ដូចយើងបានដឹងហើយថា វីរុស Covid-19 គឺជាវីរុសដែលមានការរាតត្បាតខ្លាំងទូទាំងពិភពលោកដែលផ្តើមផ្ទុះចេញពីទីក្រុងវ៉ូហាន ប្រទេសចិន រួមទាំងប្រទេសក្នុងតំបន់អាស៊ី ថែមទាំងបានឈានចូលទៅប្រទេសជឿនលឿនជាច្រើនក្នុងទ្វីបអឺរ៉ុប និងអាមេរិច ដោយមិនអាចទប់ស្កាត់ទាន់ សូម្បីតែជនល្បីៗថ្នាក់ដឹកនាំប្រទេស និងតារាល្បីៗក៏គេចមិនផុតពីវីរុសនេះដែរ។
អ្វីដែលកាន់តែភ្ញាក់ផ្អើល យោងទៅតាមសារព័ត៌មាន Mirror ដែលទើបតែចេញផ្សាយថ្មីៗនេះបានឱ្យដឹងថា សូម្បីតែព្រះអង្គម្ចាស់ Albert មានព្រះជន្ម ៦២វស្សា នៃប្រទេសម៉ូណាកូ ក៏ត្រូវបានធ្វើតេស្ដរកឃើញលទ្ធផលវិជ្ជមាន Covid-19 នេះដែរ ដោយពេលនេះទ្រង់បានក្លាយទៅជារាជវង្សដំបូងគេដែលមានឆ្លងវីរុសមួយនេះ។
តាមរយៈសារព័ត៌មានបានឱ្យដឹងថា នៅក្នុងពេលនេះ ព្រះអង្គម្ចាស់ Albert បានកំពុងតែនៅដាច់ដោយឡែក ក្នុងអាផាតរបស់ទ្រង់ ហើយស្ថានភាពសុខភាពរបស់ព្រះអង្គមានសភាពល្អប្រក្រតី ដោយមិនមានអ្វីគួរឱ្យបារម្ភនោះទេ។
គួរឱ្យដឹងផងដែរថា ព្រះអង្គម្ចាស់ Albert ជាបុគ្គលជាន់ខ្ពស់ច្បាស់ថ្នាក់ដឹកនាំប្រទេសចុងក្រោយគេបង្អស់ដែលឆ្លងវីរុស Covid-19 នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រទេសកាណាដាលោក Justin Trudeau កំពុងតែត្រូវដាក់ឱ្យនៅដោយឡែកបន្ទាប់ពីភរិយារបស់លោកឆ្លងវីរុស Covid-19 មួយនេះ៕
ប្រភព៖ Mirror