ចិន៖ ក្រុងវូហានដែលជាកន្លែងផ្ទុះឡើងដំបូងនៃជំងឺកូវីដ១៩ ត្រូវបានបើកឲ្យចេញចូលបានវិញហើយ ចាប់តាំងពីម៉ោង១២អាធ្រាតថ្ងៃអង្គារទី០៧ ឈានចូលថ្ងៃពុធទី០៨ខែមេសានេះ។ ការសម្រេចបើកទីក្រុងវូហាននេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីចិនគ្មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងជាលើកដំបូង នៅថ្ងៃអង្គារទី០៧មេសា។
បន្ទាប់ពីត្រូវបិទដោយសារជំងឺកូវីដ១៩អស់រយៈពេល៧៦ថ្ងៃ ទីក្រុងវូហានក៏ត្រូវបានបើកឲ្យធ្វើដំណើរចេញចូលជាប្រក្រតីឡើងវិញ។ ចាប់តាំងពីយប់ថ្ងៃអង្គារឆ្លងចូលថ្ងៃពុធ ទី០៨មេសា ប្រជាជនដែលត្រូវជាប់នៅទីក្រុងវូហាន និងដែលមានសុខភាពល្អ អាចធ្វើដំណើរចេញចូលពីទីក្រុងនេះដូចធម្មតាវិញ។ អាជ្ញាធរទីក្រុងវូហានឲ្យដឹងថា មានប្រជាជនប្រមាណ៥ម៉ឺន៥ពាន់នាក់ នឹងធ្វើដំណើរចេញពីទីក្រុងវូហាននៅថ្ងៃពុធនេះ។ ចំនួននេះគឺសម្រាប់តែអ្នកធ្វើដំណើរតាមរថភ្លើងប៉ុណ្ណោះ ដោយមិនទាន់រាប់បញ្ចូលអ្នកធ្វើដំណើរតាមយន្តហោះ និងតាមរថយន្តឡើយ។
ជាការកត់សម្គាល់ ក្រុងវូហានបើកឲ្យចេញចូលវិញពិតមែន ប៉ុន្តែការរឹតត្បិតមួយចំនួននៅតែបន្តមានសុពលភាពដដែល ហើយអាជ្ញាធរនៃទីក្រុងនេះបានព្រមានពីលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ឡើងវិញនាពេលអនាគត។
សូមរំឭកផងដែរថា ទីក្រុងវូហានដែលមានប្រជាជន១១លាននាក់ គឺជាទីដែលវីរុសកូរ៉ូណាផ្ទុះឡើងដំបូងបង្អស់។ ករណីដំបូងនៃជំងឺនេះ ត្រូវគេរកឃើញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ហើយអ្នកជំងឺគឺសុទ្ធតែមានប្រវត្តិធ្វើដំណើរទៅកាន់ផ្សារលក់សាច់ស្រស់មួយកន្លែងក្នុងទីក្រុងវូហាន។ រដ្ឋអំណាចចិនបានសម្រេចបិទទីក្រុងវូហាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ប៉ុន្តែចំណាត់ការនេះពុំអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩បានឡើយ។
នៅប្រទេសចិន រហូតមកទល់ពេលនេះជំងឺកូវីដ១៩ បានឆ្លងរាលដាលទៅកាន់មនុស្សជាង៨ម៉ឺននាក់ និងសម្លាប់មនុស្សអស់ចំនួន ៣៣៣១ នាក់នៅក្នុងប្រទេសចិន៕