អង្គការលោក Mark Zuckerberg និងលោក Bill Gates កំពុងជួយដល់អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៅកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃវីរុសកូវីដ ១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Inside ដែលបានដកស្រង់សម្ដីរបស់លោក Mark Zuckerberg នាយកប្រតិបត្តិហ្វេសប៊ុក (NASDAQ: FB) កាលពីថ្ងៃពុធ។
នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកលោក Mark Zuckerberg បាននិយាយថា អង្គការសប្បុរសធម៌របស់គាត់គឺ Chan Zuckerberg Initiative បានជួយដល់ការស្រាវជ្រាវមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រភេទថ្មីនេះដោយមានភាពជាដៃគូជាមួយមូលនិធិរបស់លោក Bill Gates ដែលអង្គការរបស់លោកគឺ Bill Gates Foundation។
នៅក្នុងការបង្ហោះតាមហ្វេសប៊ុកមួយដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារលោក Zuckerberg បានរៀបរាប់លម្អិតអំពីវិធានការដែលក្រុមហ៊ុនហ្វេសប៊ុកកំពុងចាត់វិធានការ ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា (coronavirus) ដូចជាការផ្តល់កន្លែងផ្សាយពាណិជ្ជកម្មឥតគិតថ្លៃដល់អង្គការសុខភាពពិភពលោក (WHO) និងការតាមដានមើលព័ត៌មានមិនពិតទាក់ទងនឹងវីរុសកូវីដ ១៩។
នាយកប្រតិបត្តិហ្វេសប៊ុកក៏បានបន្ថែមទៀតថា៖ «តាមរយៈភាពជាដៃគូរវាងមូលនិធិសប្បុរសធម៌របស់យើង និងមូលនិធិរបស់លោក Bill Gates នឹងធ្វើឲ្យអ្នកស្រាវជ្រាវនៅកម្ពុជាអាចមានលទ្ធភាពតម្រង់ហ្ស៊ែនពេញលេញនៃវីរុសដែលបង្កឲ្យកើតមានជំងឺកូវីដ ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ វានឹងធ្វើឲ្យមានភាពកាន់តែងាយស្រួល និងលឿនសម្រាប់ពួកគេ ដើម្បីកំណត់ភាពច្បាស់លាស់ ប្រសិនបើពលរដ្ឋមានផ្ទុកមេរោគនេះ»។
លោក Zuckerberg បានសរសេរថា៖ «ក្រុមនេះបានបង្កើតឧបករណ៍សាធារណៈថ្មីមួយឈ្មោះ IDSeq ដូច្នេះអ្នកវិទ្យាសាស្ត្រនៅគ្រប់ទីកន្លែងអាចសិក្សាពីហ្ស៊ែនពេញលេញនៅក្នុងបរិបទទូលំទូលាយនៃជំងឺឆ្លងកូវីដ ១៩ ដែលត្រូវបានផ្ទុកនៅជុំវិញពិភពលោក» ។
ឧបករណ៍ IDSeq គឺជាឧបករណ៍ស្វែងរកមេរោគបង្ករោគរាតត្បាតដែលត្រូវបានបង្ហាញជាលើកដំបូងក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រី Chan Zuckerberg នៅឆ្នាំ ២០១៨ ក្នុងភាពជាដៃគូជាមួយមូលនិធិ Bill Gates។
យោងតាមអត្ថបទរបស់ Business Inside ការបន្តហ្ស៊ែនសម្រាប់វីរុសកូរ៉ូណាថ្មី អនុញ្ញាតឲ្យអ្នកស្រាវជ្រាវសិក្សាពីដើមកំណើតរបស់វា តើជំងឺអ្វីផ្សេងទៀត ដែលទាក់ទងនឹងវា និងរបៀបដែលវាអាចត្រូវបានបញ្ឈប់។ អ្នកស្រាវជ្រាវកម្ពុជាដែលបានលើកឡើងនៅក្នុងអត្ថបទរបស់លោក Zuckerberg គឺមានគំនិតមិនងាកឆ្ងាយពីអ្នកវិទ្យាសាស្ត្រនោះទេដោយបានផ្ដោតសំខាន់ទៅលើការងារតែ ១ គត់នៅក្នុងការស្រាវជ្រាវតម្រង់ទៅរកហ្ស៊ែនកូវីដ ១៩ ចាប់តាំងពីលំដាប់ទី ១ ត្រូវបានផលិតដោយអ្នកស្រាវជ្រាវចិននៅថ្ងៃទី ១០ ខែមករា។
យោងតាមលោក Zuckerberg ក្រុមហ៊ុនហ្វេសប៊ុកកំពុងផ្គត់ផ្គង់ទិន្នន័យសម្រាប់ក្រុមអ្នកស្រាវជ្រាវដែលមានជំងឺឆ្លង។ «អ្នកស្រាវជ្រាវកំពុងប្រើប្រាស់ទិន្នន័យហ្វេសប៊ុកដែលប្រមូលបានពីប្រភពផ្សេងៗ និងរួមទាំងប្រភពអនាមិក ព្រមទាំងទិន្នន័យអំពីភាពចល័ត និងផែនទីដង់ស៊ីតេប្រជាជនដើម្បីយល់កាន់តែច្បាស់ពីរបៀបដែលមេរោគកំពុងរីករាលដាល»៕