ដូចដែលយើងបានដឹងហើយថា ពេលនេះ វីរុសកូវីដ ១៩ បានកំពុងតែធ្វើឱ្យពិភពលោកខ្លាចរអារ សូម្បីតែប្រទេសកម្ពុជាក៏មានការរាលដាលនៃវីរុសនេះផងដែរ តែភាគច្រើនករណីឆ្លងវីរុសនេះជាករណីឆ្លងពីក្រៅប្រទេសតែប៉ុណ្ណោះ បើគិតមកទល់យប់ថ្ងៃទៅ ១៨ ខែមីនា ឆ្នាំ ២០២០ មានចំនួន ៣៧ករណីហើយ។
ដោយហេតុដើម្បីការពារសុខភាព និងបង្ការការឆ្លងនៃវីរុសនេះនៅក្នុងការជួបជុំក្នុងចំណោមមនុស្សជាច្រើនជាពិសេសគឺការចូលរួមកម្មវិធីជប់លៀង ពិធីមង្គលការនោះ មួយរយៈនេះកម្មវិធីមង្គលការ និងជប់លៀងជាច្រើនត្រូវបានរំសាយ ដោយម្ចាស់កម្មវិធីក្រៅពីព្រួយបារម្ភនៃការឆ្លងវីរុសនេះហើយ គឺការខ្លាចខាតបង់លុយកាក់ក្នុងកម្មវិធីដោយគ្មានអ្នកចូលរួមផងដែរ។
ដូច្នេះហើយដើម្បីលើកទឹកចិត្តម្ចាស់កម្មវិធី និងម្ចាស់ដើមការទាំងអស់ នៅល្ងាចថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសអំពាវនាវមួយដល់ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យធ្វើការយោគយល់ដល់ម្ចាស់កម្មវិធីទាំងអស់ដែលស្ម័គ្រចិត្តរំសាយ ឬពន្យារពេលកម្មវិធីរបស់ខ្លួនដេីម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។
ដោយនៅក្នុងសេចក្តីប្រកាសនោះ គឺសុំឱ្យម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ កុំកាត់លុយ ឬទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធីដែលធ្វើការកក់ទុក និងចៀសវាងការយកឱកាសនេះកេងចំណេញពីប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ ១៩ ទាំងនៅភ្នំពេញ និងបណ្តាខេត្តនានា។
ការប្រកាសអំពាវនាវនេះ ត្រូវបានមហាជនជាច្រើនមានការសាទរ និងថ្លែងអំណរគុណជាខ្លាំងដល់ការយោគយល់មួយនេះ។
សូមអានសេចក្តីប្រកាសលម្អិត ខាងក្រោមនេះ ៖