មណ្ឌលគិរី៖ បើនិយាយពីខេត្តដែលសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើននោះ ខេត្តមណ្ឌលគិរី ត្រូវបានគេដឹងថាជាខេត្តតេសចរណ៍បែបធម្មជាតិ ដែលមានធនធានជាច្រើនសុទ្ធតែពោរពេញទៅដោយទេសភាពស្រស់ស្អាតខ្លាំងជាមួយបរិយាកាសស្រស់ស្រាយ។
នៅក្នុងនោះ ភ្នំថ្មមួយកន្លែងគឺ ភ្នំ « ណាំលៀ » គឺជាភ្នំដ៏ល្បីល្បាញសម្បូរទៅដោយអ្នកទេសចរណ៍បែបផ្សងព្រេងទៅកម្សាន្ត ជាមួយបរិយាកាសប្លែកស្ទើរស្មានមិនដល់ ដោយភ្នំនេះជាភ្នំថ្មត្រងិល រលោងស្រិល តែពេលឡើងទៅដល់នឹងប្រទះដោយទេសភាពជុំវិញដោយព្រៃភ្នំខៀវស្រងាត់បរិកាសបរិសុទ្ធខ្លាំង រំសាយអស់ទុក្ខកង្វល់។
គួរឱ្យដឹងផងដែរថា ភ្នំណាំលៀ មានកំពស់ប្រមាណ ១,០៦៦ ម៉ែត្រ ដែលមានទីតាំងនៅភូមិប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ស្ថិតនៅចម្ងាយប៉ុន្មានជាង ២០គីឡូម៉ែត្រ ពីទឹកជ្រោះប៊ូស្រា និង ៥០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី។ ដោយការឡើងទៅដល់ពិតជាសភាពលំបាក និងចោទខ្លាំងណាស់ រាល់ពេលឡើងត្រូវប្រុងប្រយ័ត្ន ជាពិសេសកុំភ្លេចរេីសថ្មពីក្រោមម្នាក់មួយដុំយកទៅដាក់បន្តុបលេីកំពូលភ្នំផងដេីម្បីបញ្ជាក់ថាយេីងបានទៅដល់កំពូលភ្នំហេីយ។
ពិសេសទៅនោះ ទៅតាមជំនឿអ្នកស្រុកភូមិ និងជនជាតិភាគតិច បានឱ្យដឹងថាត្រូវតែប្រយ័ត្នកុំឱ្យខុសមាត់ ខុស-ក និយាយផ្តេសផ្តាសឱ្យសោះរាល់ពេលឡើងភ្នំមួយនេះ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Sara Vuth