាំងអស់ ម្ល៉ោះហើយ នាងរស់នៅម្នាក់ឯងវិញល្អជាង កុំឱ្យជាប់កម្មពៀរជាមួយអ្នកណា។
៤. គំនិតចាស់កម្រិលជ្រុល ៖ ប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ច្រើនហួសហេតុ មិនចេះបើកចិត្តឱ្យទូលាយ និងអាចនិយាយបានថា ជាប្រភេទមនុស្សប្រកាន់ និងតឹងតែងជ្រុលពេក ចំណុចនេះហើយ ដែលធ្វើឱ្យអ្នកណាៗក៏មិនចង់យកនាងធ្វើជាប្រពន្ធដែរ បើយកនាងធ្វើជាប្រពន្ធ អាចនិយាយបានថា យកទ្រុងដាក់ខ្លួនឯងអ៊ីចឹង ពិបាករស់នៅជាង រស់នៅជាមួយឪពុកម្ដាយយើងទៀត៕
អត្ថបទ ៖ ភី អេក | ក្នុងស្រុករក្សាសិទ្ធ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក