ដោយសារតែវីរុស Covid-19 ធ្វើឱ្យពិភពលោកមានការព្រួយបារម្ភតាមរយៈការឆ្លងរាលដាលយ៉ាងឆាប់រហ័សទូទាំងពិភពលោក សូម្បីតែប្រទេសកម្ពុជាក៏កំពុងតែមានករណិអ្នកផ្ទុកវីរុសនេះជាបន្តបន្ទាប់ផងដែរ ដូច្នេះមានការផ្សព្វផ្សាយជាច្រើនដើម្បីឱ្យប្រជាពលរដ្ឋខ្មែរចេះបង្ការការពារខ្លួនពីការឆ្លងវីរុសនេះ។
ពិតជាគួរឱ្យសរសើរ ពេលនេះអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានចេញយុទ្ធនាការមុនគេបង្អស់ ដោយការបើកវគ្គអប់រំផ្សព្វផ្សាយដោយផ្ទាល់ផង ជាពិសេសក៏មានក្រុមការងារចុះដាក់មេក្រូចល័តចំនួន១៥ និងមេក្រូអចល័តនៅតាមភូមិចំនួន៣៦ទៀត នាំយកសារអប់រំផ្សព្វផ្សាយជាងមួយនាទីនេះទៅដល់គ្រប់ទីច្រកល្ហកនៅក្នុងភូមិទាំង៣៦នៃស្រុកបន្ទាយស្រីអប់រំប្រជាពលរដ្ឋក្នងមូលដ្ឋានឱ្យបានយល់ដឹង។
តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ - Khim Finan បានរៀបរាប់ថា៖ « យុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីរបៀបឆ្លងនិងវិធីបង្ការការពារខ្លួនពីជំងឺកូវីដ-១៩ តាមរយៈឧគ្ឃោសនស័ព្ទចល័ត(មេក្រូ) និងការចុះត្រួតពិនិត្យសុខភាពរកមុខសញ្ញាក្នុងចំណោមក្រុមប្រជាពលរដ្ឋដែលមានហានីភ័យខ្ពស់
ឥឡូវនេះបានទៅដល់គ្រប់ភូមិទាំង៣៦នៅក្នុងស្រុកបន្ទាយស្រីទាំងមូលរួចរាល់អស់ហើយ។
រដ្ឋបាលស្រុកក៏បានបញ្ចូលសារស្តីពីការណែនាំអោយរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ចំពោះបងប្អូនពលករចំណាកស្រុកដែលទើបតែត្រលប់មកពីក្រៅប្រទេសផងដែរ ព្រមទាំងបន្តផ្សព្វផ្សាយតាមរយៈសំលេងនិងការចែកខិតប័ណ្ណ រហូតទាល់តែមានការជ្រួតជ្រាបក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងស្រុក។
ក្រុមការងារពិសេសចំនួន៣៦ក្រុមត្រូវបានបង្កើតឡើង ដែលមានសមាសភាពចូលរួមពីសំណាក់មេភូមិ មន្ត្រីមណ្ឌលសុខភាព នគរបាលបុស្តិ៍ សមាជិកក្រុមប្រឹក្សាឃុំ និងអ្នកស្ម័គ្រចិត្ត ដើម្បីតាមដាន ត្រួតពិនិត្យរកមុខសញ្ញាដែលមានហានីភ័យ ធ្វើរបាយការណ៍ជាប្រចាំថ្ងៃ និងផ្តល់ជាមូលដ្ឋានដល់ថ្នាក់ដឹកនាំស្រុកធ្វើការវាយតម្លៃសភាពការណ៍និងសម្រេចចិត្តទាន់ពេលវេលា។
បញ្ជាក់៖ ដើម្បីបានជាប្រយោជន៍ទៅដល់ការប្រើប្រាស់រួម និងផ្សព្វផ្សាយជាសាធារណៈបានទូលំទូលាយ ក្រុមការងារបានបង្កើតសារជាសំលេងនេះជា២ប្រភេទ មួយសម្រាប់ផ្សព្វផ្សាយនៅក្នុងស្រុកបន្ទាយស្រី និងមួយទៀតអាចយកទៅផ្សព្វផ្សាយជាទូទៅបាន។ សារជាសំលេងរយៈពេលជាងមួយនាទីនេះ អាច Download បានតាមរយៈ Link ខាងក្រោម៖
***សារអប់រំពីជំងឺកូវីដ១៩(ទូទៅ)***
https://drive.google.com/open…
***សារអប់រំពីជំងឺកូវីដ១៩(ស្រុកបន្ទាយស្រី)***
https://drive.google.com/open… »។
ការផ្សព្វផ្សាយបែបទូលំទូលាយបែបនេះ ពិតជាទង្វើគួរតែយកតម្រាប់តាម និងគួរតែធ្វើការផ្សព្វផ្សាយអប់រំឱ្យបានបែបនេះទូទាំងខេត្តស្រុក និងភូមិឃុំ។
សូមទស្សនាវីដេអូខាងក្រោមនេះ ៖