ភ្នំពេញ ៖ ដោយសារតែវីរុស Covid-19 ជាវីរុសរាតត្បាតសកលដែលមិនមានប្រទេសណាមួយចៀសផុតនោះ សូម្បីតែប្រទេសកម្ពុជាយើងក៏មានករណីអ្នកឆ្លងវីរុសនេះជាច្រើននាក់កន្លងមកនេះដែរ។
ដោយកិច្ចសហការជួយទប់ស្កាត់វីរុសនេះ ប្រទេសកម្ពុជាទទួលបានជំនួយជាបន្តបន្ទាប់ពីក្រៅប្រទេសទាំងសាច់ប្រាក់ និងសំផារៈបរិក្ខាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នេះ សូម្បីតែថ្នាក់ដឹកនាំ មន្ត្រី និងប្រជាជនខ្មែរជាច្រើននាក់ក៏បានរួមគ្នាបរិច្ចាកថវិកាជាបន្តបន្ទាប់ដើម្បីប្រឆាំងវីរុសនេះទៀតផង។
អ្វីដែលពិសេស ថ្មីៗនេះរដ្ឋាពិបាលសហរដ្ឋអាមេរិច ក៏បានចេញមុខផ្តល់ជំនួយដល់ប្រទេសកម្ពុជាយើងផងដែរ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ BTV Cambodia ដោយបានបង្ហោះនាមុននេះបន្តិចថា៖ « រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា សរុបជាថវិកាប្រមាណ ៣.៥៤៦.៨០០ដុល្លារ ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩។ ពិធីទទួលនេះ ធ្វើឡើងនារសៀលថ្ងៃទី២៧ មេសា ២០២០ នេះ ក្រោមវត្តមានឯកឧត្ដម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម Patrick W.Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា » ៕
ប្រភពរូបភាព៖ BTV Cambodia