ចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង គឺចំមហាសង្រ្កាន្ត ឆ្នាំជូត ទោស័ក ចុល្លសករាជ ១៣៨២ មហាសករាជ ១៩៤២ពុទ្ធសករាជ ២៥៦៤ គ្រិស្តសករាជ ២០២០ ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តាកន្លងទៅហើយបាន ២៥៦៣ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ ថ្ងៃ១រោច ខែពិសាខ ឆ្នាំជូត ទោស័កតទៅចូលពុទ្ធសករាជ ២៥៦៤។
សង្ក្រាននឹងចូលមកដល់នៅវេលាម៉ោង២០:៤៨នាទីយប់ ថ្ងៃចន្ទ័ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០។ ពេលនោះព្រះអាទិត្យចរចេញពីមីនរាសី ទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អាភរណៈទ្រង់ពាក់កែវមុក្តា ភក្សាហារទ្រង់សោយតេលំ ទ្រង់អាវុធព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់យដ្ឋិ គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃ ជាពាហនៈ។
នៅក្នុងនោះតើកូនខ្មែរដឹងទេថា តើបុត្រីកបិលមហាព្រហ្ម ដែលជាទេវតាយោងចុះមកថែរក្សាដែនដីកម្ពុជរដ្ឋទាំង ៧ អង្គសុទ្ធតែស្លៀកឈុតពណ៌ខុសៗគ្នាទៅតាមតម្រាសង្ក្រានពោលខុសពីពណ៌ប្រចាំថ្ងៃ ថែមទាំងសៀតផ្កាខុសគ្នាដែលផ្កាខ្លះយើងប្រហែលជាមិនធ្លាប់ស្គាល់ផងដែរ។
តោះថ្ងៃនេះមកស្គាល់ពណ៌សង្ក្រាន និងបុប្ផជាតិទាំង ៧ របស់ទេពធីតាទាំងអស់គ្នាខាងក្រោម ៖
# ក្រុមបុប្ផជាតិទាំងប្រាំពីរដែលទេវធីតាសង្ក្រាន្តទ្រង់សៀតស៊កលម្អនូវព្រះកាណ៌ រួមមាន៖
*ថ្ងៃអាទិត្យ ទេព្តាព្រះនាម ទុង្សាទេវី សៀតផ្កាទទឹម
*ថ្ងៃចន្ទ ទេព្តាព្រះនាម គោរាគទេវី សៀតផ្កាអង្គាបុស្ប
*ថ្ងៃអង្គារ៍ ទេព្តាព្រះនាម រាក្យសាទេវី សៀតផ្កាបទុម (ផ្កាឈូក)
*ថ្ងៃពុធ ទេព្តាព្រះនាម មណ្ឌាទេវី សៀតផ្កាចម្ប៉ា
*ថ្ងៃព្រហស្បត្តិ៍ ទេព្តាព្រះនាម កិរិណីទេវី សៀតផ្កាមន្ទារ ឬ មន្ទារវបុស្ប ឬ មន្ទារបុស្ប ខ្មែរច្រើនហៅថាមន្ថាតាមសំនៀងសៀម (កម្រឃេីញណាស់ តែរូបរាង្គវាដូចផ្កាយីហ៊ុប ទាស់តែយីហ៊ុបពណ៌ស ហេីយតូចជាងបន្តិច)
*ថ្ងៃសុក្រ ទេព្តាព្រះនាម កិមិរាទេវី សៀតផ្កាចង្កុលណី (វារិជជាតិជំពូកព្រលិត លំចង់)
*ថ្ងៃសៅរ៍ ទេព្តាព្រះនាម មហោទរាទេវី សៀតផ្កាត្រកៀត (វារិជជាតិជំពូកកំប្លោក)
# ពណ៌នៅក្នុងតម្រាមហាសង្ក្រានខុសគ្នានឹងពណ៌ប្រចាំថ្ងៃ
ជាក់ស្តែងពណ៌ទាំងប្រាំពីរនៅក្នុងតម្រាមហាសង្ក្រាន្តមិនសុទ្ធតែដូចទៅនឹងពណ៌តំណាងអោយថ្ងៃទាំងប្រាំពីរឡេីយជាក់ស្តែងគឺថ្ងៃអង្គារ៍ ថ្ងៃសុក្រ និងថ្ងៃសៅរ៍។ សូមមេីលលក្ខណ:ខុសគ្នាដូចខាងក្រោម៖
១. ថ្ងៃអាទិត្យ៖ បុត្រីទី១ នាមករ ទុង្សាទេវី ដែលមានយានជំនិះជាសុបណ្ណរាជ (ស្តេចគ្រុឌ)
-អម្ពរពស្ត្រាពណ៌ក្រហម (ដូចពណ៌ប្រចាំថ្ងៃដែរ)
-លម្អព្រះកាណ៌ដោយសៀតផ្កាទទឹម
-អាភរណ: ត្បូងបទុមរាគ
២.ថ្ងៃចន្ទ៖ បុត្រីទី២ នាមករ គោរាគទេវី ដែលមានយានជំនិះជាព្យគ្ឃ: (ខ្លាធំ)
- អម្ពរពស្ត្រាពណ៌លឿង (ដូចពណ៌ប្រចាំថ្ងៃ)
-លម្អព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប
-អាភរណ: កែវមុក្តា
៣.ថ្ងៃអង្គារ៍៖ បុត្រីទីបី នាមករ រាក្យសាទេវី មានយានជំនិះជាអស្សតរ (សេះ) ឬ សុករ: (ជ្រូក)
-អម្ពរពស្រ្តាពណ៌ខ្មៅ (ពណ៌ប្រចាំថ្ងៃគឺពណ៌ស្វាយ)
-លម្អព្រះកាណ៌ដោយសៀតផ្កាបទុម
-អាភរណ: កែវមោរ៉ា
៤. ថ្ងៃពុធ៖ បុត្រីទីបួន នាមករ មណ្ឌាទេវី មានយានជំនិះជាគទ្រភ (លា)
-អម្ពពស្ត្រាពណ៌អន
-លម្អព្រះកាណ៌ដោយសៀតផ្កាចម្ប៉ា
-អាភរណ: កែវពិទូរ្យ
៥. ថ្ងៃព្រហស្បតិ៍៖ បុត្រីទីប្រាំ នាមករ កិរិណីទេវី ដែលមានយានជំនិះជាគជសារ (ដំរី)
-អម្ពពស្ត្រាពណ៌បៃតង (ពណ៌ថ្ងៃក៏បៃតង)
-លម្អព្រះកាណ៌ដោយសៀតផ្កាមន្ទារវបុស្ប
-អាភរណ: ត្បូងមរកត
៦. ថ្ងៃសុក្រ៖ បុត្រីទីប្រាំមួយ នាមករ កិមិរាទេវី មានយានជំនិះជាមហិសារាជ (ស្តេចក្របី)
-អម្ពពស្ត្រាក្នុងតម្រាសង្ក្រានគឺពណ៌សេត ឬពណ៌ស (ពណ៌ប្រចាំថ្ងៃ គឺពណ៌ខៀវ)
-លម្អព្រះកាណ៌ដោយសៀតផ្កាចង្កុលណី
-អាភរណ: កែវបុស្សរាគ័ម
៧. ថ្ងៃសៅរ៍៖ បុត្រីទីប្រាំពីរ នាមករ មហោទរាទេវី មានយានជំនិះជាមយូរ (ក្ងោក)
-អម្ពរពស្ត្រា ក្នុងតម្រាសង្ក្រានគឺពណ៌ខៀវ (ពណ៌ប្រចាំថ្ងៃគឺពណ៌ព្រីងទុំ)
-លម្អព្រះកាណ៌ដោយសៀតផ្កាត្រកៀត
-អាភរណ: កែវនិលរ័តន៍
រៀបរៀង៖ Aali Noor
គំនូរក្រាហ្វិកដោយវិចិត្រករ៖ ថៃ សាន & Udom Phlong Art (Adviser)