មនុស្សម្នាក់សុទ្ធតែធ្លាប់មានអតីតកាលបែកបាក់ស្នេហា មិនថាបែកព្រោះគេបោះបង់ ឬបោះបង់គេទេ តែវាជាអតីតកាល សំខាន់បច្ចុប្បន្ន អ្នកណាយើងស្រឡាញ់ពិតប្រាកដ ចង់មានអនាគតជាមួយគ្នា ចង់សាងគ្រួសារមួយពិតប្រាកដនឹងគ្នា។
អតីតកាលវាជាអតីតកាល ទោះយើងប្រកាន់នឹងអតីតកាលគេយ៉ាងណា ក៏មិនអាចទៅកែប្រែរឿងរ៉ាវកាលពីអតីតរបស់គេបានដែរ តែអ្វីដែលសំខាន់គឺ បច្ចុប្បន្នរបស់គេ គេធ្វើខ្លួនបែបណា គេកែប្រែបែបណា។ កុំទៅខ្វល់ថា កាលពីមុនគេធ្លាប់ទាក់ទងអ្នកណា ស្រឡាញ់អ្នកណាខ្លះ សំខាន់ពេលនេះ គេបានជ្រើសយកយើង ឱ្យតែគេប្រាកដប្រជា ស្រឡាញ់យើងស្មោះ នោះគេគឺជាមនុស្សដែលយើងគួរផ្ញើវាសនាជាមួយហើយ។
ជួនកាល ការដែលគេបែកបាក់ជាមួយអ្នកចាស់ វាក៏ព្រោះតែគេមិនមែនជាគូនឹងគ្នា ហើយបើគេមិនបែកគ្នាទេ គេក៏មិនបានមកជួប និងស្រឡាញ់យើងដែរ។ បើគេបែកគ្នាហើយ យើងក៏គួរតែអាចចាប់ផ្ដើមជាមួយគេបាន បើមានចិត្តឱ្យគ្នាមែន កុំយកអតីតរបស់គេមកពាក់ព័ន្ធនឹងបច្ចុប្បន្នអី ព្រោះមនុស្សកាលពីមុន និងពេលនេះ រមែងប្រែប្រួល ផ្លាស់ប្ដូរ មិនដូចមុនឡើយ។ ឱ្យតែបច្ចុប្បន្ននេះគេកែខ្លួនល្អ គ្មានអ្វីដែលត្រូវខ្វល់ទេ សំខាន់យើងមិនបានទៅបំបែកបំបាក់គេ យើងមិនមែនជាជនទីបីក្នុងរឿងស្នេហារបស់នរណាម្នាក់ទេ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ