ទំនាក់ទំនងខ្លះ អាចបាន ១ឆ្នាំ ២ឆ្នាំ ៥ឆ្នាំ ឬអាចយូរជាងនេះ តែក៏នៅតែបែកគ្នាដដែល បើដល់ពេលមួយដែលយើងទាំងពីរមានអារម្មណ៍ថា យើងមិនអាចបន្តទៅមុខទៀត ឬអាចក្លាយជាប្ដីប្រពន្ធមួយជីវិត ទាំងនេះ វាអាស្រ័យលើ ចិត្តគំនិត និងការប្រើពេលវេលាដែលយើងមានរួមគ្នា។
ទាក់ទងគ្នាយូរឆ្នាំហើយ មកបែកគ្នាក្នុងពេលនេះ សួរថា ស្ដាយអត់? ប្រាកដណាស់គឺ ស្ដាយ តែបើយើងមិនព្រមបែក នៅតែចចេសចង់បន្ត ទាំងដែលយើងអស់ចិត្តរៀងៗខ្លួនហើយនោះ តទៅថ្ងៃមុខ យើងប្រាកដជារឹតតែស្ដាយជាងហ្នឹង គឺស្ដាយ មិនគួរចំណាយពេលបន្ត ទាំងដែលយើងដឹងច្បាស់ថា មិនអាចស្រោចស្រង់។ ជារឿងធម្មតាទេ មានជួបតែងតែមានបែក គ្រាន់តែទំនាក់ទំនងខ្លះ វាមិនទាន់ដល់ពេលបែក ហើយទំនាក់ទំនងខ្លះក៏មានការបែកផ្សេងៗគ្នាតែប៉ុណ្ណោះ។
ការបែក មិនមែនសុទ្ធតែអាក្រក់នោះឡើយ យ៉ាងហោចណាស់ក៏ ៖
- កន្លងមក យើងមានអារម្មណ៍ល្អៗច្រើនជាមួយគ្នា យើងទទួលបានអារម្មណ៍កក់ក្ដៅ និងពេលវេលាដ៏មានតម្លៃបំផុតជាមួយគ្នា។
- យើងមិនអាចក្លាយជាគូជីវិត ឬជាប្ដីប្រពន្ធ តែយ៉ាងហោចណាស់ក៏យើងអាចធ្វើជា បងប្អូន ឬមិត្តស្និទ្ធស្នាលបំផុតក៏បានដែរ។
- បើយើងមិនអាចជាគូហើយ យើងគួរតែបែក ដើម្បីអាចមានឱកាសបានជួបគូជីវិតពិតប្រាកដរៀងៗខ្លួន វាជារឿងដែលល្អណាស់ ដែលយើងអាចទទួលយកការពិតបែបនេះ។
- ទោះយ៉ាងណា ក៏យើងបានឆ្លងកាត់រឿងរ៉ាវជាច្រើនមកជាមួយគ្នា អាចនិយាយបានថា យើងធ្លាប់មានគ្នា និងមនុស្សយល់ចិត្តបំផុតដែរ ដែលអ្នកខ្លះ មិនដែលនឹងទទួលបានឱកាសនេះដូចយើងផង។
មកដល់ពេលបែកមួយនេះ ខ្ញុំអត់មានអារម្មណ៍ស្ដាយទេ តែផ្ទុយទៅវិញគឺខ្ញុំសុំអរគុណ សម្រាប់ការចូលមកក្នុងជីវិតខ្ញុំ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អរគុណ សម្រាប់គ្រប់បែបយ៉ាង វាជាអនុស្សា និងការចងចាំដ៏មានន័យសម្រាប់ខ្ញុំពេញមួយជីវិត៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ